ឃុំ​ខ្លួន​នគរបាល​ដែល​បាញ់​សម្លាប់ សន្តិសុខ ព្រោះ​រឿង​ច្រៀង​ខារ៉ា​អូខេ ពី​បទ​ឃាត​កម្ម និង​ប្រើ​អាវុធ​ខុស​ច្បាប់

ភ្នំពេញ៖​ យោង​តាម​ប្រភព​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា​នៅ​ម៉ោង ១១ និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ២០១៧នេះ លោក ម៉េង តូនី ចៅ​ក្រម​ស៊ើ​ប​សួរ​នៃ​សាលា​ដំបូង​រាជធានី បាន​សម្រេច​ចេញ​ដី​កា ឃុំ​ខ្លួន​លើ ជន​ត្រូវ​ចោទ​ដែល បាន​បាញ់​សម្លាប់​សន្តិ​សុខ​ម្នាក់ នៅ​ក្នុង​ហាង​ផឹក​ស៊ី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ជា​បណ្ដោះ​អាសន្ន នៅ​ពន្ធ​នាគារ ដើម្បី​រង​ចាំ​បន្ត​នីតិវិធី​នា​ពេល​ក្រោយ។

ប្រភព​ដដែល​បាន​បន្ថែម​ថា លោក ស្រី ម៉ាកនី ជា​តំណាង​អយ្យការ​បាន​ចោទ​ប្រកាន់​លើ​ឈ្មោះ​ សាន​ បូរី​ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ ជា​មន្ត្រី​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល នៃ​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ​ ស្នាក់​នៅ​ផ្ទះ​លេខ​៣១២​ ក្រុម​១១​ ភូមិ​ទ្រា​ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ពី​បទ ឃាត​កម្ម និង​បទ កាន់​កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុ​ញ្ញាត​យោង​តាម​មាត្រា ១៩៩ និង​មាត្រា ៤៩០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។

គួរ​រំលឹក​ថា កាល​ពី​យប់​ ថ្ងៃ​ទី​១៤​ ខែ​តុលា​ ឆ្នាំ​២០​១៧ កន្លង​ទៅ​មាន​ករណី ឃាត​កម្ម​មួយ​បាន​កើត​ឡើង ដោយ​ផ្តើម​ចេញ​ពី​ទំនាស់​ពាក្យ​សម្តី​ក្នុង​វង់​ផឹក​ស៊ី និង​ច្រៀង​ខារ៉ាអូខេ នៅ​ចំណុច​ក្នុង​​ហាង​លក់​គ្រឿង​ក្លែម​ផ្លូវ​លំ​ ក្រុម​ទី​១១​ ក្នុង​ភូមិ​ទ្រាល​ ជាប់​ប៉ុស្តិ៍នគរបាល​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ទាស់​សម្តី​គ្នា​រួច ជន​ត្រូវ​ចោទ​ឈ្មោះ សាន​ បូរី​ បាន​ទៅ​ផ្ទះ​យក​កាំ​ភ្លើង​ម៉ាក រ៉ូឡូ ទៅ​បាញ់​លើ​ជន​រងគ្រោះ​ឈ្មោះ ជ័យ​ ប៊ុនថន​ ភេទ​ប្រុស អាយុ ៥០ឆ្នាំ​ មុខរបរ ជា​សន្តិ​សុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​ទ្រា​ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ចំនួន ៣​គ្រាន់ ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ។

ក្រោយ​ធ្វើ​សកម្មភាព​រួច​សមត្ថកិច្ច​បាន ឃាត់​ខ្លួន​ជន​ត្រូវ​ចោទ​យក​ទៅ​ស្នង​ការដ្ឋាន​នគរ​បា​ល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​កសា​ងសំណុំ​រឿង ចាត់​ការ​តាម​ច្បាប់ ៕