យុវ​ជន​ម្នាក់​សង្ស័យ​បែក​ថ្នាំ​កាន់​ដុំ​ថ្ម​រត់​ទៅ​គប់​កញ្ចក់​រថយន្ត​ដឹក​ដី​ក៏​ត្រូវ​រថយន្ត​នោះ​បុក​របួស​ធ្ងន់

ភ្នំពេញ៖ យុវជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ សង្ស័យ​បែក​ថ្នាំ​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ក្រោ​យ​ពេល​ដែល​រូប​គេ​កាន់​ដុំ​ថ្ម​នៅ​ក្នុង​ដៃ រត់​ចូល​ទៅ​គប់​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង ហើយ​ក៏​ត្រូវ​បាន​រថយន្ត​នោះ​បុក​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ​តែ​ម្ដង ។​

ហេតុការណ៍​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០​១៧ នៅ លើ​កំណាត់​ផ្លូវ​វេង​ស្រេង ត្រង់​ចំណុច​មុខ​រោង​ចក្រ​កាត់​ដេរ​៦​ជាន់ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍​សែន​ជ័យ ។

យុវជន​ខាងលើ​នោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ឡើយ មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ហើយ​សង្ស័យ​ថា​ជា​មនុស្ស​បែក​ថ្នាំ​លែង​ដឹង​អី​ទៅ​ហើយ ចំណែក​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​នោះ​ម៉ាក​ហ៊ីណូ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-3707 បើកបរ​ដោយ​បុរស​មិន​​ស្គាល់​ឈ្មោះ​ម្នាក់ ហើយ​ក្រោយ​ពេល​កើតហេតុ ដោយ​ឃើញ​យុវជន​ខាង​លើ​រង​របួស​ធ្ងន់​ស្មាន​ថា​ស្លាប់​អ្នក​បើក​រថយន្ត​ក៏​បាន​បើក​ទ្វារ​ចុះ​រត់​គេច​ខ្លួន​ចោល​រថយន្ត​បាត់​ស្រមោល ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពល​រដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ពួក​គាត់​បាន​ឃើញ យុវ​ជន​រងគ្រោះ​ម្នាក់​នោះ​កាន់​ដុំ​ថ្ម​នៅ​ក្នុង​ដៃ ឈរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​ស្ថានភាព​មិន​ប្រក្រតី​ហាក់​ដូច​ជា​មនុស្ស​សសៃ​ប្រសាទ​អញ្ចឹង ដោយ​រង់​ចាំ​គប់​ទៅ​លើ​រថយន្ត​ដែល​បើក​បរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ព្រម​ទាំង​ប៉ុន​ប៉ង​រត់​ចោល​ឲ្យ​រថយន្ត​បុក​ទៀត លុះ​មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​ឃើញ​រថយន្ត​បែន​ដឹកដី​១​គ្រឿង​ខាង​លើ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត ហើយ​យុវជន​ខាង​លើ​បាន​រត់ចូល​ទៅ​គប់​ក៏​ត្រូវ​បាន​រថយន្ត​នេះ​បុក​បណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​ផ្លូវ​បែក​ក្បាល​សន្លប់​ស្ដូក​ស្ដឹង ។

ប្រភព​ខាង​លើ​បាន​បន្ត​ថា ភ្លាមៗ​នោះ​អ្នក​បើក​បរ​រថយន្ត​នឹក​ស្មាន​ថា ជនរង​គ្រោះ​ស្លាប់ ​ក៏​បាន​ចុះ​ពី​លើ​រថយន្ត​រួច​រត់​គេច​ខ្លួន​បាត់ ក្រោ​យ​ពេល​កើត​ហេតុ​ជន​រងគ្រោះ​រូប​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម ចំណែក​រថយន្ត​ត្រូវ​បាន​នគរបាល​នាំ​យក​ទៅ​រក្សា​ទុក​រង់​ចាំការ​កសាង​សំណុំ​រឿង​តាម​ជំនាញ ៕