អាណិត​ជន​រងគ្រោះ​ណាស់! បុក​ឮ​ដូច​រន្ទះ​ហើយ​អូស​ជិត​១​គីឡូ​ដី​ស្លាប់​ទាំង​មនុស្ស ខ្ទេច​ទាំង​ម៉ូតូ

រាជធានី​ភ្នំពេញ៖បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ខណៈ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បាន​ដាច់​ខ្យល់​ស្លាប់​ពាក់​កណ្ដាល​ផ្លូវ​បន្ទាប់ពី​មាន​រថយន្ត​ម៉ាសស្ដា​មួយ​គ្រឿង​បុក​ពី​ក្រោយ​អូស​ជា​ច្រើន​រយ​ម៉ែត្រ។ ហេតុការណ៍​គួរឲ្យ​រន្ធត់​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ១​និង​៥០​នាទី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ហាន់ណូយ កែង​និង​ផ្លូវ​ម៉ុងរិទ្ធី ត្រង់​ចំនុច​ស្តុប​២៤​ម៉ោង​ក្នុង​សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ។

ជន​រងគ្រោះ មាន​ឈ្មោះ ចាន់ សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ភ្លើង​ស្នាក់​នៅ​កំបូល​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុក​កំណើត​នៅ​ភូមិ​នគរ​ទេព ខេត្ត​ព្រៃវែង។

យោង​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​ឌ្រីម​សង់​០១០ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1AE2244 បើក​ពី​ជើង​ទៅ​ត្បូង គោល​បំណង​ត្រលប់​ទៅ​ផ្ទះ ខណៈ​មក​ដល់​ចំនុច​កើត​ហេតុ​ខាង​លើ ស្រាប់តែ​មាន​រថយន្ត​ម៉ាសស្ដា​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​បើក​ស្រប​មក​ពី​ក្រោយ​បុក​ទាំង​កំរោល អូស​រាប់​រយ​ម៉ែត្រ​បណ្ដាលឲ្យ​ម៉ូតូ​ឆេះ​សល់​តែ​គ្រោងឆ្អឹង​ហើយ​ក៏​បើក​គេច​បាត់​ស្រមោល។ ចំណែក​ម្ចាស់​ម៉ូតូ​រង​របួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ តែ​អកុសល​មិន​ទាន់​ដល់​មន្ទីរ​ពេទ្យ​ផង​បាន​ដាច់​ខ្យល់​ស្លាប់​តាមផ្លូវ​បាត់​ទៅ​ហើយ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ធ្វើ​កំណត់​ហេតុ​រួច​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ស្រុក​កំណើត​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕