ឆក់​ទាំង​ថ្ងៃ ឆក់​ទាំង​យប់​នៅ​ខណ្ឌ​ដូន​ពេញ

ភ្នំពេញ៖ ក្រុម​ជន​សង្ស័យ​២នាក់​បាន​ធ្វើ​សកម្ម​ភាព​ឆក់កាបូប​ពី​ស្ត្រី​មាន​ផ្ទៃ​ពោះ ៤ខែ​ជិះ​ម៉ូតូ​ម្នាក់​ឯង​បណ្តាល​អោយ​ដួល​រង​របួស​ជើង តែ​ឆក់​កាបូប​មិន​បាន​សម្រេច ហេតុ​ការណ៍​នេះ​នៅ​វេលា​ម៉ោង ៩​និង​៣០​នាទីថ្ងៃទី១៨ខែ​តុលា​ឆ្នាំ​២០១៧ នៅ​​តាម​​បណ្តោយ​ផ្លូវ​សហព័ន្ធ​រ៉ុស្សី ទល់​មុខ​ផ្សារ​បាយ័ន ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ។

ស្ត្រី​រង​គ្រោះ ឈ្មោះ សានស្រីនុច អាយុ ២៥ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្សារ​សំណង់​១២ ខណ្ឌ​ទួល​គោក ។​

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ស្ដ្រី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក today ពណ៌​ក្រហម​ដែល​គ្មាន​ពាក់​ស្លាក​លេខ​ដោយ​ចេញ​មក​ពី​ពិនិត្យ​ផ្ទៃ​ពោះ​ជិះ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រ៉ុស្សីពី​​កើត​​មក​លិច​ដល់​មុខ​ផ្សារ​បាយ័ន​បាន​លេច​មុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដោយ​មិនចាំ​ម៉ាក​ជិះ​មក​ពី​ក្រោយ​បាន​ធ្វើ​ស​កម្មភាព​ឆក់កាបូប​ពី​ស្រ្ដី​រងគ្រោះ​តែ​មិន​បាន​សម្រេច​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​រង​របួស​ជើង ។ ដោយ​ឡែក​ជន​សង្ស័យ​បាន​ជិះ​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង ។

ក្រោយ​កើត​ហេតុ ប្តី​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ឌុប​មក​ទទួល​ស្ត្រី​ជា​ប្រពន្ធ​ទៅ​លាង​របួស និង​នាំ​គាត់​ទៅ​ផ្ទះ​វិញ ៕