ផ្ទុះ​​ប្រតិកម្ម​​បន្ដ​បន្ទាប់ ចៅក្រម​ស៊ើបសួរ អេ​ង ចំណាប់ ដោះ​លែង​ឈ្នួ​ញ​ឈើ​ខុសច្បាប់

ក្រចេះ៖ ប្រតិកម្ម​និង​​រិះ​គន់​​ដូច​​ព្យុះ ធ្លាក់​​មក​បន្ដ​បន្ទាប់​ទៅ​​លើ​​ចៅ​ក្រម​​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​ក្រចេះ​​ម្នាក់​​គឺ​​លោក អេ​ង ចំណាប់ ដែល​​បាន​​ដោះ​​លែង​​ឈ្នួ​ញ​​ដឹក​​ជញ្ជូន​​ឈើ​ខុស​ច្បាប់​​ម្នាក់ ​ឲ្យ​​មាន​សេរី​ភាព​​វិញ បន្ទប់​​ពី​​កម្លាំង​សមត្ថកិច្ច​និង​​អាជ្ញាធរ​​ចម្រុះ​​ជា​ច្រើន​នាក់ធ្វើ​ការ​បង្ក្រាប​ចាប់ខ្លួន​ជនល្មើស​បាន​យ៉ាង​លំបាក ​ថែម​ទាំង​ជនល្មើស​បើករថយន្ដ​បុក​រថយន្ដ​ស៊ី​រ៉ែ​ន​របស់​សមត្ថកិច្ច​ទៀត​ផង ។

បន្ថែម​ពីប្រតិកម្ម និង​រិះគន់​ជា​បន្ដបន្ទាប់​នេះ ប្រធាន​តុលាការ និង​ព្រះរាជអាជ្ញា​ខេត្តក្រចេះ គ្រោង​សរសេរ​លិខិត​មួយ​ច្បាប់ ផ្ញើទៅ​កាន់​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌ ដើម្បី​ស្នើសុំ​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ​យ៉ាង​តឹងរ៉ឹង​ទៀត​ផង ។

ពាក់ព័ន្ធ​នឹង​ប្រតិកម្ម និង​រិះគន់ពី​សំណាក់​សមត្ថ​មិ​ច្ច​ពាក់ព័ន្ធ​ដែល​ចូលរួម​ប្រតិបត្តិការ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​នេះ​រួម​មាន ៖ លោក ឌិ​ត ស៊ី​វុ​ទ្ធី ប្រធាន​តុលាការ​ខេត្តក្រចេះ​, លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ​, លោក ជា សុ​ភ័​ក្រ ព្រះរាជអាជ្ញា​រង​ដឹកនាំ​កម្លាំង​ប្រតិបត្តិការ​, លោក គង់ គឹ​ម​នី អភិបាលស្រុក​ស្នូល និង​សមត្ថកិច្ច​ទាំង​នគរបាល រួម​នឹង​អាវុធហត្ថ​ជា​ច្រើន​នាក់​ទៀត ។

សូម​បញ្ជាក់​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​មាន​ទាំង​នគរបាល និង​អាវុធ​ហត្ថ​ស្រុក​ស្នូល ក្រោម​ការ​សម្រប​សម្រួល​ពី​ព្រះរាជអាជ្ញា​រង ជា សុ​ភ័​ក្រ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​​ពី​​លោក គង់ គឹ​ម​នី ប្រធាន​គណៈ​បញ្ជា​ការ​​ឯក​ភាព​​ស្រុក​​ស្នូល បាន​​បើក​​ប្រតិបត្តិការ ចុះ​ទៅ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ នៅ​ក្នុង​ទឹកដី​ស្រុក​ស្នូល ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ក្នុង​ឃុំ​ខ្សឹ​ម ដោយ​ឃាត់​បាន​រថយន្ត​ដឹក​ឈើ និង​ដឹកអុស​ស្រស់​រហូត​ដល់​២៥​គ្រឿង ។

បន្ទាប់​​មក​​កម្លាំង​សមត្ថកិច្ច ក៏​បាន​ឃាត់ខ្លួន​អ្នក​បើករថយន្ដ​ដឹកឈើ​ម្នាក់​ឈ្មោះ រី សុភា អាយុ​៣១​ឆ្នាំ រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បន្ទាប់​ពី​ជន​នេះ បាន​បើករថយន្ដ​គេច​ពី​សមត្ថកិច្ច ហើយ​បុក​រថយន្ដ​ស៊ី​រ៉ែ​ន​របស់​សមត្ថកិច្ច បន្ទាប់​ពី​ដេញ​បង្ក្រាប​រូបគេ ។

លុះ​ពេល​ចាប់ខ្លួន​រួច ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តក្រចេះ ហើយ​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ ប៉ុន្ដែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ពេល​សំណុំ​រឿង​នេះ បញ្ជូន​ទៅ​ដល់​ដៃ​ចៅក្រម អេ​ង ចំណាប់ បែរជា​ត្រូវ​លោក​ដោះ​លែង​ទៅ​វិញ ។

នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧​នេះ ព្រះរាជអាជ្ញា​រង ជា សុ​ភ័​ក្រ បាន​ឲ្យ​ដឹង​ថា «​ការ​ដោះ​លែង​នេះ​ពិតជា​មាន​ភាព​មិន​ប្រក្រតី លើ​នីតិវិធី​ប្រាកដ​មែន ហើយ​ស្ថាប័ន​អយ្យការ នឹង​ប្ដឹង​ជំទាស់​ករណី​នេះ ទៅ​កាន់​សាលា​ឧទ្ធរណ៍​​បន្ដ​​ទៀត​» ។

ដោយឡែក​អភិបាលស្រុក​ស្នួល លោក គង់ គឹ​ម​នី ក៏​បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ចំណាត់ការ​របស់​លោក​ចៅក្រម អេ​ង ចំណាប់ រូប​នេះ​ដោយសារ​តែ​កម្លាំង​សមត្ថកិច្ច​មាន​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ទៀត​ផង ក្នុង​ការ​បង្ក្រាប​យ៉ាង​លំបាក​លើ​បទល្មើស​មួយ​នេះ ។

ទោះជា​យ៉ាងណា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៨ តុលា ២០១៧ នេះ​ ភ្នាក់​ងារ​ ដំណឹង​យប់​មិញ នៅ​មិន​ទាន់​អាច​សុំ​ការ​បកស្រាយ​ពី​សំណាក់​លោក​ចៅក្រម អេ​ង ចំណាប់ បាន​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​ប្រតិកម្ម​ពី​សំណាក់​ថ្នាក់ដឹកនាំ​តុលាការ និង​មន្ត្រី​សមត្ថកិច្ច​ខាងលើ​នេះ ។

បើ​តាម​ប្រភព​ពី​មន្ត្រី​តុលាការ ជាមួយ​និង​ការ​ដោះ​លែង​ជន​ត្រូវ​ចោទ​នេះ លោក អេ​ង ចំណាប់ មិន​បាន​សំអាង​ហេតុផល​ណាមួយ​នោះ​ឡើយ ក្រៅពី​តម្រូវ​ឲ្យ​ជន​ត្រូវ​ចោទ​តម្កល់​លុយ​១​លាន​រៀល នៅ​តុលាការ សម្រាប់​ធ្វើ​ជា​សំណង​រថយន្ត​របស់​សមត្ថកិច្ច ដែល​ជន​នេះ​បាន​បើក​បំ​បុក​ឲ្យ​ខូចខាត​តែ​ប៉ុ​ណ្ណាះ ៕