ហៅ​នាង​ផឹកស៊ី ស្រវឹង​លួងលោម​យក​ទៅ​រំលោភ​នៅ​ផ្ទះ​សំណាក់

ខេត្ត​ព្រៃវែង ៖ កាល​ពី​វេលា​ម៉ោង​១០ និង ៣០​នាទី​យប់ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៧ នៅ​ក្នុង​ផ្ទះ​សំណាក់​មង្គល​សេរី​លាភ ដែល​ស្ថិត​ក្នុង​ភូមិ​ឯក​រាម សង្កាត់​ជើង​ទឹក ក្រុង​ព្រៃ​វែង បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រៃ​វែង ចាប់​ឃាត់​ខ្លួន ក្រោយ​ពី​មាន​ពាក្យ​បណ្ដឹង​ពី​ស្រ្តី​ម្នាក់​ឈ្មោះ ប្រាក់ ស្រីម៉ុច ដោយ​បាន​ចោទ​ប្រកាន់​ថា បុរស​រូប​នោះ បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​សេពសន្ថវៈ ទៅ​លើ​នារី​ម្នាក់​នៅ​ក្នុង​ផ្ទះ​សំណាក់​មួយ​កន្លែង កាល​ពី​យប់​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០១៧។

បុរស​ដែល​ត្រូវ​ចាប់​ឃាត់​ខ្លួន​នេះ​មាន​ឈ្មោះ សាក់ គង់វាសនា អាយុ​២៨​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ក្រុង​ព្រៃ​វែង។ ចំណែក​នារី​រងគ្រោះ​មាន​ឈ្មោះ ផ អ ហៅ​លីន អាយុ​១៩​ឆ្នាំ មាន​មុខ​របរ​ជា​នារី​បម្រើ​ស្រាបៀរ។

លោក​វរ​សេនីយ៍​ទោ ផាត់ សុជោត ប្រធាន​មន្ទីរ​យុត្តិធម៌ កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រៃវែង ប្រាប់​ឲ្យ​ដឹង​ថា ទាក់​ទង​ទៅ​នឹង​ហេតុការណ៍​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ខាងលើ គឺ​នៅ​ល្ងាច​មុន​ពេល​កើត​ហេតុ ជន​សង្ស័យ​និង​មិត្តភក្ដិ​២​ទៅ​៣​នាក់ បាន​នាំ​គ្នា​ចូល​ទៅ​ផឹក​ស៊ី នៅ​កន្លែង​ដែល​នារី​រងគ្រោះ​ធ្វើការ ដោយ​បាន​ហៅ​នារី​រងគ្រោះ​ផឹក​ស៊ី​ជាមួយ រហូត​ដល់​នាង​ស្រវឹង​ខ្លាំង ជន​សង្ស័យ​ក៏​និយាយ​លួងលោម និង​នាំ​នាង​ចូល​ទៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​មង្គល​សេរី​លាភ ដែល​នៅ​ជាប់​និង​ហាង​នោះ​តែម្តង និង​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​បាន​សម្រេច​ចំនួន​១​ដង នារី​រង​គ្រោះ​ក៏​ស្វាង​ស្រា បាន​ដឹង​ខ្លួន ហើយ​ក៏​រត់​មក​ហាង​វិញ និយាយ​ប្រាប់​បងស្រី និង​ម្ចាស់​ហាង ទើប​ស្រ្តី​ជា​ម្ចាស់​ហាង​ប្តឹង​ទៅ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត ចុះ​ទៅ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន នៅ​ក្នុង​ផ្ទះ​សំណាក់​នោះ​តែម្តង។

បច្ចុប្បន្ន ជន​សង្ស័យ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​នីតិវិធី៕