លោក សាន ផានិត បង្ហាញ​ការ​ពិត​ពី​ទំនាក់ទំនង​រវាង ស្រីឡៃ និង បញ្ញា សិទ្ធិ

ក្រោយ​ពី​តារា​ចម្រៀង សាន ស្រីឡៃ បាន​ទទួល​មរណភាព​ទៅ ដោយ​សារ​អតីត​ស្វាមី បាន​បាញ់​សម្លាប់ ក៏​មាន​លេចចេញ​រូប​ថត​ប៉ុន្មាន​សន្លឹក​រវាង​រូប​នាង​និង​លោក បញ្ញា សិទ្ធិ ដែល​មហា​ជន​មួយ​ចំនួន​បាន​យល់​ថា រូប​ថត​នោះ​ហើយ​ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ប្ដី​នាង​ដែល​ជា​មនុស្ស​ប្រចណ្ឌ​ប្រពន្ធ បាញ់​សម្លាប់​នាង។ ហើយ​ក៏​មាន​មតិ​មួយ​ចំនួន​ផ្សេង​ទៀត​ចោទ​ប្រកាន់ ស្រីឡៃ ថា​ជា​មនុស្ស​ភ្លេច​កំណើត​ខ្លួន បាន​ល្បី​ហើយ​បោះ​បង់​ប្ដី​ខ្លួន​ចោល ជា​ដើម។ រឿង​នេះ​មាន​អ្នក​សិល្បៈ​ខ្លះ​ដែល​ស្រឡាញ់​រាប់អាន ស្រីឡៃ​បាន​ចេញ​មុខ​បកស្រាយ បំភ្លឺ​ហើយ។​

កាលពី​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៧ លោក សាន ផានិត​ដែល​ជា​តារា​ចម្រៀង​ជើង​ចាស់​មួយ​រូប ម្ចាស់​បទ «ទូរសព្ទ​ប្រាប់​ផង» ដែល​បង​បង្អូន​ប្រិយមិត្ត​តែង​គាំទ្រ​បាន​បក​ស្រាយ​បំភ្លឺ​រឿង​នេះ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា៖ វា​មិន​មែន​ជា​រឿង​រ៉ាវ​ស្នេហា​ត្រីកោណ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក បញ្ញាសិទ្ធ​ទេ វា​គ្រាន់​តែ​ជា​រូប​ថត​ដែល​នាង​និង​លោក បញ្ញាសិទ្ធិ ថតសម្ដែង​លេង នៅ​ពេល​សម្រាក ព្រោះ ស្រីឡៃ មាន​ចរិត​រួសរាយ​រាក់​ទាក់ រាប់អាន រៀមច្បង​អ្នក​សិល្បៈ។ លោក​សាន ផានិត ក៏​មាន​រូប​ថត​ជាមួយ​អ្នក​នាង​ស្រដៀង​គ្នា​អ៊ីចឹង​ដែរ។ លោក ផានិត បាន​បញ្ជាក់​ទៀត​ថា ស្រីឡៃ មិន​សូវ​រវីរវល់​រឿង​សូវជា​មួយ​ប្រុស​ឈ្មោល​ទេ។​

លោក ផានិត បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «ថ្ងៃ​នេះ ខ្ញុំសូម​បកស្រាយ​តាម page ផ្លូវ​ការ​របស់​ខ្ញុំ ដើម្បី​ឲ្យ​វិញ្ញាណក្ខន្ធ ស្រីឡៃទៅ​ឲ្យ​បាន​ស្ងប់ស្ងាត់​ចំពោះ​ព័ត៌មាន​មិន​ពិត​ពី​ការ​បែកធ្លាយផ្សេងៗ​ប៉ះពាល់​ដល់​កិត្តិយស​គ្នា ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ។

តាមពិត​រូបភាព​ទាំង​ខ្ញំ​និង​បញ្ញា​សិទ្វ​ស្រដៀងៗគ្នា (ស្និតស្នាល) ដោយ​សារតែ ស្រីឡៃ ចូលចិត្ត Drama លេង ភាគ​ច្រើន​ធ្វើ​តួ​កម្សត់​រហូត​ស្រក់​ទឹកភ្នែក​ក៏​មាន ជាមួយ​បងប្អូន​ក្នុង​បន្ទប់​អ្នក​ចម្រៀងពេល​ម៉ោង​សម្រាក ថត​លេង​តែ​ប៉ុណ្ណោះ មិន​ដូច​ព័ត៌មាន​ដោយសារ​តែ​មាន​ប្រុស​ក្មេង​អី​នោះ​ទេ។​ ស្រីឡៃ តែងតែ​ប្រាប់​បងប្អូន​ឲ្យ​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​ការងារ​រហូត ព្រោះ​មាន​បន្ទុក​គ្រួសារ​ជា​ទម្ងន់​និង​បញ្ហា​សេដ្ឋកិច្ច ក៏​ដូច​គ្នា​ចង់​ឲ្យ​ខ្ញុំ​ជួយ​ទម្លាក់ original song ល្អៗតាម​រយៈ​ក្រុម​និពន្ធ​របស់​ខ្ញុំ ដោយសារ​នៅ​ក្រុមហ៊ុន​ពុំ​សូវ​មាន​បទកន្លង​មក​និង​ឲ្យ​អាទិភាព​ផលិត​បទ​ពី​ក្រៅ​ខ្លួនឯង​ផងនោះ។

ស្រីឡៃ មាន​ចរិត​ល្អ​មិន​សូវ​រវល់​រឿង​ប្រុស​ឈ្មោល​អី​ទេ គ្រប់​ពេល​គិត​តែ​រឿង​ការងារ បទ​ចម្រៀង​និង​ជីវភាព​គ្រួសារ និង​ជីវិត​កម្សត់ សុំ​ជ្រាប​ផងចុះ។​ ហុឺ! មិន​សរសើរ​ទាំងអស់​ទេ ស្រីឡៃ ក៏​មានគុណ​វិបត្តិ​ខ្លះ​ដែរ គឺ​ធ្វើការ​មិន​ទៀង​ទាត់ ប្រហែល​ជា​ដោយសារ​ផ្ទះ​នៅ​ឆ្ងាយក្រោយ​វត្ត​សែន​សុខ ពិបាក​ទៅ​ផ្ទះ​វិញ​ពាក់​កណ្តាល​យប់​ពី​បឹង​កេង​កង។

ឯ​ការ​បែកធ្លាយ​រូប​អាក្រាត បែកធ្លាយ​សូម​ឲ្យ​សមត្ថកិច្ច​ដាក់ទោស​ទណ្ឌ​ជន​ល្មើស​ឲ្យ​ធ្ងន់​ទ្វេ​ដង និង​ជួយ​ទៅ​បុណ្យ​៧​ថ្ងៃ​ឲ្យ​បាន​គ្រប់ៗគ្នា​ផង ជា​ពិសេស​អ្នក​សិល្បៈ​រួម​អាជីព។»

សូម​រំលឹក​ថា ក្រោយ​ពេល​​បូជា​សព​តារា​ចម្រៀង សាន ស្រីឡៃ លោក​បញ្ញា​សិទ្ធ​ក៏​បាន​បំភ្លឺ​រឿង​នេះ​ម្ដង​ហើយ​ថា នោះ​មិន​មែន​ជា​ការពិត​ដូច​អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​លើក​ឡើង ថា​មាន​មាន​ករណី​ស្នេហា​ត្រីកោណ​អី​នោះ​ទេ។ រូប​ថត​នោះ គឺ​លោក​និង ស្រីឡៃ​បាន​ផូសក្នុង​ហ្វេសប៊ុក​លេង​​តាំង​ពី​យូរ​ណាស់​មក​ហើយ។ លោក​បញ្ជាក់​ថា លោក និង ស្រី​ឡៃ រាប់​អាន​គ្នា​ដូច​បងប្អូន​បង្កើត​អញ្ចឹង។​

សូម​រំលឹក​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧​កន្លង​ទៅ​ថ្មីៗ​នេះ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Boom Park បាន​បង្ហោះ​ត​នូវ​រូប​ថត​ដែល​អ្នក​នាង សាន ស្រីឡៃ និង លោក បញ្ញាសិទ្ធ ស្និទ្ធស្នាល​គ្នា ហើយថែម​ទាំង​សរសេរ​ខ្លឹម​សារ​ថា រូប​ថត​ស្និទ្ធស្នាល​ផ្អែមល្ហែម ល្អូកល្អើន នេះ​ហើយ​ដែល​បាន​ដុត​កម្ដៅ​ភ្លើង​ប្រចណ្ឌ​ឲ្យ​ឆេះ​ពេញ​អំណាច​ឡើង ហើយឈាន​ដល់​ករណី​ឃាតកម្ម​ដ៏​គួរឲ្យ​សោក​សង្រេង​នេះ​កើត​ឡើង។

ត្រង់​នេះ​បញ្ជាក់​ថា ម្ចាស់​គណនី​ខាង​លើ​នេះ​មិន​បាន​ចោទ​ថា អ្នក​ទាំង​ពីរ​ក្នុង​រូបថត​នោះ​មាន​ទំនាក់​ទំនង​ស្នេហា​នឹង​គ្នា​ទេ គឺ​ម្ចាស់​គណនី​រូប​នេះ​ចង់​ប្រាប់​ថា អាច​ដោយ​សារ​រូប​ថត​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រចណ្ឌ​នោះ ព្រោះ​លោក ជ័យ រិន ដែល​ជា​ប្ដី​របស់​អ្នកនាង សាន ស្រីឡៃ ជា​មនុស្ស​ប្រចណ្ឌ​ប្រពន្ធ។​

ទោះ​ជា​យ៉ាង​ណា រឿងរ៉ាវ​លម្អិត​ទាំង​អស់​មាន​តែ​សាមី​ខ្លួន​ទេ​ទើប​ដឹង​ច្បាស់​ជាង​គេ តែ​ពួក​គេ​បាន​ស្លាប់​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​បាត់​អស់ទៅ​ហើយ គ្មាន​ថ្ងៃ គ្មាន​ពេល នឹង​បាន​មក​បក​ស្រាយ​ប្រាប់​ប្រិយមិត្ត​អ្នក​អាន​ឲ្យ​បាន​ជ្រាប​ច្បាស់​បាន​ឡើយ។ អ្នក​ដែល​គួរ​ឲ្យ​អាណិត និង​យក​ចិត្ត​ទុកដាក់​នោះ គឺ​កូន​ៗ​តូច​របស់​អ្នក​នាង សាន ស្រីឡៃ ឯ​ណោះ​ទេ ដែល​គ្នា​មិន​ដឹង​អី​ផង ស្រាប់តែ​ត្រូវ​ព្រាត់​ឪពុក​ម្ដាយ​ក្នុង​មួយ​ពព្រិច​ភ្នែក។ បើ​ទោះ​មាន​សាលា​ក្នុង​ស្រុក​មួយ​ផ្ដល់​អាហារូបករណ៍​ឲ្យ​រៀន​រហូត​ចប់​ថ្នាក់​ទី​១២ តែ​នោះ​គ្រាន់តែ​ចំណែក​មួយ​ក្នុង​ការ​ជួយ​អភិវឌ្ឍ ខ្លួន​របស់​កុមារា​ទាំង​ពីរ តែ​មិន​អាច​ជំនួស​ភាព​កក់​ក្ដៅ​នៃ​ដើមទ្រូង​ឪពុក​ម្ដាយ​បាន​ឡើយ៕

សូម​អាន​បន្ថែមព័ត៌​មាន​
អាច​ទេ រូប​ថត​ទាំង​នេះ​ជា​ដើមហេតុ​ដុត​ភ្លើង​ប្រចណ្ឌ​ឲ្យ​ឆេះ​សន្ធោសន្ធៅ​ឡើង