សមត្ថកិច្ច​ពិនិត្យ​​លើ​​សាក​សព​អ្នក​ស្លាប់​អត់​ឃើញ​អ្វី សមត្ថកិច្ច​សង្ស័យ​ថា…..

បន្ទាយមានជ័យ៖ ហេតុ​ការណ៍​បង្ក​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​កាល​ពីម៉ោង​១៥​និង​០០​នាទី​ថ្ងៃ​ទី​១៧​ខែ​តុលា​២០១៧ ដោយ​ប្រទះ​​ឃើ​ញ​បុរស​ជា​ជន​បរទេស​ម្នាក់​បាន​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ។

ជន​​រងគ្រោះ​​ត្រូវ​​បាន​​គេ​​ស្គាល់​​ឈ្មោះ​លីម ខ្យូ ហ៊ុន ភេទ​​ប្រុស​​អាយុ​​៤៧​​ឆ្នាំ​​ជន​ជាតិ​​កូរ៉េ ស្នាក់​នៅ​​បណ្តោះ​​អាសន្ន នៅ​ក្នុង​​បន្ទ​ប់​​លេខ​១០៤ ជាន់​ទី​១​ផ្ទះ​សំណាក់ ប៉ោយ​ប៉ែត​​ជាប់​​សា​ខា​​កាំ​កុង​​ត្រូល​​ក្រុង​​ប៉ោយ​ប៉ែត ។

យោង​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ដែល​ស្លាប់​នោះ បាន​​ជួល​បន្ទប់​ស្នាក់​នៅ ចេញ​ចូល​និង​បង់​ប្រាក់​​ថ្លៃ​បន្ទប់​​មួយ​ថ្ងៃ​ម្តង គឺ​បាន​ស្នាក់​​នៅ​​ចាប់​ពី​​ថ្ងៃ​​ទី​​១១ខែ​តុលា​ឆ្នាំ​២០១៧ រហូត​​មក​​ដល់​​ថ្ងៃ​ទី​១៧​ខែ​តុលា​ឆ្នាំ​២០១៧ប្រទះ​ឃើញ​ស្លាប់​តែ​ម្តង ក្រោយ​មក​ទើប​សមត្ថកិច្ច​បាន​មក​ត្រួត​ពិនិត្យ​ក្នុង​​បន្ទប់​​ជួល​​នោះ​​បាន​​រក​ឃើញ​​វត្ថុ​​តាង​រួម​មាន ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿង​ញៀន​១​គ្រឿង​សារ៉ាង​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំនួន​១១ និង​ឧបករណ៍​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ទៀត ដោយ​​រថយន្ត​​និង​វត្ថុតាង កម្លាំង​​នគរបាល​ក្រុង​ប៉ោយ​ប៉ែត​បាន​ប្រមូល​និង​គ្រប់​គ្រង ។

ក្នុង​ករណី​ជន​បរទេស​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ខាង​លើ​លោក​ ស៊ិន ធិនដេត អធិការ​នគរបា ល​ក្រុង​បាន​ឲ្យ​ដឹងថា នា​រសៀល​ថ្ងៃ​ទី​១៧​តុលា​២០១៧​កម្លាំង​របស់​លោក​កំពុង​ត្រួត​ពិនិត្យ​សាក​សព​នៅ​ឡើយ​ហើយ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ស្លាប់​នោះ​ទេ ។ ប្រភព​ច្បាស់​ការ​បាន​បង្ហើប​ថា ជន​រងគ្រោះ​អាច​ស្លាប់​ដោយ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ហួស​កំណត់​ទើប​បាន​ស្លាប់ ។

បច្ចុប្បន្ន​សាក​សព​ជនរងគ្រោះ​បាន​តម្កល់​ទុក​នៅ​ក្នុង​វត្តបាលិលេយ្យ​ក្រុង​ប៉ោយប៉ែត​ដើម្បី​រង់​ចាំ​បង​ប្អូន​យក​ទៅ​ធ្វើ​បុណ្យនៅប្រទេស​ដើម​វិញ ៕