ដាក់កម្លាំងត្រួតពិនិត្យ ប៉ះចំអ្នកមកដឹកគ្រឿងញៀនទៅលក់នៅខេត្ត មានអីខ្ញីរបស់ប៉ូលីស
|ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចំរុះនៃគណៈបញ្ជាការខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៧ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានគ្រឿងញៀនមួយចំនួន ធំ នៅក្នុងប្រតិបត្តិការណ៍ត្រួតពិនិត្យ អាវុធជាតិផ្ទុះ ។
យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ផន មិត្ត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្គន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបាន៖
-ម្សៅក្រាមពណ៌សថ្លាមាន តំរុយគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនចំនួន ២កញ្ចប់ (១កញ្ចប់ថង់ធំ និង១កញ្ចប់ធំល្មម) ។
-ថង់ប្លាស្ទីកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន ។
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GL-9472 ចំនួន០១គ្រឿង
-និងកាបូបពណ៌ទឹកប៊ិចចំនួន១
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀន នៅចំនុចផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូដោយមានការសង្ស័យ ទើបសមត្ថកិច្ចបានហៅឱ្យឈប់ ដើម្បីត្រួតពិនិត្យ និងឆែកឆេរ។ នៅពេលសមត្ថកិច្ចហៅឈប់ ជនង្ស័យក៏បាន ផ្ដួលម៉ូតូចោលរួចរត់ចូលទៅក្នុងដីឡូត៍គ្មានលេខ មួយកន្លែង បន្ទាប់មកកម្លាំងសមត្ថកិច្ចបានដេញតាម និងឡោមព័ទ្ធ រហូតដល់ម៉ោង២ និង៣០នាទីឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ទើបឃាត់ខ្លួនជនសង្ស័យបាន ។
ក្រោយឃាត់ខ្លួន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែក ដើម្បីធ្វើការសាកសួរ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕