បុរស​ម្នាក់​អះអាង​ថា មាន​ចិន​ពីរ​នាក់​យក​កាំភ្លើង​ភ្ជង់​គាត់ លើ​ផ្សារ អ៊ីអន បំណង​ប្លន់

រាជធានី​ភ្នំពេញ៖ ផ្សារ​ទំនើប AEON ដែល​មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សុធារស ជិត​ស្ថានទូត​រុស្ស៊ី ត្រូវ​បាន​បុរស​ម្នាក់​អះអាង​ថា ជា​ផ្សារ​ដែល​អត់​សុវត្ថិភាព ព្រោះ​ពេល​គាត់​យក​រថយន្ត​ទៅ​ចត​នៅ​ជាន់​លើ​នោះ មាន​ជនជាតិ​ចិន​ពីរ​នាក់​បាន​យក​កាំភ្លើង​មក​ភ្ជង់​គាត់ បំណង​ប្លន់​យក​រថយន្ត​របស់​គាត់។ គាត់​បញ្ជាក់​ថា ពេល​កើតហេតុ​ចំ​ពេល​កាមេរ៉ា​សុវត្ថិភាព​ខូច​ទៀត។ នេះ​បើ​យោង​តាម​សារ​ដែល​បាន​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​ឈ្មោះ Tee Tee Theariya កាល​ពី​ម៉ោង​ប្រហែល​៤​ល្ងាច​ថ្ងៃ​ទី ៨ ខែតុលា ឆ្នាំ២០១៧។

ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​បាន​បង្ហោះ​រូបភាព​និង​ភ្ជាប់​ជាមួយ​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «អស់​ពី​ចិន2នាក់ យក​កាំភ្លើង​ជំរិត​យក​លុយ​និង​ឡាន​ពី​ផ្សារ អ៊ីអន យប់មិញ​មក ឥឡូវ​ដល់​វេន​ឡាន​ខូច​ទៀត ????? សូម​បងប្អូន​ទាំងអស់​ប្រុង​ប្រយ័ត្ន​ចំពោះ​ចិន​មក​កាន់​ទឹកដី​យើង មិន​ដឹង​ថា​ពួកវា​មក​មាន​បំណង​ល្អ​ឬ​អាក្រក់​ទេ តែ ចំពោះ​ខ្ញុំ​យប់មិញ​ជួប​ហើយ នៅ​លើ​ចំណត​ឡាន​ផ្សារ អ៊ីអន (ខាង​លើ​ដំបូល) ពេល​ខ្ញុំ​ចត​ឡាន​ហើយ ដើរ​ចេញ​ពី​ឡាន មាន​ចិន2នាក់ បាន​យក​កាំភ្លើង ភ្ជង់​ខ្ញុំ​ឲ្យ​ខ្ញុំ​ចូល​ឡាន​ខ្ញុំ​វិញ ហើយ​យក​ស្គត់​ចង​ដៃ​ខ្ញុំ​ទៅ​ក្រោយ ចង​មាត់​និង​យក​វ៉ែនតា​ខ្មៅ​ដូច​ក្នុង​រូប​មក​ពាក់​ភ្នែក​ខ្ញុំ រួច​បំរុង​នឹង​បើក​ឡាន​ខ្ញុំ​ចេញ​ពី​ផ្សារ អ៊ីអន តែ​សំណាង​ណាស់​ដែល​ពួក​វា​រក​សំបុត្រ​ឡាន​មិន​ឃើញ វា​ក៏​ទុក​ឡាន​និង​ខ្ញុំ​ចោល​ក្នុង​បរិវេណ​ផ្សារ ?????? បើ​វា​រក​ឃើញ​សំបុត្រ​ឡាន មិន​ដឹង​វាសនា​ខ្ញុំ​ទៅ​ជា​បែប​ណា​ទេ ????? ។

សូម​ម្ចាស់​ផ្សារ អ៊ីអន ជួយ​បន្ថែម​សន្តិសុខ​នៅ​ចំណត​ឡាន​ខាងលើ​ផង សូម្បី​តែ​កាមេរ៉ា​សុវត្ថិភាព​ក៏​ខូច​មិន​ជួសជុល​ផង។ កន្លែង​កើតហេតុ​ចំ​ពេល​កាមេរ៉ា​ខូច​ទៀត មិន​អាច​មើល​សកម្មភាព​បាន​ទេ ?????? ។ តើ​រឿង​នេះ​ម្ចាស់​ផ្សារ អ៊ីអន អាច​ដោះស្រាយ​ឲ្យ​ខ្ញុំ​បាន​ទេ? តើ​ថ្ងៃ​ក្រោយ​គេ​ហ៊ាន​ទៅ​ផ្សាត​ហ្នឹង​ទៀត​ទេ បើ​អសន្តិសុខ​អញ្ចឹង? សូម​អរគុណ និង​ជូនពរ​បងប្អូន​ទាំងអស់​មាន​សេចក្តី​សុខ​គ្រប់ៗ​គ្នា។ ????? »