គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បើក​មហា​សន្និបាត​ប្រចាំ​ឆ្នាំ

រាជធានី​ភ្នំពេញ៖ ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​រៀបចំ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​២២ ក្រោម​អធិបតី​ភាព លោក​មេធាវី សួន វិសាល ប្រធាន​គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​លោក អ៊ុក សាវុធ អគ្គ​ព្រះរាជ​អាជ្ញា​សាលា​ឧទ្ធរណ៍ ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក-សមាជិកា ក្រុម​ប្រឹក្សា​គណៈ​មេធាវី និង​សមាជិក-សមាជិកា​គណៈ​មេធាវី​នៅ​ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា។

លោក​មេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គ​លេខាធិការ​គណៈ​មេធាវី បាន​រាយការណ៍​ពី​សកម្មភាព​ការងារ​របស់​គណៈ​មេធាវី​ក្នុង​រយៈ​ពេល ១ ឆ្នាំ កន្លង​មក។ បន្ទាប់​មក​អង្គ​សន្និបាត​បាន​ធ្វើការ​បែងចែក​ក្រុម​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន ៤ ពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ​មេធាវី ហើយ​ក្រុម​ពិភាក្សា​នីមួយៗ មាន​ភារកិច្ច​ធ្វើ​បទ​បង្ហាញ​ជូន​មហា​សន្និបាត ដើម្បី​ជូន​សមាជិក-សមាជិកា​ក្រុម​ប្រឹក្សា​គណៈ​មេធាវី​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​សហភាតា​ទាំងអស់​បាន​លើក​ឡើង។

បន្ទាប់​ពី​មហា​សន្និបាត​បាន​បញ្ចប់ គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​រៀបចំ​ពិធី​ជប់លៀង ដើម្បី​អបអរ​សាទរ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​២២ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សំណាក់ លោក​បណ្ឌិត ឱម យ៉ិនទៀង ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​លោក​មេធាវី សួន វិសាល ប្រធាន​គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ថ្នាក់​ដឹកនាំ​កំពូលៗ នៃ​ស្ថាប័ន​ជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ជា​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ទៀត ព្រមទាំង​វត្តមាន​សមាជិក-សមាជិកា​គណៈ​មេធាវី។ ពិធី​ជប់លៀង​នេះ​បាន​ប្រព្រឹត្ត​ទៅ និង​បញ្ចប់​ដោយ​ភាព​សប្បាយ​រីករាយ និង​បង្ហាញ​ពី​សាមគ្គីភាព​ខ្ពស់​របស់​មហា​គ្រួសារ​មេធាវី រួម​ទាំង​ស្ថាប័ន​ដែល​ជា​ដៃគូ​សហប្រតិបត្តិការ។

គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​គោរព​ថ្លែង​អំណរ​គុណ​ជូន​ចំពោះ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គាំទ្រ​គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា សម្រាប់​ជា​ដៃគូ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា។

សូម​គោរព​ថ្លែង​អំណរគុណ​ជូន​ចំពោះ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​សម្ដេច​ក្រឡា​ហោម ស ខេង ដែល​បាន​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ពិធី​ជប់លៀង​អបអរ​សាទរ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី ២២ របស់​គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

សូម​គោរព​ថ្លែង​អំណរគុណ​ជូន​ចំពោះ លោក​បណ្ឌិត ឱម យ៉ិនទៀង ដែល​បាន​ផ្តល់​កិត្តិយស​ចូល​រួម​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ជប់លៀង និង​ឧបត្ថម្ភ​កម្មវិធី​ជប់លៀង​អបអរ​សាទរ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី ២២ របស់​គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

សូម​គោរព​ថ្លែង​អំណរ​គុណ​ជូន​ចំពោះ លោក អ៊ុក សាវុធ ដែល​បាន​ចំណាយ​ពេល​វេលា​ពេញ​មួយ​ថ្ងៃ និង​បាន​ផ្តល់​កិត្តិយស​ចូលរួម​ធ្វើ​ជា​អធិបតី​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី ២២ របស់​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូម​គោរព​ថ្លែង​អំណរគុណ​ជូន​ចំពោះ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែល​បាន​ផ្តល់​កិត្តិយស​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​ជប់លៀង​អបអរ​សាទរ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី ២២ របស់​គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

សូម​គោរព​ថ្លែង​អំណរ​គុណ​ជូន​ចំពោះ ស្វាយ ស៊ីថា ដែល​បាន​ផ្តល់​កិត្តិយស​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​ជប់លៀង​អបអរ​សាទរ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី ២២ របស់​គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

សូម​គោរព​ថ្លែង​អំណរគុណ​ជូន​ចំពោះ អស់​លោក លោក លោកស្រី អ្នក​នាង​កញ្ញា ដែល​បាន​ផ្តល់​កិត្តិយស​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី ២២ របស់​គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

សូម​គោរព​ថ្លែង​អំណរ​គុណ​ជូន​ចំពោះ​សហភាតា​មេធាវី​ទាំងអស់​ដែល​បាន​បំពេញ​កាតព្វកិច្ច​ចូលរួម និង​គាំទ្រ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី ២២ របស់​គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ទាំង​ស្មារតី និង​ហិរញ្ញវត្ថុ។

សូម​ថ្លែង​អំណរគុណ​ជូន​ចំពោះ​បុគ្គលិក​គណៈ​មេធាវី​ទាំងអស់ និង​ក្រុម​ការងារ​ទាំងអស់​ជា​កម្លាំង​សរុប ដែល​បាន​រួមចំណែក​ជួយ​រៀបចំ ចាត់ចែង​ឱ្យ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី ២២ របស់​គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ល្អ និង​រលូន ប្រកប​ដោយ​ជោគជ័យ៕