ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​លើ​បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុក​ឈាម

ភ្នំពេញៈ ខ្មាន់​កាំភ្លើង​ម្នាក់​បាញ់​បុរស​ម្នាក់​ដែល​គេ​អះ​អាង​ថា​សន្តិសុខ​ប្រចាំ​នៅ​រោង​ចក្រ​មួយ​កន្លែង​បណ្ដាល​ឲ្យ​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម​តែ​ម្ដង​ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៤​ខែ​តុលា​ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ​ទ្រា​១ សង្កាត់​ស្ទឹង​មាន​ជ័យ១ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ។

ជន​រងគ្រោះ​មាន​ឈ្មោះ ជ័យ ប៊ុនថន អាយុ​៥០​ឆ្នាំ​មាន​មុខ​របរ​អតីត​សន្ដិសុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ មាន​ទី​លំ​នៅ​ភូមិ​ទ្រា​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ ។​ ដោយ​ឡែក​ជន​សង្ស័យ​​មាន​ឈ្មោះ សាន្ដ បូរី អាយុ​៣៨​ឆ្នាំ​មុខ​របរ​មន្ដ្រី​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ក្រុង ​មាន​ទី​លំ​នៅ​ផ្ទះ​លេខ​៣១២​ ភូមិ​​ទ្រា១ សង្កា​ត់​​​ស្ទឹង​​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ​។

បើ​តាម​សាក្សី​ឈ្មោះ រិន វ៉េត​ អាយុ​៥១​ឆ្នាំ​មុខ​របរ​ប្រធាន​សន្ដិ​សុខ​ឯក​ជន​​​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ជន​រងគ្រោះ​បាន​ចូល​មក​ផឹក​តាំង​ពី​ម៉ោង​២​រសៀល​ដែល​មាន​គ្នា​៣​នាក់​ផឹក​អស់​២​កញ្ច្រែង រហូត​មក​ដល់​វេលា​ម៉ោង​កើត​ហេតុ​​ជនរងគ្រោះ​បាន​សុំ​ម្ចាស់​ហាង​ច្រៀង មួយ ដោយ​ឡែក​ជន​សង្ស័យ​បាន​អង្គុយ​ផឹក​តុ​ផ្សេង​ដោយ​មាន​គ្នា​២​នាក់ នៅ​ក្នុង​ពេល​ជន​រង​គ្រោះ​​កំពុង​ច្រៀង​ក៏​បាន​ទាស់​ពាក្យ​សម្ដី​ជា​មួយ​ជន​សង្ស័យ​ដោយ​មិន​ដឹង​មូល​ហេតុ ស្រាប់​តែ​ពេល​នោះ​គ្នា​ជន​សង្ស័យ​ម្នាក់​បាន​ត្រលប់​ទៅ​ផ្ទះ​វិញ​បាត់ ដោយ​ជន​សង្ស័យ​ដើរ​ទៅ​​ក្រោយ​ផ្ទះ​​មួយ​សន្ទះ​ជន​សង្ស័យ​បាន​កាន់​កាំភ្លើង​ដើរ​មក​វិញ​នៅ​កន្លែង​ផឹក​ស៊ី ស្រាប់​តែ​ជន​រងគ្រោះ​បាន​និយាយ​ថា កាន់​កាំភ្លើង​មក​ធ្វើ​អ្វី​យើង​សុទ្ធ​តែ​មន្ដ្រី​រាជការ​ដូច​គ្នា​ទេ ភ្លាម​ៗ​នោះ​​បង​ប្អូន​​ជន​សង្ស័យ​លួង​ឲ្យ​ត្រលប់​​ទៅ​ក្រោយ​​ផ្ទះ​​វិញ​បាត់​ទៅ ក្រោយ​មក​២០​នាទី​ជន​រងគ្រោះ​បាន​និយាយ​ថា ផឹក​ស៊ី​កាន់​កាំភ្លើង​ប្រងេង​​ប្រងាង​ធ្វើ​អ្វី ស្រាប់​តែ​ពេល​នោះ​ជន​សង្ស័​យ​បាន​កាន់​កាំភ្លើង​មក​ម្ដង​ទៀត ដោយ​ជន​រងគ្រោះ​បាន​ស្ទុះ​ទៅ​ចាប់​កាំភ្លើង​បណ្ដាល​ឲ្យ​ជនសង្ស័យ​បាញ់​ទៅ​លើ​ជនរងគ្រោះ​ចំនួន​៣​គ្រាប់​បណ្ដាល​ឲ្យ​ជន​រងគ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុក​ឈាម​មួយ​រំពេច ភ្លាមៗ​នោះ​ជន​សង្ស័យ​ត្រូវ​​បាន​អ្នក​ផឹក​ស៊ី​ជា​មួយ​គ្នា​ចាប់​ប្រគល់​ឲ្យ​​សមត្ថ​កិច្ច​ប៉ុស្ដិ៍នគរបាល​ស្ទឹង​មាន​ជ័យ ធ្វើ​ការ​សាក​សួរ​ចាប់​ការ​តាម​ផ្លូវ​ច្បាប់ ។

នៅ​ក្នុង​ហេតុ​ការណ៍​បាញ់​សម្លាប់​នោះ​សមត្ថ​កិច្ច​ដក​ហូត​បាន​
១.កាំ​ភ្លើង​ខ្លី​មួយ​ដើម​(ម៉ាក រ៉ូឡូ)
២.គ្រាប់​ចំនួន​០៥​គ្រាប់
៣.សំបក​គ្រាប់​ចំនួន​០៣

បច្ចុប្បន្ន​ជន​សង្ស័យ​និង​វត្ថុតាង​ត្រូវ​បាន​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សង្កាត​ស្ទឹង​មាន​ជ័យ ដោយ​ឡែក​សាក​សព​ជន​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិច្ឆ័យ​ចុះ​មក​ពិនិត្យ​រួច​ប្រគល់​សាក​សព​ជនរង​គ្រោះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕