លោក ហូរ វ៉ាន់ ពេញ​ចិត្ត​ធ្វើ​កម្មករ​ហាង​នំប៉័ង ក៏​មិន​ចុះចូល

លោក ហូរ វ៉ាន់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ផ្លូវការ​ថា បើ​ទ័ល​ច្រក លោក​ពេញចិត្ត​ស៊ី​ឈ្នួល​ធ្វើ​កម្មករ​ឲ្យ​ថៅកែ​ហាង​នំបុ័ង មិន​ចុះចូល​រួម​ដៃ​សហការ​ជាមួយ​បក្ស​ណា​ធ្វើ​បាប​រាស្ត្រ​ឡើយ។

បើ​ទោះបីជា​លោក ហូរ វ៉ាន់ មិន​និយាយ​ចំ​ឈ្មោះ​គណបក្ស​នយោបាយ​នោះ​ក្តី ក៏​ប៉ុន្តែ​អ្នក​តាមដាន​នយោបាយ​មួយ​ចំនួន បាន​លើក​ឡើង​ថា​លោក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ​រូប​នេះ ចង់​សំដៅ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា។

ការ​ប្រកាស​របស់​លោក ហូរ វ៉ា​ន់ ខាងលើ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ និយោជិត ជាង​៤​ពាន់​នាក់ នៅ​សាល​មហោស្រព​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី​២២ ខែតុលា​ម្សិលមិញ​ថា នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ​ក្រោម​ការ​ចោទប្រកាន់​ថា «​ប្រព្រឹត្តិ​អំពើ​ក្បត់ជាតិ​» មេឃុំ​-​ចៅសង្កាត់ មក​ពី​គណបក្សប្រឆាំង​មួយ​នេះ នៅ​តែ​រក្សា​តំណែង​ដដែល​ប្រសិនបើ ពួក​គេ​ព្រម​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​ហ៊ុន សែន បង្ហាញ​ជំនឿ​ចិត្ត​រហូត​ដល់​ជាង ៩៩​ភាគរយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​រំលាយ ហើយ​មិន​អាច​យក​សហគមន៍​អន្តរជាតិ​មក​ដាក់​សម្ពាធ​បាន​នោះ​ឡើយ។

ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប្រកាស​របស់​សម្ដេច​តេជោ ហ៊ុន សែន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង លោក ឡុង ប៊ុន្នី ក៏​បាន​ប្រកាស​ដាក់​លិខិត​ផ្ញើ​ជូន​សម្ដេច ហ៊ុន សែន ដោយ​សុំ​ចុះចូល​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា៕