លួច​គេ​វា​គ្រាន់​តែ​តាម​ទាន់​ចាប់​បាន​លទ្ធ​ផល​ចុង​ក្រោយ​សល់​តែ​ដង្ហើម​ចង្រិត

ភ្នំពេញ៖ ជន​សង្ស័យ​ម្នាក់​បាន​ផ្លក់​របង​ចូល​ទៅ​ក្នុង​រោង​ចក្រ​លួច​យក​កាបូប​លុយ​និង​ទូរសព្ទ័​ដៃ​តែ​ត្រូវ​បាន​ម្ចាស់​គេ​ទាន់​ចាប់​បាន​ហើយ​នាំ​គ្នា​វាយ​មួយ​ដៃ​មួយ​ជើង​សល់​ដង្ហើម​ចង្រិត​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច ករណី​នេះ​បាន​កើត​ឡើង​កាល​ពី​ម៉ោង​១២​និង​២០​នាទី​រំលង​អាធ្រាត​​ឈាន​ចូល​ថ្ងៃ​ទី​៨​ខែ​តុលា​ឆ្នាំ​២០១៧ នៅ​ក្នុងរោង​ចក្រនំប៉័ង ដែល​មាន​យី​ហោ​ហ្គូ​ដ​ថេស​ហ៊្វូត. ខាមបូឌា ឯ ក នៅ​តាម​ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​សង្ស័យ​ដែល​ត្រូវ​គេ​ចាប់​បាន​មាន​ឈ្មោះ​ចាប ចិត្ត អាយុ ៣២​ឆ្នាំ​មុខ​របរ និង​ស្នាក់​នៅ​មិន​ពិត​ប្រាកដ ។ ចំណែក​ជន​រងគ្រោះ​មាន​ឈ្មោះ ព្រហ្ម សុភ័ណ្ឌ អាយុ​២៣​ឆ្នាំ​មុខ​របរ​កម្មករ​នូវ​រោងចក្រ​ខាង​លើ ស្នាក់​នៅ​ក្នុង​រោង​ចក្រ និង​មាន​ស្រុក​កំណេីត​នៅ​ភូមិ​ថ្មី ឃុំ​សំឡី ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយ​រៀង ។

តាម​សម្ដី​ពី​ជន​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គេ​មានគ្នា​៥​នាក់​បាន​នាំ​​គ្នា​ផឹក​បៀ​យ៉ែ​នូវ​មុខ​រោង​ចក្រ​ហើយ​ដូច​ជា​យាម​រោង​ចក្រ​ផង​ដែរ​ព្រោះ​សន្តិសុខ​បាន​ច្បាប់​ទៅ​លេង​ស្រុក ពួក​គេ​បាន​ផឹក​បណ្ដើរ​និង​និយាយ​គ្នា​បណ្ដើរ រហូត​ដល់​ម៉ោង​កើត​ហេតុ​ក៏​អស់​ម្ហូប​ក្លែម​ពេល​នោះ​ជន​រងគ្រោះ​បាន​ងើប​ទៅ​យក​មី​នូវ​ក្នុង​បន្ទប់​របស់​ខ្លួន​ដើម្បី​យក​មក​ក្លែម​បន្ត​ទៀត ពេល​ដែល​រូប​គេ​ដើរ​ទៅ​ជិត​ដល់​បន្ទប់​ស្រាប់​មាន​ជន​សង្ស័យ​បាន​ដើរ​ចេញ​មក ក៏​សួរ​ថា​បង​ឯង​រក​អី ស្រាប់ជនសង្ស័យបានឆ្លើយតបមកវិញថាមករកបាយហូប ពេល​នោះ​គេ​បាន​មើល​ទៅ​ទើប​ដឹង​ថា មិន​មែន​ជា​កម្មករ​នូវ​ក្នុង​រោង​ចក្រ​ទេ​ហើយ​បាន​ចាប់​ផ្ដើម​សង្ស័យ ក៏​បាន​ហៅ​គ្នា​មក​ឲ្យ​ជួយ​មើល និង​បាន​ធ្វើ​ការ​ឆែក​ឆេរ​ទៅ​ខ្លួន​ជន​សង្ស័យ​ស្រាប់​តែ​ឃើញ​ទូរសព្ទ័​អិន​ចុច​ពិល​និង​ផាយ​បូប៊ែន​រួច​ទាំង​កាបូប​លុយ​របស់​ជន​រង​គ្រោះ ហើយ​ទើប​ដឹង​ថា​ជា​ចោ​ប្លក់​របង​ចូល​មក​ដល់​ក្នុង​បន្ទប់​ក៏​នាំ​គ្នា​វ៉ៃ​មួយ​ដៃ​មួយ​ជើង​ធ្វើ​ឲ្យ​ជន​សង្ស័យ​សល់​ដង្ហើម​ចង្រិត។ ហើយ​បាន​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​នគបាល​ប៉ុស្តិ៍​ចោម​ចៅ​មក​យក​ជន​សង្ស័យ​ទៅ​សួរ​នាំ​នូវ​ប៉ុស្តិ៍​ចោម​ចៅ ។

បច្ចុប្បន្ន​ជន​សង្ស័យ​ខាង​លើ​កំពុង​តែ​សាក​សួរ​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ ដើម្បី​កសាង​សំ​ណុំ​រឿង​បន្ត​បញ្ចូន​ទៅ​អធិកាដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕