បញ្ជូន​ខ្លួន​បុរស​ខ្លាំង​ស្រវឹង​ចំ​ស្រា​ដុត​ផ្ទះ​គេ ទៅ​តុលា​ការ

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​ខណ្ឌ​៧​មករា បាន​បញ្ជូន​ខ្លួន បុរស​ចិត្ត​ខ្លាំង​ផឹក​ចំ ABC ដុត​ផ្ទះ​គេ ទៅ​អយ្យ​ការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​និតីវិធី ។

សមត្ថកិច្ចបាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​មាន​ឈ្មោះ យ៉ាង ចាន់សុប៉ា ភេទប្រុស អាយុ ៣០​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​២១៨ E0Z ផ្លូវ​២១៧ ភូមិ​៦ សង្កាត់​អូរ​ឬស្សី​២ ខណ្ឌ​៧​មករា ។

ជន​សង្ស័យ​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៧ ក្រោយ​ពី​រូប​គេ​បាន យក​សាំង​ទៅ​ដុត​ផ្ទះ​របស់​ជន​រងគ្រោះ​ជា​អ្នក​ជិត​ខាង​នឹង​គ្នា​ឈ្មោះ លឹម សាយ​គៀង ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ អាជីវករ មាន​ទី​តាំង​នៅ​ផ្ទះ​លេខ​២២០E3 ផ្លូវ​២១៧ ភូមិ៥ សង្កាត់​អូរ​ឬស្សី​២ ខណ្ឌ​៧​មករា ។
សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ទៀត​ថា មុន​កើត​ហេតុ​ជន​សង្ស័យ​បាន​ទិញ​ស្រាបៀរ ABC ចំនួន ៨​កំប៉ុង​អង្គុយ​ផឹក​ក្បែរ​ផ្ទះ​របស់​ខ្លួន​តែ​ម្នាក់​ឯង ក្រោយ​ពី​ផឹក​អស់ រូប​គេ​បាន​ទៅ​យក​ដប​ទឹក​សុទ្ធ​ទៅ​បូប​សាំង​ចេញ​ពី​ម៉ូតូ​របស់​ខ្លួន​ម៉ាក គុប​ជ្រុង​ពណ៌​ទឹក​ប៉ិច​ពាក់​ស្លាក់​លេខ​ភ្នំពេញ1U 8686 រួច​ឡើង​ទៅ​លើ​ផ្ទះ​កើត​ហេតុ​ជាន់​ទី​៣ រួច​បាន​ចាក់​សាំង​ដុត​ផ្ទះ​នោះ បណ្តាល​អោយ​ឆាប​ឆេះ​ផ្តើល​ដល់​អ្នក​ជិត​ខាង និង​សមត្ថ​កិច្ច​មូល​ដ្ឋាន​រត់​ចុះ​អន្តរាគមន៍ ទាន់​ពេល​មិន​បណ្តាល​អោយ​ខូច​ខាត​ទ្រព្យ​សម្បត្តិ និង​រាល​ដាល​ដល់​ផ្ទះ​អ្នក​ជិត​ខាង​នោះ​ទេ ។

បន្ទាប់​​ពី​ធ្វើ​សកម្មភាព​រួច ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន ចេញ​ពី​កន្លែង​កើត​ហេតុ​ភ្លាម​ៗ ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ៧​មក​ដេញ​តាម​ឃាត់​ខ្លួន​បាន​នៅ​ចំនុច​មុខ​ភោជនី​យ​ដ្ឋាន​លី​ឡាយ​ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មិត្ត​ភាព​យួក​ទៅ​សាក​សួរ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ចាត់​ការ​តាម​ច្បាប់ ៕