មនុស្ស​៣​នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​អគ្គី​ភ័យ​ឆេះ​ហាង​កុំព្យូទ័រ នៅ​ក្រោយ​ស្តាត​ចាស់

រាជធានី​ភ្នំពេញ៖ យោង​សេចក្ដី​រាយ​ការ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​១២​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧ នេះ មាន​ជន​រងគ្រោះ​ចំនួន​៣​នាក់​ហើយ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ​ក្នុង​គ្រោះ​អគ្គីភ័យ​ឆេះ​ហាង​លក់​កុំព្យូទ័រ​យីហោ STC នៅ​សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ គឺ​នៅ​ខាង​ក្រោយ​ស្តាត​ចាស់។​

ជន​រងគ្រោះ​ទាំង​៣ ពុំ​ទាន់​ត្រូវ​បាន​គេ​ស្គាល់​​អត្តសញ្ញាណ​​នៅ​ឡើយទេ។ អ្នក​ទាំង​បី​ត្រូវ​បាន​ជាប់​នៅ​ក្នុង​ផ្ទះ​នៅ​ពេល​អគ្គីភ័យ​កំពុង​ឆាប​ឆេះ ហើយ​កង​សមត្ថកិច្ច​ព្យាយាម​ដុតដៃ​ដុតជើង​ជួយ​សង្គ្រោះ តែ​សង្គ្រោះ​ពុំ​បាន។ សព​ទើបតែ​បាន​យក​ចេញ​បាន​ម្នាក់ ចំណែក​២​នាក់​ទៀត សមត្ថកិច​កំពុង​វាយ​ជញ្ជាំង​ដើម្បី​យក។​

សូម​រំលឹក​ថា អគ្គីភ័យ​បាន​ឆេះ​តាំង​ពី​​ម៉ោង​ប្រហែ​១១​យប់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧​មក​ម្ល៉េះ ដែល​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា បណ្ដាល​មក​ពី​ផ្ទុះ​ធុង​ហ្គាស។ គេ​ពុំ​ទាន់​ដឹង​ដែរ​ថា មាន​ការ​ខូច​ខាត​អស់​ទ្រព្យ​សម្បត្តិ​ប៉ុន្មាន​នៅ​ឡើយ​ទេ៕