ខាង​ហង្សមាស​មិន​ព្រម​ចំណាយ​ប្រាក់ 2600$ ទេ ដោយ​បញ្ចប់​រឿង​ត្រឹម​នេះ

រាជអានី​ភ្នំពេញ៖ លោក មាស រិ​ទ្ធី អគ្គនាយក​រង​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស និង​ជា​អ្នក​អត្ថាធិប្បាយ​ដ៏​ល្បាញ​ល្បី​មួយ​រូប​នៅ​កម្ពុជា បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​រសៀល​ម៉ោង​៣​និង​២៧​នាទី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧​នេះ​ថា «​ជំហរ​របស់​ហង្ស​មាស​​ជាមួយ​​អាចារ្យ មាស សំណាង បញ្ចប់​ត្រឹមនេះ​ចុះ ព្រោះ​បុណ្យ​សព សាន ស្រី​ឡៃ បាន​ចប់​ចុង​ចប់​ដើម​ហើយ​ដែរ ចំណែកឯ​លុយ​ដែល​តម្រូវ​ឲ្យ​ហង្ស​មាស​ចំណាយ ទៅ​វត្ត​រហូត​២៦០០$ ដែល​មិន​សម​ហេតុផល ក៏​យើង​មិន​បាន​ចំណាយ​ដែរ។

លោក មាស រិ​ទ្ធី គ្រាន់តែ​ចង់​ប្រាប់​ទៅ​អាចារ្យ​វិច​, អាចារ្យ​វេច​, អាចារ្យវត្ត​, អាចារ្យ​វាំង កុំ​ឲ្យ​មាន​មេរៀន​នេះ​កើតឡើង​នៅ​តាម​ទី​អារាម​វត្ត ក្នុង​ប្រទេស​យើង​តទៅ​ទៀត​ ។ ព្រះ​ចៅអធិការ និង​អាចារ្យ​​៦​រូប​នៅ​វត្ត​នោះ​ពិតប្រាកដ​បាន​យំ​អង្វរ កុំ​ឲ្យ​ហង្ស​មាស​បន្ត​ទៅ​ទៀត​ព្រោះ​ថ្ងៃ​សុក្រ​ចុង​ស​ប្តា​ហ៍​នេះ​ធ្វើ​កឋិន​ផង។

លោក មាស រិ​ទ្ធី បាន​បញ្ជាក់​ថា សូម​ប្រាប់​ប្រិ​យ​មិត្ត​ថា រាល់​ការ​ចំណាយ​ពិធី​បុណ្យសព សាន ស្រី​ឡៃ ដល់ទី​បញ្ចប់​នេះ សរុប​ទឹកប្រាក់​ជាង​៥០០០$ និង​ប្រគេន​បច្ច័យ ទៅ​វត្ត​៤០០$ ជូន​តា​អាចារ្យ​៦​នាក់ អាចារ្យ​ធំ ១៥​ម៉ឺន​រៀល និង​អាចារ្យ​៥​នាក់​ផ្សេង​ទៀត ម្នាក់​ៗ ១០​ម៉ឺន​រៀល។ បញ្ចប់​បញ្ហា​ដើម្បី​ឲ្យ​ព្រលឹង​អ្នក​ស្លាប់​ទៅ​ឲ្យ​បាន​សុខ​..» ។

សូម​រំលឹក​ថា លោក មាស រិ​ទ្ធី បាន​អត្ថាធិប្បាយ​ព័ត៌មាន​តាម​កញ្ចក់​ទូរទស្សន៍ នៅ​ព្រឹក​នេះ​ថា វត្ត​សែន​សុខ​ទីកន្លែង​តម្កល់សព​តារាចម្រៀង សាន ស្រី​ឡៃ បាន​ទាមទារ​លុយ​ថ្លៃ​តម្កល់សព​, ថ្លៃ​អាចារ្យ​, ថ្លៃ​រៀបចំ​ពិធី និង​ក្តារ​មឈូស រហូត​ដល់​២,៦០០​​ដុល្លារ​អា​មេ​រិ​ក ហើយ​បាន​ពោល​ពាក្យ​មាក់ងាយ​ដល់​ក្រុមហ៊ុន​ហង្ស​មាស​ធ្ងន់​ៗ ព្រមទាំង​បាន​និយាយ​ថា ប្រសិនបើ​មិន​ឲ្យ​លុយ​ទេ សូម​យក​សព​ទៅ​វិញ។

អាចារ្យ​ប្រចាំ​វត្ត​សែន​សុខ ដែល​ទាមទារ​លុយ​នោះ​ឈ្មោះ មាស សំណាង ដែល​បាន​ទាមទារ​លុយ​ដូច​ជា​៖ ទី​១៖ ប្រគេន​ចំពោះ​វត្ត​សម្រាប់​តម្កល់សព ១២៥០​ដុល្លារ ទី​២៖ អាចារ្យយោគី ៥០០​ដុល្លារ ទី​៣៖ សម្រាប់​វត្ត​ចាត់ចែង​ពិធី​៖ ៧០០​ដុល្លារ ទី​៤៖ ក្តារ​មឈូស ១៥០​ដុល្លារ ។ ការ​ទាមទារ​លុយ​ថ្លៃ​តម្កល់សព​នេះ ខាង​វត្ត​សែន​សុខ​មិន​បានដឹង​រឿង​នេះ​ទេ គឺ​បុគ្គល​អាចារ្យ​តែ​ម្តង ហើយ​បុគ្គល​អាចារ្យ​រូប​នោះ​បាន​អះអាង​ខ្លួនឯង​ថា ជា​អាចារ្យ​មក​ពី​វាំង​ទៀត​ផង។

លោក មាស រិ​ទ្ធី បាន​និយាយ​ជាមួយ​កំហឹង​ខ្លាំង​ៗ​ថា អ្វី​ដែល​ក្រុមហ៊ុន​ហង្ស​មាស មិន​អាច​ទទួលយក​បាន​នោះ គឺ​ពាក្យ​សម្តី​របស់​អាចារ្យ មាស សំណាង និយាយ​មាក់ងាយ​ធ្ងន់​ៗ​ថា «​ថៅកែ​ហង្ស​មាសធំ​ប៉ុណ្ណា​ប៉ុ​ណ្ណី​មក​ថោកទាប អត់​លុយ​ឲ្យ​វត្ត​»​។ លោក​បាន​បញ្ជាក់​ថា តើ​វត្ត​ជាទី​អារាម​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើបុណ្យ​ធ្វើ​ទាន ឬ​ក៏​ជា​សណ្ឋាគារ​សម្រាប់​គិតថ្លៃ?

ជាមួយ​គ្នា​នេះ​ដែរ នៅ​ថ្ងៃ​ទី​១៨ តុលា ២០១៧ នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ករប​ស់លោក សាន ប៊ុ​ន​ធឿ​ន បាន​ផ្សាយ​ផ្ទាល់ ពី​ការ​បកស្រាយ​របស់​លោក​អាចារ្យ មាស សំណាង ល្បី​ថា អាចារ្យ​ស៊ីថ្លៃ​កប់​ពពក​2600$ ក្នុង​ការ​ចាត់ចែង​សព​តារាចម្រៀង សាន ស្រី​ឡៃ ។ សូម​ទស្សនា​វី​ដេ​អូ នៃ​បទ​សម្ភាសន៍​ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​តទៅ៖