ឆក់​ខ្សែ​ក​បាន​សម្រេច​រត់​មិន​រួច​ត្រូវ​ប្រជាពល​រដ្ឋ​ចាប់​បាន​វាយ​ទ្រម​ខ្លួន

ភ្នំពេញ៖ ជន​សង្ស័យ​ម្នាក់​បាន​សកម្មភាព​ឆក់​ខ្សែក​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​និង​បាន​សណ្តោង​ម៉ូតូ​គូ​ដណ្តឹង​ខូច​មួយ​គ្រឿង​ទៀត​យក​ទៅ​ឲ្យ​ជាង​ធ្វើ​បាន​សម្រេច​ត្រូវ​ជន​រងគ្រោះ​ស្រែក​ថា ចោរ​ៗ​ផ្អើល​ដល់​ប្រជាពល​រដ្ឋ​ឃើញ​ហេតុ​ការ​នេះ​ដេញ​ចាប់​បាន​វាយ​ទ្រម​ខ្លួន​ទើប​ប្រគល់​ជូន​សមត្ថកិច្ច ។ ហេតុ​ការ​នេះ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​និ​ង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​​៣១៧ ជាប់​សាលា​ឥន្ទ្រទេវី ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោគ ។

ជន​សង្ស័យ​មាន​ឈ្មោះ អ៊ិត ម៉ូ ភេទប្រុស អាយុ​២៦ ឆ្នាំ មុខ​របរ​ជាង​ជួស​ជុល​រថយន្ត​នៅ​ម្តុំ​រង្វង់​មូល​ទួល​គោគ​ចាស់ ស្នាក់​នៅ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ស្រុក​កំណើត ឃុំ​ទួល​កែង ស្រុក​ត្បូង​ឃ្មុំ ខេត្ត​ត្បូងឃ្មុំ។(វត្ថុ​តាង ខ្សែ​ក​ផ្លាក​ទីន មួយ​ខ្សែ​ទម្ងន់​ជាង​៣​ជី )​។

ជន​រងគ្រោះ​មាន​ឈ្មោះ ញឹម ម៉ារ៉ា ហៅ នាថ ភេទស្រី អាយុ ២៣ មុខរបរ​ជា​បុគ្គលិក​ចូល​ថ្មី​នៅ​សាលា​រៀន​មួយ​កន្លែង ស្នាក់​នៅ ផ្ទះ​ជួល​គ្នាន​លេខ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សី​កែវ មាន​ស្រុក​កំណើត​ភូមិ​តាមាង ឃុំកោះរកា ស្រុក​កំពង់​សៀម ខេត្ត​កំពង់ចាម ចំណែក​គូ​ដណ្តឹងមា​ន​ឈ្មោះ គឹមចាន ដារ៉ា ។

យោងតាមការៀបរាប់ពីស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរី​០៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1L-0556​បាន​ចេញ​ពី​ធ្វើ​ការ​មក​យក​ម៉ូតូ​គូដណ្តឹង​ខូច​ម៉ាក​ធូដេ​នៅ​និង​សាលា​មត្តេយ្យ​ទួល​គោគ ដើម្បី​យក​មក​ឲ្យ​ជាង​ជួស​ជុល​បាន​ជិះ​សណ្តោង​គ្នា​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​បាន​លេច​ជន​សង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វី​វ៉ា ស៊េរី​ចាស់​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​បាន​ជិះ​មក​ពី​ក្រោយ​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ដែល​រូប​គាត់​ពាក់​ចេញ​ខាង​ក្រៅ​ក​អាវ​បាន​សម្រេច​ហើយ​បាន​ជិះ​គេច​ខ្លួន​តែ​ត្រូវ​រូប​គាត់​បាន​ស្រែក​ចោរៗ​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ជួយ​អន្តរាគមន៍​និង​បាន​ជួយ​ដេញ​ជន​សង្ស័យ​មក​ដល់​ចំណុច​ផ្លូវ​៣៥៣​ក្នុង​សង្កាត់​បឹបកក់១​ត្រូវ​បាន​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​វាយ​បែក​មុខ​មាត់​ឡើង​ទ្រម​ខ្លួន​ទើប​ប្រគល់​ជូន​សមត្ថកិច្ច ។

បច្ចុប្បន្ន ជន​សង្ស័យ​និង​វត្ថុតាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​សួរ​នាំ​នៅ​ប៉ុស្តិ៍នគរ​បា​ល​រដ្ឋបាល​សង្កាត់​បឹងកក់២​និង​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោគ ដើម្បី​កសាង​សុំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់​ការ​តាម​និតី​វិធី​ច្បាប់ ចំណែក​ខ្សែក​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ជន​រងគ្រោះ​វិញ ៕