ប្រវត្តិ​ស្នេហា​ខ្លះ​ៗ​របស់​អ្នក​នាង សាន ស្រីឡៃ មុន​ត្រូវ​អតីត​ប្ដី​បាញ់​សម្លាប់

យោង​តាម​ប្រសាសន៍​របស់​អ្នក​មីង ឡុង ចន្ធី អាយុ ៤៦​ឆ្នាំ ដែល​ត្រូវ​ជា​ម្ដាយ​បង្កើត​របស់​សព​អ្នក​នាង សាន ស្រីឡៃ បាន​ឲ្យ​ដឹង​ថា នាង​គឺ​ជា​កូន​ច្បង​គេ​ក្នុង​គ្រួសារ ក្នុង​ចំណោម​បងប្អូន​បង្កើត​៤​នាក់។ អ្នក​នាង​បាន​រៀប​ការ​មាន​ស្វាមី ហើយ​មាន​កូន​ប្រុស​២​នាក់ ម្នាក់​អាយុ ៦​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ ៨​ឆ្នាំ។

ប្ដី​ឈ្មោះ ជ័យ រិន អាយុ ៥៣​ឆ្នាំ ជា​មន្ត្រី ហើយ​បម្រើ​ការងារ​នៅអគ្គ​នាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា ក្រសួង​សេដ្ឋកិច្ច ។ ជីវិត​គ្រួសារ​នាង​​ពុំ​ចុះ​សម្រុង​នឹង​គ្នា​ទេ ព្រោះ​ប្ដី​របស់​នាង​ប្រចណ្ឌ​ប្រពន្ធ។ ពេល​ដែល​នាង ចូល​ប្រឡង​ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​២។​ នាង​តែង​តែ​សុំ​ប្ដី​ឲ្យ​ដោះ​លែង​ជី​វិត​នាង​ឲ្យ​មាន​សេរីភាព​ទៅ តែ​ប្ដី​នាង​បាន​តប​ថា បើ​ដោះលែង​មាន​តែ​ផ្លូវ​ស្លាប់​ប៉ុណ្ណោះ។

ដោយ​សារ​ប្ដី​របស់​នាង​បាន​បោះ​សម្ដី​ដូច​នេះ នាង​តែង​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ដោយ​ប្រុង​ប្រយ័ត្ន​ជា​និច្ច។ តែ​នៅ​ថ្ងៃ​កើត​ហេតុ នាង​បាន​ធ្វើ​ដំណើរ​ទៅ​គ្លីនិក វ៉ាយ​តា​ឡុងហ្គា ហើយ​ប្ដី​របស់​នាង​បាន​ធ្វើ​ដំណើរ​មក​ពី​ព្រៃវែង មក​ចាំ​នាង​ស្រេច ពេល​នាង​ចុះ​ពី​ឡាន​មក ​ក៏​ដក​កាំភ្លើង​ខ្លី​មក​រ៉ឡូ​ចេញ​ពី​កាបូប បាញ់​ប្រហារ​លើ​នាង​ចំនួន​៣​គ្រាប់​ស្លាប់​ភ្លាម​នៅ​កន្លែង​កើត​ហេតុ ហើយ​ប្ដី​របស់​នាង​ក៏​បាញ់​មួយ​គ្រាប់​ចំ​សៀតផ្កា ស្លាប់​តាម​ក្រោយ។​

ប្រភព​ខ្លះ​ទៀត​ថា ក្នុង​កំឡុង​ពេល​អ្នក​នាង សាន ស្រីឡៃ ប្រឡូកក្នុង​សិល្បៈ ប្ដី​របស់​នាង​រូប​នេះ បាន​បង្ខំ​ឲ្យ​អ្នកនាង ឈប់​ពី​សិល្បៈ​ជា​ច្រើន​លើក​ច្រើន​សា ដោយសារ​តែ​ប្រចណ្ឌ ពេល​ដែល​អ្នក​នាង នៅ​ក្បែរ​តារា​ប្រុសៗ​ដទៃ។​

សូម​រំលឹក​ថា ​នាវេលាម៉ោង ៤សៀល ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០១៧ នេះ ទើប​ជន​ដៃ​ដល់ បាន​បាញ់​សម្លាប់​តារា​ចម្រៀង​ខាងលើ នៅចំណុច គ្លីនិក កែសម្ផស្សឈ្មោះ វ៉ាយតាឡុងហ្គោ ស្ថិតនៅផ្លូវ​៣៦០ កែង​ផ្លូវ​៥៧ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការ​មន ហើយបាន​សម្លាប់​ខ្លួនឯង​ជា​ក្រោយ​តែម្ដង ដោយ​បាន​បន្សល់​ទុក​កូន​ប្រុស​២ នាក់​ម្នាក់​អាយុ ៨ឆ្នាំ និង​ម្នាក់​ទៀត​អាយុ ៦ឆ្នាំ ក្លាយ​ជា​ក្មេង​កំព្រាឪពុកម្ដាយ។

មកទល់​ពេលនេះ ភ្នាក់ងារ​របស់​ក្រុមហ៊ុន​ហង្សមាស បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន នឹង​ចេញ​មុខ​ធ្វើ​បុណ្យ​សព​តារាច​ម្រៀង សាន ស្រីឡៃ ទាំងស្រុង៕

អ្នកស្រី ឡុង ចន្ធី ម្ដាយ​បង្កើត​របស់​អ្នកនាង សាន ស្រីឡៃ

សូម​ទស្សនា​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព