កូនរមិលគុណ! ខ្ចីទូរសព្ទឪពុកខលទៅកន្លែងធ្វើការមិនបាន កាប់ឪពុករបួសធ្ងន់

រាជធានី​ភ្នំពេញ៖ កូន​ប្រុស​តិរច្ឆាន​ម្នាក់ ខឹង​ខ្ចី​ទូរសព្ទ​ឪពុក​ខល​ទៅ​កន្លែង​ធ្វើការ​មិន​បាន ទាញ​កាំបិត​កាប់​ឪពុក​ខ្លួន​របួស​ធ្ងន់ ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ​ភ្លាមៗ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

កូន​ប្រុស​រមិលគុណ​ម្នាក់ បាន​ខ្ចី​ទូរសព្ទ​ពី​បុរស​ដែល​ជា​ឪពុក​បង្កើត​របស់​ខ្លួន ដើម្បី​ខល​ទៅ​កាន់​កន្លែង​ធ្វើការ ប៉ុន្តែ​ខណៈ​នោះ​បុរស​ជា​ឪពុក មិន​បាន​ឲ្យ​ខ្ចី​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជន​នោះ​ខឹង បាន​ក្លាយ​ទៅ​ជា​ទំនាស់​ពាក្យ​សម្ដី​គ្នា​ជាមួយ​ឪពុក និង​ទាញ​កាំបិត​កាប់​តែម្ដង ហើយ​ក៏​ត្រូវ​ប្រជា​ការពារ​ភូមិ និង​ប្រជា​ពលរដ្ឋ​ចាប់​ខ្លួន ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ ដើម្បី​កសាង​សំណុំរឿង​ចាត់​ការ​តាម​ច្បាប់។

ហេតុការណ៍​​មួយ​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ ២០១៧​នេះ នៅ​ក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍ សែន​ជ័យ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចោមចៅ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ខាង​លើ​ឈ្មោះ រតនៈ សម្បត្តិ អាយុ​២០​ឆ្នាំ មុខ​របរ​រត់​តុ​កាហ្វេ នៅ​ហាង​មួយ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ មាន​ទី​លំនៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ ចំណែក​បុរស​ជា​ឪពុក​ដែល​ត្រូវ​បាន​កូន​អកតញ្ញូ​ម្នាក់​នេះ​កាប់​ឲ្យ​របួស​ឈ្មោះ ស៊ុន ឡេង អាយុ​ជាង​៥០​ឆ្នាំ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​ដែរ។

មន្ត្រី​នគរបាល​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើត​ហេតុ​ខាង​លើ យុវជន​ស្ទាវ​ម្នាក់​នោះ បាន​ខ្ចី​ទូរសព្ទ​ពី​ឪពុក​ដើម្បី​ខល​ទៅ​កាន់​កន្លែង​ធ្វើការ ខណៈ​នោះ​ឪពុក​មិន​បាន​ឲ្យ​ខ្ចី​ឡើយ បន្ទាប់​មក​គេ​បាន​សុំ​លុយ​ទិញ​កាត​បញ្ចូល​ទូរសព្ទ​ផ្ទាល់​ខ្លួន តែ​ត្រូវ​បាន​ឪពុក​អត់​ឲ្យ​ទៀត ទើប​ជា​ហេតុ​​ធ្វើ​ឲ្យ​ជន​នោះ មាន​ការ​ខឹង​សម្បារ បាន​ស្ដី​ថា​ឲ្យ​ឪពុក​នូវ​ពាក្យ​សម្ដី​គ្រោតគ្រាត​ផ្សេងៗ រហូត​បង្ក​ឲ្យ​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​យ៉ាង​ខ្លាំង។ ក្រោយ​ពេល​ឃើញ​មាន​រឿង​បែប​នេះ​យុវជន ម្នាក់​ទៀត ដែល​ត្រូវ​ជា​បងប្រុស​បង្កើត​របស់​គេ បាន​ជួយ​ខាង​ឪពុក​ដោយ​ឈ្លោះ​ជាមួយ​ជន​នេះ​ដែរ ហើយ​បាន​ធ្វើ​ឲ្យ​ជន​នេះ​រឹតតែ​ខឹង​ខ្លាំង​ឡើង​ថែម​ទៀត រួច​ក៏​បាន​ទាញ​កាំបិត​បុ័ងតោ​កាប់​ឪពុក បណ្ដាល​ឲ្យ​រង​របួស​តែម្ដង។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ជន​ដៃ​ដល់ ប្រុង​រត់​គេច​ខ្លួន ប៉ុន្តែ​រត់​មិន​រួច​ទេ ត្រូវ​បាន​ប្រជា​ការពារ និង​ប្រជា​ពលរដ្ឋ​នាំគ្នា​ចាប់​ខ្លួន​បាន រួច​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​សួរ​នាំ​ចាត់​ការ​តាម​ច្បាប់ ចំណែក​បុរស​ជា​ឪពុក ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​សុំ​ឲ្យ​នគរបាល​ចាត់ការ​កូន​ប្រុស​រូប​នេះ​តាម​ច្បាប់​ដែរ៕