លោក ឃួង ស្រេង​ និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ការ​តុប​តែង​ប្រទីប​និង​ស្ថាន​ភាព​កន្លែង​ស្នាក់​នៅ​របស់​កីឡាករ​អុំទូក !

យោង​តាម​អា​ខោន ហ្វេស​ប៊ុក​របស់​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១​តុលា​នេះ អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួង ស្រេង បាន​និង​កំពុង​ដឹក​នាំ​អាជ្ញាធរ​និង​មន្ត្រីជំនាញ​ចុះពិនិត្យ​មើល​ការ​តុប​តែង​ប្រទីប​និង​មើល​ស្ថាន​ភាព​កន្លែង​ស្នាក់​នៅ​របស់​ក្រុម​ចំណុះ​ទូក​ដែល​ស្ថិតនៅត្រើយម្ខាង សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ជ្រោយ​ចង្វា រួម​និង​ការណែ​នាំ​អោយ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ អោយ​ដាក់​បង្គន់​អនាម័យ​អោយ​បាន​ច្រើន​កន្លែង ។ ក្រៅពី​នេះ​បញ្ហា​ការ​រៀប​ចំ​អោយ​មាន​សន្តិសុខ សណ្តាប់​ធ្នាប់​ក៏​លោក​អភិបាល​ធ្វើ​ការណែ​នាំ​អោយ​ត្រៀម​រៀប​ចំ​អោយ​ល្អ​ប្រសើរ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​មើល​ការ​តុប​តែង​ប្រទីប​និង​មើល​ស្ថាន​ភាព​កន្លែង​ស្នាក់​នៅ​របស់​ក្រុម​ចំណុះ​ទូក​នេះ​ធ្វើ​ឡើង ក្រោយ កិច្ច​ប្រជុំ​មួយ ជា​មួយ​មន្រ្តី​ពាក់​ព័ន្ធ កាល​ពី​រសៀល​ថ្ងៃ​ទី​២០​តុលា ដើម្បី​ដាក់​ផែន​ការ សម្រាប់​ការ​ពារ​សន្តិ​សុខ និង​ការ​បង្កើត​គណៈ​កម្ម​ការ អនុ​គណៈ​កម្មការ​ទទួល​បន្ទុក​រៀប​ចំ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រ​ទីប សំពះ​ព្រះ​ខែ អក​អំបុក លយ​ប្រទីប និង​ការ​រៀប​ចំ​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី​៦៤ នៃ​ទិ​វា​បុណ្យ​ឯក​រាជ្យជាតិ​៩ វិច្ឆិ​កា និង​ទិវា​កំណើត នៃ​កង​យោធ​ពល​ខេមរៈ​ភូមិន្ទ​ឆ្នាំ​២០១៧ ដែល​រាជធានី​ភ្នំពេញ​ជា​អ្នក​រៀប​ចំ​កម្ម​វិធី​ទាំង​នោះ។

ក្នុង​កិច្ច​ប្រជុំ​ដែល​ដឹក​នាំ​ដោយ​អភិបាល លោក ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ និង​មាន​ការ​ចូល​រួម​ពី ស្នង​ការ​នគរ​បាល​រាជ​ធានី កង​រាជ​អាវុធហត្ថ ព្រម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​ច្រើន​រូប​ទៀត​នោះ លោក ឃួង ស្រេង បាន​គូស​បញ្ជាក់​ថា ព្រះរាជ​ពិធី​បុណ្យ​អុំទូក​បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​ឆ្នាំ​នេះ នឹង​ប្រព្រឹត្ត​ទៅ​រយះ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២​ដល់​ទី​៤​វិច្ឆិកា តាម​ដង​ទន្លេ​សាប​មុខ​ព្រះបរម​រាជវាំង ដើម្បី​បើក​ឱកាស​ជូន​ប្រជា​ពល​រដ្ឋ​ចូល​រួម​កំសាន្ត​សប្បាយ​រីក​រាយ​អប​អរ​សាទ​របុណ្យ​ប្រពៃណី​ជាតិ ដោយ​មាន​បណ្តែត​ប្រ​ទី​ប អុច​កាំ​ជ្រួច និង​សំដែង​សិល្បះ​គ្រប់​ទាំង​៣​ថ្ងៃ ។

ទោះ​ជា​យ៉ាង​ណា​អ្នក​រស់​នៅ​តំបន់​ជាយ​មួយ​ចំនួន​នៅ​ពេល​នេះ​ក្លាយ​ជា​ទីប្រជុំជន​ណែន​ណាន់​តាន​តាប​ពិសេស​តំបន់​ស្ទឹង​មាន​ជ័យ ដែល​កំពុង​រង​ផល​ប៉ះពាល់​ទឹក​ភ្លៀង​ជនន់​លិច​លើ​ទ្រូង​ផ្លូវ​ជា​ប្រចាំ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ ពិសេស​លោក ឃួង​ ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ​មេត្ដា​យក​ចិត្ដ​ទុក​ដាក់​អំពី​បញ្ហា​ទុក​លំ​បាក​របស់​ប្រជា​ពលរដ្ឋរឿង​ទឹក​លិច​ផ្លូវ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ​ផង ៕