មាន​រឿង​រកាំ​រកូស​ក្នុង​គ្រួសារ​ប្ដី​យក​កូន​ទៅ​ស្រុក​កំណើត​ប្រពន្ធ​តាម​ទាន់​ផ្អើល​តាម​ផ្លូវ

ភ្នំពេញ៖ ស្រ្តី​ម្នាក់​បាន​ដេញ​តាម​ដណ្ដើម​កូន​ប្រុស​ពី​ប្ដី រហូត​មាន​ការ​ប្រវាយ​ប្រតប់​គ្នា​កើត​ឡើង​យ៉ាង​ខ្លាំង​នៅ​តាម​ដង​ផ្លូវ ដោយ​បាន​ចោទ​ថា​ប្ដី​លួច​កូន​រត់​គេច​ចេញ​ពី​រូប​នាង ក្រោយ​ពេល​ដែល​មាន​រឿង​រកាំ​រកូស​ជា​មួយ​គ្នា​កើត​ឡើង​នៅ​ក្នុង​រង្វង់​គ្រួសារ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ ។​ ដែល​ការ​ប្រទូស្ដ​រាយ​គ្នា​នោះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល កាល​ពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៧​នៅ​លើ​កំណាត់​មហា​វិថី​សហព័ន្ធរុស្ស៊ី​មុខ​អធិការ​ដ្ឋាន នគរបាល​ខណ្ឌពោធិ៍​សែន​ជ័យ ស្ថិត​នៅ​ក្នុង​សង្កាត់​កាកាប ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ជា​ប្ដី​ឈ្មោះ​សាំង ចំរើន អាយុ​៤០​ឆ្នាំ​មាន​ស្រុក​កំណើត​នៅ​ក្នុង​ឃុំ​សុភី ស្រុក​បាទី ខេត្ត​តាកែវ និង​ប្រពន្ធ​ឈ្មោះ​ស្រី ស អាយុ​៣៣​ឆ្នាំ មុខ​របរ​ជាង​អ៊ុត​សក់ ស្នាក់​នៅ​ម្ដុំជិត​មន្ទីរ​ពេទ្យ​កាល់​ម៉ែត សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ។​អ្នក​ទាំង​២​នាក់​នេះ​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​សាំង ម៉ារ៉ានី អាយុ​ទើប​បាន​៦​ខែ​ប៉ុណ្ណោះ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ប្ដី​ប្រពន្ធ​មួយ​គូ​នោះ​រៀប​ការ​ជា​មួយ​គ្នា​១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ទើប​តែ​បង្កើត​បាន​កូន​ប្រុស​អាយុ​៦​ខែ​ម្នាក់​នេះ​តែ​ប៉ុណ្ណោះ ដោយ​ប្រពន្ធ​មាន​មុខ​របរ​ជា​ជាង​អ៊ុត​សក់ ចំណែក​ប្ដី​កាល​ពី​មុន​ជា​ជាង​ធ្វើ​ស្លាក​យី​ហោ ប៉ុន្តែ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ប្ដី​គ្មាន​មុខ​របរ​ធ្វើ​ទេ ដែល​ជា​ហេតុធ្វើ​ឲ្យ​ជីវ​ភាព​គ្រួសារ​មាន​ការ​ខ្វះ​ខាត ហើយ​ដោយ​សារ​តែ​គ្មាន​លុយ​ចាយ​វាយ ប្រពន្ធ​បាន​សុំ​ប្ដី​ទៅ​ធ្វើ​ជា​ស្រី​បម្រើ​នៅ​ក្នុង​ហាង​ខារ៉ាអូរខេ​មួយ ប៉ុន្តែ​ត្រូវ​បាន​ប្ដី​បដិសេធន៍​មិន​ព្រម​ឲ្យ​ធ្វើ​ឡើយ ទើប​មាន​ទំនាស់​កើត​ឡើង​រហូត​ដល់​ការ​ចែក​ផ្លូវ​គ្នា ប៉ុន្តែ​មិន​បាន​ទៅ​ប្ដឹង​ដល់​អាជ្ញាធរ​ភូមិ​ឃុំ ឬ​តុលា​ការ​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​បែក​ផ្លូវគ្នា​អ្នក​ទាំង​បាន​ដណ្ដើម​គ្នា យក​កូន​ទៅ​គ្រប់​គ្រង​រៀ​ង​ៗ​ខ្លួន ដោយ​ឡែក នៅ​មុន​ពេល​កើត​ហេតុ​បុរស​ជា​ប្ដី​បាន​លួច​យក​កូន​ប្រុស ជិះ​ម៉ូតូ​រត់គេចខ្លួន​ទៅ​កាន់​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​​ពេល​នោះ​នាង​ជា​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​ឌុប​ដេញ​តា​ម​ទាន់ នៅ​ចំណុច​មុខ​អធិការ​ដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​បាន​ដណ្ដើម​កូន​គ្នា​បណ្ដាល​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​តាម​ផ្លូវ​យ៉ាង​ខ្លាំង បន្ទាប់​មក​នគរ​បាល​ប៉ុស្ដិ៍​កាកាប បាន​ចុះ​ទៅ​អន្តរាគមន៍​នាំ​អ្នក​ទាំង​២​ទៅ​កាន់​ប៉ុស្ដិ៍ ហើយ​ពួក​គេ​ក៏​បាន​សម្រួល​គ្នា ដោយ​សុខ​ចិត្ត​រស់​នៅ​ជា​មួយ​គ្នា​វិញ រីឯ​ប្ដី​បាន​សន្យា​ថា​និង​រក​ស៊ី​ចិញ្ចឹម​ប្រពន្ធ មិន​ឲ្យ​នាង​ទៅ​ធ្វើ​​ជា​ស្រី​បម្រើហាង​ខា​រ៉ាអូ​ខេ​ឡើយ ៕