នាយ​ឧត្តម​សេនីយ៍ ជួន សុវណ្ណ ប្រកាស​ចាត់​វិធាន​ការ​ធ្ងន់​ៗ​ដល់ មន្ដ្រី​នគរបាល​កោសល្យ​វិច្ច័យ​រឿង សាន ស្រីឡៃ

ភ្នំពេញ៖ ក្រោយ​ពេល​បែក​ធ្លាយ​រឿង មន្ដ្រី​​នគរ​បាល​​កោសល្យ​វិច្ច័យ​​ណា​ដែល​​បាន​​ថត​​រូប​អា​ក្រា​​ត​​សព​​តារា​​ចម្រៀង សាន ស្រីឡៃ យក​​ទៅ​ចែក​​ចាយ​​តាម​​គ្រុប និង​​បណ្ដាញ​​សង្គម​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ខែ​តុលា​ឆ្នាំ​២០១៧ នាយ​​ឧត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នង​ការ​រង​នគរ​បា​ល​ជាតិ​និង​ជា​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ចាត់​វិធាន​ការ​យ៉ាង​ធ្ងន់​ៗ​បំផុត តាម​ផ្លូវ​ច្បាប់ ។

នាយ​ឧត្តម​សេនីយ៍ ជួន សុវណ្ណ បាន​បញ្ជាក់​យ៉ាង​​ដូច្នេះ​​ថា​«ខ្ញុំ​កំពុង​ឲ្យ​តាម​ស្រាវ​ជ្រាវ​ចំពោះ​បុគ្គល​មន្ដ្រី​នគរ​បាល​ទាំង​នោះ បើ​សិន​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​មែន ខ្ញុំ​មិន​លើក​លែង​ឲ្យ​នោះ​ទេ គឺ​នឹង​ចាត់​វិធាន​ការ​តាម​ច្បាប់​យ៉ាង​តឹង​រឹង​បំផុ​ត មិន​លើក​លែង​ឲ្យ​ឡើយ ពី​ព្រោះ​វា​ធ្វើ​ឲ្យ​​ប៉ះ​ពា​ល់​​កិត្តិយស​របស់​សព ហើយ​ក៏​វា​ប៉ះ​ពាល់​ចំពោះ​វិជ្ជា​ជីវៈ និង​ក្រម​សីល​ធម៌​របស់​​មន្ដ្រី​នគរ​បាល​​យើង» ។

ការ​ចេញ​មក​បញ្ជាក់​ពី​ចំណាត់​ការ​ដ៏​តឹង​រឹង​រប​ស់​នាយ​ឧត្តម​សេនីយ៍ ជួន សុវណ្ណ ខាង​លើ​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​មហា​ជន បាន​សម្ដែ​ង​ការ​ខឹង​សម្បារ និង​ថ្កោល​ទោស​យ៉ាង​ដាច់ អហ​ង្ការ​ចំពោះ​ទង្វើ​អសីលធម៌​បំផុត របស់​មន្ដ្រី​នគរ​បាល​កោសល្យ​វិច្ច័យ​ដែល​បាន​ថត​រូប​អា​ក្រាត​សព​តារា​ចម្រៀង សាន ស្រីឡៃ យក​ទៅ​ចែក​ចាយ​តាម​គ្រុុប និង​លើ​បណ្ដាញ​ទំនាក់​ទំ​ន​ង​សង្គម Facebook ទៀត​ផង ។

លោក ឡាញ់ យ៉ូវម៉ា នាយ​ការិយាល័យ​បច្ចេក ទេស និង​កោសល្យ​វិច្ច័យ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា បើ​សិន​មន្ដ្រី​នគរបាល​ណា​ម្នាក់​របស់​លោក ត្រូវ​បាន​រក​ឃើញ​ថា ប្រព្រឹត្ត​ទង្វើ​អសីលធម៌​បែប​នេះ​លោក​នឹង​ចាត់​វិធាន​ការ​តាម​រដ្ឋ​បាល​យ៉ាង​តឹង​រ៉ឹង​បំផុត ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​នាយ​ការិយាល័យ​រូប​នេះ ក៏​បាន​បញ្ជាក់ពី​មូល​ហេតុ​មួយ​ចំនួន​ផង​ដែរ​ថា នៅ​ពេល​ធ្វើ​កោសល្យ​វិច្ច័យ​សព​ជន​រង​គ្រោះ ក្រោយ​កើត​ហេតុ​ភា្លម​ៗ​នោះ គឺ​មាន​ការ​ចូល​រួម​ពី​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍ មន្ដ្រី​នគរ​បាល​ខណ្ឌ មន្ដ្រី​សាលា​ខណ្ឌ និង​មន្ដ្រី​កង​រាជ​អាវុធ​ហត្ថ​ផង​ដែរ ដោយ​ឡែក​មន្ដ្រី​របស់​លោក គឺ​មាន​៤​នាក់ ដូច្នេះ​លោក​ក៏​មិន​ទាន់​អាច​ដឹង​ច្បាស់​ថា រូប​ថត​អាក្រាត​ចេញ​ពី​មន្ដ្រី​ណា​នោះ​ឡើយ ។

មហា​ជន​បាន​បន្ត​រិះ​គន់។​ថា នេះគឺ​ជា​សព​របស់​មនុស្ស​មិន​មែន​ខ្មោច​សត្វ ឬរុក្ខ​ជាតិ​នោះ​ទេ ទោះ​បី​មនុស្ស​បាន​ស្លាប់​ទៅ​ហើយ​ក្ដី ក៏​នៅ​មាន​សិទ្ធិ​ជា​ឯក​ជន​តាម​ច្បាប់​នៅ​ឡើយ​ដែរ មិន​មែន​អាច​ឲ្យ​នរណា ឬ​មន្ត្រី​ណា​ម្នាក់​មក​ថត​រូប​អាក្រាត​កាយ ហើយ​បង្ហោះ​ចែក​គ្នា​មើល​គ្មា​ន​សីលធម៌​ក្នុង​ខ្លួន​យ៉ាង​ដូច្នេះ​ទេ នេះ​ជា​ការ​បំពាន និង​អសីលធម៌​ជា​ទី​បំផុត។​ មហា​ជន​បាន​លើក​ឡើង​ទៀត​ថា គួរ​ណាស់​យល់​ពី​អារម្មណ៍​របស់​ក្រុម​គ្រួសារ​សព​តារា​ចម្រៀ​ង សាន ស្រីឡៃ ទទួល​អារម្មណ៍​និង​សម្ពាធ​ធ្ងន់​កំរិត​ណា?

គួររំលេកថា នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០​១៧​នេះ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស និង​ជា​អតីត​បេក្ខ​ភាព The Voice Cambodia រដូវ​កាល​ទី​២​កញ្ញា សាន ស្រី​ឡៃ ត្រូវ​​ខ្មាន់​កាំភ្លើងបាញ់​ទៅលើ​កញ្ញា​ចំនួន​៣​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់​មួយ​រំពេច នៅ​ក្នុង មន្ទីរ​សម្រាក​ព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរ​ស្ថានីយ៍​ទូរ​ទស្សន៍​អប្សរា ក្នុង​ខណ្ឌ​ចំការមន ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៧​នេះ ស្ថិត​នៅ​វត្ត​សែន​សុខ ខណ្ឌ​សែន​សុខ ក្រោម​ការ​ស្រែក​ទ្រ​ហោ​យំ​ខ្លាំង​ៗ គួរ​ឲ្យ​អាណិត​អាសូរ​យ៉ាង​ពន់​ពេក និង​សង្វេគ​បំផុត​ពី​សំណាក់​ម្ដាយ​បង្កើត កូន​ប្រុស​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ទាំង​២​នាក់ សាច់​ញាតិ​បង​ប្អូន ព្រម​ទាំង​មិត្ត​រួម​អាជីព​ជា​ច្រើន​នាក់ ហើយ​សូម្បី​តែ​ពុទ្ធ​បរិស័ទ​ក៏​ដូច​ជា ប្រជា​ពលរដ្ឋ និង​អ្នក​សារព័ត៌​មាន​ផង​ដែរ​នោះ​ក៏​ទប់​ទឹក​ភ្លែក​មិន​បាន​ផង ៕