តុលាការ​ផ្តន្ទា​ទោសជនជាតិ​​​ដាក់​​គុកមួយ​ជីវិត សម្លាប់​ថៅ​កែ​ចិន​យក​សព​ទៅ​បោះ​ចោល​នៅ​ស្ពាន​អ្នក​លឿង

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១​៧​នេះ លោក កោ វណ្ឌី ប្រធាន​ក្រុម​ប្រឹក្សា​ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ៖
-ទី១​ឈ្មោះ កៅ ឃឹយាន (GAO KE YUAN) ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជន​ជាតិ​ចិន កាន់​លិខិត​ឆ្លង​ដែន​លេខ​E៦២៥៩៩៦៩៦ មុខរបរ ចុង​​ភៅ​​នៅ​​ភោជនី​​ដ្ឋាន ប៉ាវ ឡៅ ស្ថិត​នៅ​ភូមិ​២ សង្កាត់​២ ក្រុង​ខេត្ត​ព្រះ​សីហនុ ដាក់​ពន្ធនា​គារ​កំណត់​អស់​មួយ​ជីវិត ។
-ទី​២​ឈ្មោះ ម៉ុន ចំរើន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជន​ជាតិ​ខ្មែរ​ត្រូវ​ជា​ប្អូន​ថ្លៃ​ឈ្មោះ កៅ ឃឹយាន មុខរបរ មិន​ពិត​ប្រាកដ អត្តសញ្ញាណ​ប័ណ្ណ​លេខ 050884785 មាន​ទី​លំ​នៅ​ភូមិ​ចុង​ក្រូច ឃុំរាប ស្រុកពាមរ ខេត្តព្រៃវែង ដាក់ពន្ធនាគារ​កំណត់​រយៈ​ពេល ៣០​ឆ្នាំ ពី​បទ ឃាតកម្ម​គិត​ទុក​ជា​មុន លើ​ជន​រង​គ្រោះ ឈ្មោះ ឡ ហ្វុង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន កាន់​លិខិត​ឆ្លង​ដែន​លេខ E10490014 មុខរបរ បើក​ហាង​លក់​ម្ហូប​អាហារ​ចិន មាន​ទី​លំ​នៅ​ភូមិ​២ សង្កាត់​២ ក្រុង​ខេត្ត​ព្រះ​សីហនុ ប្រព្រឹត្ត​កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​សំណាក់ ដារ៉ា បន្ទប់​លេខ​១០ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ យោង​តាម​មាត្រា​២០០​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។

នៅ​ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ជន​ជាប់​ចោទ ឈ្មោះ កៅ ឃឹយាន បាន​សារ​ភាព​ថា មូល​ហេតុ​ដែល​រូប​គេ បបួល​ប្អូន​ថ្លៃ ចាប់​ជម្រិត​ទារ​ប្រាក់ និង​ឈាន​ដល់​សម្លាប់​ជន​រង​គ្រោះ គឺ​ដោយ​សារ​រូប​គេ​ខឹង ជន​រងគ្រោះ​បញ្ឈប់​រូប​គេ​ពី​ការ​ងារ ។
ជន​ជាប់​ចោទ​ឈ្មោះ ម៉ុន ចំរើន បាន​ឆ្លើយ​ថា ដោយ​សារ​តែ​ជន​រង​គ្រោះ មិន​ព្រម​ប្រគល់​ប្រាក់​ឱ្យ​តាម​ការ​ទាម​ទារ ទើប​ពួក​ខ្លួន បាន​សម្លាប់​ជន​រង​គ្រោះ ដោយ​ប្រើ​ស្កុត​រុំ​ដៃ​ជើង និង​មាត់ រួច​ចាប់​ក្បាល​ជន​រងគ្រោះ​បោក​នឹង​ជញ្ជាំ​ថ្ម និង​យក​ខ្សែ​ក្រវ៉ាត់​រិត​ក រហូត​ដាច់​ខ្យល់ រួច​ដឹក​តាម​រថយន្ត​យក​ទៅ​ទម្លាក់​ទឹក ក្បែរ​ស្ពាន​អ្នក​លឿង​ចោល​តែ​ម្តង ។​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ពួកខ្លួន​បាន​ធ្វើ​ដំណើរ​ទៅ​ស្នាក់​នៅ​ខេត្ត​ព្រះសីហនុ​វិញ ។
គួរ​រំលឹក​ថា ក្រោយ​ការ​ស្រាវ​ជ្រាវ របស់​កម្លាំង នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួង​មហា​ផ្ទៃ សហការ​ជា​មួយ សមត្ថកិច្ច​ខេត្ត​ព្រះ​សីហនុ បាន​ឃាត់​ខ្លួន​ជន​ជាប់​ចោទ​ទាំង ២នាក់​ខាង​លើ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៧ នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះ​សីហនុ ៕