សូម​ប្រយ័ត្ននិង​ស៊ែរ​​ទាំងអស់​គ្នា! ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ពុល​ផ្អក​កំពឹស និង​វិធី​ជួយ​សង្គ្រោះ​បឋម

តើ​បងប្អូន​ប្រិយមិត្ត​ណា​ខ្លះ​ដែល ធ្លាប់​ពុល​ផ្អក​កំពឹស? តើ​អាការៈ​ធ្វើ​ទុក្ខ​យ៉ាង​ណា​ដែរ? បើ​តាម​ការ​ឲ្យ​ដឹង​តាម​រយៈ​ខំម៉ិន របស់​បងប្អូន​ប្រិយមិត្ត​ធ្លាប់​ពុល​ផ្អក​កំពឹស អាការៈ​វា​ពិត​ជា​លំបាក ហើយ​បើ​រក​ទៅ​រក​ពេទ្យ​ជួយ​មិន​ទាន់​គឺ​ត្រូវ​បាត់បង់​ជីវិត​ហើយ។

ជាក់​ស្ដែង បុរស​ម្នាក់​ឈ្មោះ ហែម សារ៉ែន វ័យ​ប្រមាណ​៣០​ឆ្នាំ (តាម​ការ​ស្មាន) បាន​ពុល​ផ្អក​កំពឹស​រហូត​បាត់​បង់​ជីវិត​ទាំង​នៅ​វ័យ​ក្មេង​នៅ​ឡើយ ពិត​ជា​គួរឲ្យ​សោកស្ដាយ​អាយុ​ជីវិត​ជា​ពន់ពេក​ណាស់។ នេះ​បើ​យោង​តាម​សារ​ដែល​បង្ហោះ​ដោយ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Simleng Pvh ដែល​ត្រូវ​មិត្តភក្ដិ​របស់​ជន​រងគ្រោះ កាល​ពី​រសៀល​ថ្ងៃទី ៥ ខែតុលា ឆ្នាំ​២០១៧។ ម្ចាស់​គណនី​ហ្វេសប៊ុក​រូប​នេះ​បាន​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយ​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «សូម​ឯង​ទៅ​ឲ្យ​បាន​ស្ងប់​ចុះ គ្នា​រក​ពាក្យ​អ្វី​និយាយ​ថា​សោកស្ដាយ​មិន​រួច​ទេ វា​លឿន​ពេក (សូម​អ្នក​ទាំងអស់​គ្នា​ប្រុង​ប្រយ័ត្ន​ផង សំឡាញ់​ខ្ញុំ គាត់​ស្លាប់​ដោយសារ​ផ្អក​កំពឹស) 05,10,2017»

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ជៀសវាង​ការ​ពុល​ផ្អក​កំពឹស?
យើង​មិន​ទាន់​ដឹង​ពី​វិធី​ការពារ​ការ​ពុល​ដោយ​ផ្អក​កំពឹស​ពី​មន្ត្រី​សុខាភិបាល​ទេ តែ​យើង​ខ្ញុំ​សូម​លើក​យក​ខំម៉ិន​របស់​ប្រិយមិត្ត​មួយ​ចំនួន សង្ឃឹម​ថា​អាច​ជួយ​បងប្អូន​បាន​ខ្លះ​ៗ

ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ Chheng Mouy Eng បាន​ចែករំលែក​តាម​រយៈ​ខំម៉ិន​ថា ផ្អក​កំពឹស​បើ​ពុល​មក​ពី​អ្នក​ធ្វើ​មិន​អនាម័យ។

ទី​១ កំពឹស​ហ្នឹង​លាង​ទឹក​មិន​ស្អាត,
ទី​២ កំពឹស​ហ្នឹង​ពេល​យក​វា​មក​ដល់​ហើយ រើស​សត្វ​ល្អិត​នៅ​ក្នុង​កំពឹស​មិន​បាន​ល្អ,
ទី​៣ កំពឹស​ហ្នឹង​មិន​បាន​បេះ​ចៃ​វា​ចេញ,
ទី​៤ អ្នក​ធ្វើ​ហ្នឹង​មិន​ប្រយ័ត្ន​ឲ្យ​កម្ទេច​ថ្នាំ​ជក់​ចូល។

ទាំង​បី​ចំណុច​ខាង​លើ បើ​ពុល​វា​គ្រាន់​តែ​លំបាក​បន្តិច អាច​ព្យាបាល​បាន តែ​បើ​អា​ចំណុច​ទី​៤​នេះ​វិញ បើ​ពុល​ហើយ ប្រាកដ​ជា​យ៉ាប់​តែ​ម្ដង​ហ្នឹង នេះ​បើ​តាម​ខ្ញុំ​ដឹង។ បើ​បងប្អូន​ចង់​ញ៉ាំ​ផ្អក​កំពឹស យើង​ត្រូវតែ​ដឹង​ពី​ប្រភព​អ្នក​ធ្វើ ថា​តើ​គាត់​ចេះ ជក់​ថ្នាំ ឬ ចុក​ថ្នាំ​អត់? បើ​ចេះ​ជក់​ឬ​ចុក​ហើយ កុំ​ទិញ​ឲ្យ​សោះ។ កម្ទេច​ថ្នាំ​ធ្លាក់​ចូល​តិច ពុល​តិច បើ​ធ្លាក់​ចូល​ច្រើន​ពុល​ស្លាប់ (នេះ​តាម​ខ្ញុំ​ធ្លាប់​ទេ​ណា បងប្អូន ខ្ញុំ​មិន​ចេះ​វិជ្ជា​ពេទ្យ​អី​ទេ សូម​អរគុណ)។

មាន​ប្រិយមិត្ត​ខ្លះ​ទៀត​បាន​ខំម៉ិន​ជា​យោបល់​ថា ជួយ​សង្គ្រោះ​បឋម​សិន ដោយ​ឲ្យ​ផឹក​ទឹកឃ្មុំ លាយ​ទឹក​ក្ដៅ និង​ក្រូច​ឆ្មារ ភ្លាម​ៗ ហើយ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។

សូម​រំលឹក​ដែរ​ថា មាន​ករណី​ពុល​ផ្អក​កំពឹស​ស្លាប់​ម្នាក់​ដែរ​នៅ​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ នៅ​ភូមិ​អង្គរកា ស្រុក​ទ្រាំង ខេត្ត​តាកែវ។ នេះ​បើ​យោង​តាម​ខំម៉ិន​របស់​ប្រិយមិត្ត​ម្នាក់​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ មាន់ខ្មងខ្មែរ សម្លាប់មិនរើសមុខ សរសេរ​ថា «ស្រុក​ខ្ញុំ​ខេត្ត​តាកែវ ភូមិ​អង្គរកា ស្រុក​ទ្រាំង ថ្ងៃ​មុន​ស្លាប់​១​ដែរ​ដោយសារ​ផ្អក​កំពឹស​និង​រាក ផង ក្អួត​ផង​មិន​ទាន់​ដល់​ពេទ្យ​ផង​ដាច់​ខ្យល់​បាត់​ប្រយ័ត្ន​ផង​បង​ប្អូន»។

ដូច្នេះ​សូម​ប្រិយមិត្ត​ទាំងអស់​មេត្តា​បរិភោគ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ដូច​ករណី​ខាងលើ​នេះ​កើត​ឡើង​ទៀត និង​សូម​អ្នក​លក់​ទាំង​អស់ លក់​ដោយ​ការ​ទទួល​ខុស​ត្រូវ​និង​គិតគូរ​ដល់​សុខភាព​អតិថិជន​ជា​ចម្បង។ ការពារ​ប្រសើរ​ជាង​ព្យាបាល។