ដោះ​លែង​​មន្ត្រី​​នគរបាល​​ថ្នាក់​អនុ​សេនីយ៍​​ឯក​​ម្នាក់​​ឱ្យ​​នៅ​​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន រឿង​​ឆបោក​ប្រាក់​​ជាង​​​៧​​ម៉ឺន​​ដុល្លារ​​

តាកែវ​៖ នៅ​​ថ្ងៃ​ទី​​១៣​ ខែ​​តុលា​ ឆ្នាំ​​២០១៧​​លោក​ អឿង​ វណ្ណា​ អនុ​ប្រធាន​​តុលាការ​​ខេត្ត​តាកែវ​ និង​​ជា​​ចៅ​ក្រម​​ស៊ើប​សួរ​​សាលា​ដំបូង​ខេត្ដ​បាន​សម្រេច​​ដោះ​លែង​​មន្ត្រី​​នគរបាល​​ថ្នាក់​អនុ​សេនីយ៍​​ឯក​​ម្នាក់​​ឱ្យ​​នៅ​​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ ករណី​​ឆបោក​​ប្រាក់​​ជាង​​៧​ម៉ឺន​​ដុល្លារ​អាមេរិក​​ឲ្យ​ត្រលប់​​ទៅ​ផ្ទះ​វិញ ដោយ​​ជន​​រង​គ្រោះ​​ដែល​ត្រូវ​គេ​ឆ​បោក​ប្រាក់​បាន​មក​ស្រែក​ថា​ អយុត្តិ​ធម៌​​ខ្លាំង​​ណាស់​ ។

ជន​សង្ស័យ​រូប​នេះ​​ឈ្មោះ​ សេង​ ម៉ានីត​ ត្រូវ​បាន​ចាប់​ខ្លួន​និង​បាន​បញ្ជូន​ភ្លាម​ៗ​ទៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​តាកែវ កាល​ពី​​ថ្ងៃ​ទី​​១២​ ខែ​តុលា​ ។​

គួរ​​រលឹក​ថា​ មន្ត្រីនគរបាល​ថ្នាក់​អនុសេនីយ៍ឯក ផេង ម៉ានីត បាន​ឆបោក​ប្រាក់​ពី​ឈ្មោះ ជា វិបុល ឱ្យ​​យក​ប្រាក់​ជាង​​៧​ម៉ឺន​​ដុល្លារ​អាមេរិក​ ទៅ​ទិញ​ដី​នៅ​ភូមិ​​ឫស្សី​​មួយ​គុម្ព ភូមិ​អូ​សារ៉ាយ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​កំឡុង​ខែ​ឧសភា ឆ្នាំ​២០១៥ បន្ទាប់​ពី​ទទួល​ប្រាក់​រួច​ ឈ្មោះ ផេង ម៉ានីត ក៏​គេច​ខ្លួន​បាត់​​រហូត ហើយ​ជន​រងគ្រោះ​ឈ្មោះ ជា វិបុល ក៏​បាន​យក​ភស្តុ​តាង​ទាំង​អស់​ទៅ​ដាក់​ពាក្យ​បណ្តឹង នៅ​តុលា​ការ​ខេត្ត​តាកែវ​ បន្ទាប់​មក តុលាការ​ខេត្ត​ក៏​បាន​សម្រេច​​ឱ្យ​​ឃុំ​ខ្លួន​ឈ្មោះ ផេង ម៉ានីត ពី​បទ​​ឆបោក​​តាម​មាត្រា​៣៧៧​និង​មាត្រា​​៣៧៨ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី១៣ ខែ​តុលា នេះ​ក្រោយ​​ពី​ចាប់​ខ្លួន​ជន​ល្មើស​បាន​មួយ​ថ្ងៃ ស្រាប់​​តែ​​លោក អឿង វណ្ណា ជា​អនុ​ប្រធាន​តុលា​ការ​ខេត្ត​​តាកែវ​ បាន​អនុញ្ញាត​​ឱ្យ​នៅ​ក្រៅ​ឃុំ​​បណ្តោះ​អាសន្ន​​វិញ ​ការ​សម្រេច​បែប​នេះ​ធ្វើ​ឱ្យ​ជន​រងគ្រោះ​មិន​សុខ​ចិត្ត​និង​អំពាវ​នាវ​ឱ្យ​លោក​ចៅ​ក្រម​ចាត់​ការ​តាម​ច្បាប់​ចំពោះ​ជន​ល្មើស ។
លោក​អនុ​ប្រធាន​តុលាការ អឿង វណ្ណា មិន​ទាន់​អាច​សុំ​ការ​បក​ស្រាយ​ពីបាន​នោះ​ទេ ៕