បាញ់​សម្លាប់​បុរស​ម្នាក់​និង​បាញ់​គំរាម​សមត្ថ​កិច្ច​ខណ្ឌ​ច្បារ​អំពៅ ត្រូវ​ប៉ូលិស​​ចាប់​បាន​​ហើយ

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​៩​ខែ​តុលា​ឆ្នាំ​២០១៧ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​បុរស​ម្នាក់​និង​រង​របួស​ម្នាក់​រួច​បាញ់​គំរាម​នគរបាល​មូល​ដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ ក្នុង​អំឡុង​ខែ​កក្កដា និង​ខែ​សីហា ឆ្នាំ​២០១៧ បាន​រត់​គេច​ខ្លួន​រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​នៅ​ចំណុច​មុខ​វត្ត​និរោធ ផ្លូវ​ជាតិ​លេខ​១ ភូមិ​ឬស្សី​ស្រស់ សង្កាត់​​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជន​សង្ស័យ​ទាំង​២​នាក់​រួម​មាន​ទី១​ឈ្មោះ គឹម សៀង​ហៃ អាយុ​១៧​ឆ្នាំ មុខ​របរ​​មិន​ពិត​​ប្រាកដ​និងទី២​ឈ្មោះ ជា ជ័យសំណាង (ហៅតឿ) អាយុ ២៥​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ ស្នាក់​នៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិ​ធំ ស្រុក​កៀន​​ស្វាយ ខេត្ត​កណ្តាល ។ ចំណែក​​ជន​រង​គ្រោះ ឈ្មោះ ឯក ជីវន្ត អាយុ​១​៨​ឆ្នំា មុខ​របរ​នៅ​ផ្ទះ ស្នាក់​នៅ​ភូមិ​រទាំង ឃុំ​ភូមិ​ធំ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តា​ល ។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១​ខែ​កក្កដា ឆ្នាំ​២០​១៧​ជន​សង្ស័យ​ទាំង​២​នាក់​ខាង​លើ បាន​ធ្វើ​សកម្មភាព​ប៉ុន​ប៉ង​ឃាត​កម្ម(​ប្រើ​អាវុធ​ខ្លី​ម៉ាក​ប៉េ​អាកុល​បាញ់​គម្រាម​សម្លាប់) ទៅ​លើ ជន​រង​គ្រោះ ឈ្មោះ ឯក ជីវន្ត អាយុ១៨ឆ្នំានៅ​​ចំណុច​​មុខ​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេ​តុង ភូមិ​​យ​ក​បាត្រ សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារ​​អំពៅ ។

បន្ទាប់​មក​កាល​​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០​១៧ បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ប្រើ​អាវុធ​ប៉េ​អាកុល​បាញ់​ទៅ​លើ​ជន​រង​គ្រោះ ឈ្មោះ វ៉ាន់ បញ្ញា អាយុ​២៤​ឆ្នាំ​មុខ​របរ​ជាង​សំណង់​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ផ្លូវ​ជាតិ​លេខ១ ភូមិព្រែក​ធំ២ សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារ​អំពៅ លុះ​ដល់​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៧ ជន​សង្ស័យ​ទាំង​២​នាក់​ខាង​លើ​ប្រើ​អាវុធ​ខ្លី​ម៉ាក​K៥៩​បាញ់​ទៅ​លើ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក្បាល​កោះ នៅ​ចំណុច​មុខ​វត្ត​វិចិត្តា​រាម ផ្លូវ​បេតុង ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ លុះ​ដល់​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ២០១៧ ជន​សង្ស័យ​ម្នាក់​ឈ្មោះ គឹម សៀងហៃ ប្រើ​អាវុធ​ខ្លី​ម៉ាក​K៥៩ បាញ់​ទៅ​លើ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក្បាល​កោះ នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារ​អំពៅ ។

ក្រោយ​ពេល​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​២​នាក់ រួម​ជា​មួយ​ភស្តុ​តាង​ត្រូវ​សមត្ថកិច្ច​បញ្ជូន ខ្លួន​មក​កាន់​អធិកាដ្ឋាន​ច្បារ​អំពៅ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលា​ការ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់ ៕