អាច​ទេ រូប​ថត​ទាំង​នេះ​ជា​ដើមហេតុ​ដុត​ភ្លើង​ប្រចណ្ឌ​ឲ្យ​ឆេះ​សន្ធោសន្ធៅ​ឡើង

បុរស​ម្នាក់​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Boom Park បាន​បង្ហោះ​រូប​ដែល​ថត​ចេញ​ពី​អេក្រង់ បង្ហោះ​ដោយ​ម្ចាស់​គណនី​មួយ​ទៀត​ឈ្មោះ Panha Sith ដែល​ភ្ជាប់​នឹង​ខ្លឹមសារ​ផ្អែមល្ហែម​ថា «នឹក​ម្ចាស់​ចិត្ត»។ រូប​ថត​ប៉ុន្មាន​សន្លឹក​នោះ​ជា​រូប​ថត​របស់​អ្នក​នាង សាន ស្រីឡៃ និង​បុរស​វ័យ​ក្មេង​ម្នាក់ ទំនង​ជា​ម្ចាស់​គណនី Panha Sith ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ដោយ​ម្ចាស់​គណនី សាន ស្រីឡៃ ភ្ជាប់​ជាមួយ​ខ្លឹមសារ​ថា «នឹក​​ៗ​បង»។

ម្ចាស់​គណនី Boom Park បាន​ភ្ជាប់​ខ្លឹមសារ​ជាមួយ​រូប​ថត​អេក្រង់​នេះ កាល​ពី​ព្រឹក​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០១៧ ថា រូបថត ស្និទ្ធស្នាល​និង​សារ​ផ្អែមល្ហែម​ល្អូកល្អើន​នេះ ដែល​ជា​មូលហេតុ ដុត​ភ្លើង​ប្រចណ្ឌ​ឲ្យ​ឆេះ​សន្ធោសន្ធៅ​ឡើង រហូត​ឈាន​ដល់​បង្ក​ជា​ឃាតកម្ម​ដ៏​សោក​សង្រេង​មួយ​នេះ។

ម្ចាស់​គណនី Boom Park បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «ថត​រូប Sweet ជាមួយ​ប្រពន្ធ​គេ និង​ថែម​សម្ដី​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​ចឹង រឿង​អី​ថា​ប្ដី​គេ​មិន​ប្រចណ្ឌ ! ប្រុស​ណា​មិន​ឈឺ ប្រុស​ណា​មិន​អន់​ចិត្ត ប្រុស​ណា​មិន​គិត​សង្ស័យ ថា​ប្រពន្ធ​ជា​ទី​ស្រលាញ់​ចង់​បែក​ចិត្ត​ទៅ​មាន​ប្រុស​ថ្មី ពេល​ឃើញ​មនុស្ស​ប្រុស​ផ្សេង​ថត​ជាមួយ​ប្រពន្ធ​ខ្លួនឯង ល្អូកល្អើន ស្និទ្ធស្នាល Sweet Sweet បែប​នេះ? ចឹង​ហើយ​បាន​បង្កើត​ទៅ​ជា​រឿង​ឃាតកម្ម បាញ់​សម្លាប់​មួយ​ពព្រិច​ភ្នែក ក្រោម​ការ​អូស​ទាញ​ពី​អារម្មណ៍ និង​ភ្លើង​ចិត្ត ប្រចណ្ឌ​មួយ​ឆាវ មិន​បាន​គិត ធ្វើ​ឲ្យ​កូនៗ​ត្រូវ​កំព្រា​មេបា គ្មាន​អ្នក​ចិញ្ចឹម!

ការ​ដុត​ភ្លើង​ប្រចណ្ឌ​ឲ្យ​ឡើង​កម្ដៅ Full (1) ចុង​ក្រោយ​សល់​តែ​វិប្បដិសារី (2) និង​រូបរាង​គ្មាន​វិញ្ញាណ ដេក​ស្ដូកស្ដឹង​ក្នុង​ថ្លុកឈាម យ៉ាង​អាណោចអាធ័ម ……………………….!

តែ​ទោះបី​ជា​យ៉ាងណា អ្នក​ទាំង​ពីរ​ក៏​បាន​ស្លាប់​ទៅ​ហើយ​ដែរ អញ្ចឹង​មាន​តែ​និយាយ​ថា សោកស្ដាយ ដែល​បុគ្គល​ជា​ប្ដី គិត​ខ្លី ឲ្យ​ភ្លើង ប្រចណ្ឌ​អូស​ទាញ​បាន​មួយ​ឆាវ ខុស​មួយ​ជាតិ ស្លាប់​មួយ​រំពេច ព្រោះ​តែ​ស្នេហា ស្មោះ​ត្រង់​មួយ មិន​ចង់​ឲ្យ​ប្រពន្ធ​បាន​ទៅ​ប្រុស​ដទៃ !

សូម​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ក្រុម​គ្រួសារ​សព​ទាំង​ពីរ​គ្រួសារ​ផង សូម​កើត​ជាតិ​ក្រោយ កុំ​ឲ្យ​រកាំរកូស ក្នុង​រឿង​ជីវិត​ប្ដី​ប្រពន្ធ​ដូច​ជាតិ​នេះ​ទៀត Rip (3)។»

សូម​បញ្ជាក់​ថា រូប​ដែល​បង្ហោះ​ដោយ​គណនី​ហ្វេសប៊ុក​ឈ្មោះ Panha Sith និង​ចែក​រំលែក​បន្ត​ដោយ​គណនី សាន ស្រីឡៃ នោះ​ធ្វើ​ឡើង​តាំងអំឡុង ខែកក្កដា ឆ្នាំ​២០១៧ មក​ម្ល៉េះ។

យោង​សេចក្ដី​រាយការណ៍​របស់​ទូរទស្សន៍​ហង្ស​មាស​នា​ព្រឹក​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០១៧ បាន​ថ្លែង​ឲ្យ​ដឹង​ថា ខ្មាន់កាំភ្លើង​ដែល​បាញ់ប្រហារ​សម្លាប់​តារាចម្រៀង សាន ស្រី​ឡៃ គឺជា​ប្តី​របស់​ខ្លួន ដែល​ករណី​ឈាន​ដល់​ការ​បាញ់ប្រហារ​នេះ​កើតឡើង​ដោយសារ​ភ្លើង​ប្រច័ណ្ឌ។

សាន ស្រីឡៃ​និង​ប្ដី​បាន​ចែកផ្លូវ​គ្នា​ដើរ​ជាង​១​ឆ្នាំ​មក​ហើយ ហើយ​ខាង​ប្រុស​ក៏​ធ្លាប់​មាន​ប្រពន្ធ​មួយទៀត​ដែរ មាន​កូន​៤​នាក់ ក្នុង​នោះ​មានកូន​ប្រុស​ម្នាក់ ខណៈ​ដែល​ស្រី​ឡៃ ត្រូវ​មើលថែ​កូន​ទាំង​២​នាក់​ដោយ​ខ្លួនឯង។

សូម​រំលឹក​ថា តារាចម្រៀង សាន ស្រីឡៃ ត្រូវ​ខ្មាន់​កាំភ្លើង​ជា​អតីត​ប្ដី​របស់​ខ្លួន​បាញ់​ប្រហារ​ចំនួន ៣​គ្រាប់ ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើត​ហេតុ ក្នុង​គ្លីនិក វ៉ាយតា​ឡុងហ្គា ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការ​មន។ ស្រីឡៃ មាន​អាយុ ២៦​ឆ្នាំ មាន​ម្ដាយ​ឈ្មោះ ឡុង ចន្ធី អាយុ​៤៦​ឆ្នាំ មាន​កូនប្រុស​ពីរ​នាក់។ ចំណែក​ប្ដី​របស់ ស្រីឡៃ ឈ្មោះ ជ័យ រិន ជា​មន្ត្រី​​បម្រើ​ការងារ​នៅអគ្គ​នាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា ក្រសួង​សេដ្ឋកិច្ច មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង។

នៅ​វេលា​ម៉ោងជាង​៧​យប់​សព​របស់​នាង​សាន ស្រី​ឡៃ ត្រូវ​បាន​នាំ​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​សែន​សុខ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ តាម​សំណូមពរ​របស់​ក្រុម​គ្រួសារ​ដោយសារ​ផ្ទះ​របស់​នាង​ក៏​ស្ថិត​នៅ​ជិត​កាំ​កូ​ស៊ី​ធី ។​ចំណែក​សាកសព​ខ្មាន់កាំភ្លើង​ដែល​ជា​ប្តី ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ឯ​ស្រុក​កំណើត ខេត្តព្រៃវែង។ បើ​តាម​ក្រុម​គ្រួសារ​សព​ខ្មាន់កាំភ្លើង បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា បើ​គ្មាន​ភ្លើង​ក៏​គ្មាន​ផ្សែង​ដែរ៕

* (1) ពេញ, (2) គួរ​ប្រើ​ជា វិប្បដិសារៈ (3) RIP = Rest In Peace

អ្នកស្រី ឡុង ចន្ធី ម្ដាយ​បង្កើត​របស់​អ្នកនាង សាន ស្រីឡៃ