គ្រាន់តែ​ឃើញ​ភ្លាម ព្រលឹង​ចេញ​ស៊ី​ព្រលឹត​អស់

ខេត្ត​ពោធិ៍សាត់៖ កាល​ពី​វេលា​ម៉ោង​៣​និង​៤៥នាទី​រសៀល ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ ព្រលឹង​បុរស​ម្នាក់​ចុះ​ស៊ី​ព្រលិត និង​ភិតភ័យ ស្លន់ស្លោ​យ៉ាង​ខ្លាំង ខណៈ​ខ្លួន​ជីក​ដី​សាងសង់​សំណង់​លំនៅឋាន ស្រាប់​តែ​ប្រទះ​ឃើញ​ក្បាល​គ្រាប់​ក្នុង​ទំហំ​ចម្រុះ​រហូត​ដល់​៣០​គ្រាប់ រួច​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចុះ​មក​ត្រួត​ពិនិត្យ​ជាក់​ស្តែង។ ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ករណី​នេះ មិន​បណ្ដាល​ឲ្យ​ផ្ទុះ ឬ​បង្ក​ឲ្យ​គ្រោះថ្នាក់​អ្វី​នោះ​ឡើយ។

បុរស​ដែល​បាន​ប្រទះ​ឃើញ​ក្បាល​គ្រាប់​នោះ​មាន​ឈ្មោះ អាំង ហូមា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់​នៅ​ភូមិ​លាច ឃុំ​លាច ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ចុះ​ពិនិត្យ​ជាក់​ស្តែង​ក្បាល​គ្រាប់​ខាងលើ​បាន​បញ្ជាក់​ថា ក្បាល​គ្រាប់​ទាំងនេះ​មាន​ក្បាល​គ្រាប់​ទំហំ​១០០​មិល្លីម៉ែត្រ​២​គ្រាប់, ក្បាល​គ្រាប់​ទំហំ M 67 ចំនួន​១​គ្រាប់, ក្បាល​គ្រាប់​ទំហំ​៨០​មិល្លីម៉ែត្រ​២គ្រាប់​, ក្បាល​គ្រាប់​ឡង់​៤​គ្រាប់, ក្បាល​គ្រាប់​ទំហំ​៦០​មិល្លីម៉ែត្រ​២​គ្រាប់, ក្បាល​គ្រាប់ B.៤០ ចំនួន​១​គ្រាប់ និង​ក្បាល​គ្រាប់​មិន​ស្គាល់​ម៉ាក​១៨​គ្រាប់​ទៀត។

បច្ចុប្បន្ន ក្បាល​គ្រាប់​ទាំង​នេះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សុវត្ថិភាព៕