គួរ​ឲ្យ​សង្វេគ​ណាស់! យក​​ចៅ​​ទៅ​ចាក់​ថ្នាំ​ដូច នាំ​ទៅ​ឲ្យ​រថយន្ត​បុក​ស្លាប់

​កំពត៖ ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​ម្នាក់​បាន​ស្លាប់​យ៉ាង​អណោច​អធ័ម ខណៈ​ពេល​ជិះ​ម៉ូតូ​ឌុប​ត្រឡប់​មក​ពី​ចាក់​ថ្នាំ​នៅ​ឯ​មន្ទីរ​ពេទ្យ ហើយ​ត្រូវ​រថយន្ត​ទួរីស​បុក​ម៉ូតូ​ពី​ក្រោយ​ពេញ​ទំហឹង ។ ហេតុ​ការណ៍​គួរ​ឲ្យ​រន្ធត់​ខាង​លើ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០៥​ខែ​តុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់​ត្រាច​ខាង​លិច ស្រុក​កំពង់​ត្រាច ខេត្តកំពត ស្ថិត​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣៣ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ជួប​ហេតុ​ការណ៍​ដ៏​អាក្រក់​នេះ គេ​ឃើញ​ម៉ូតូ​របស់​ជន​រងគ្រោះ​ជិះ​គ្នា​បី​នាក់​ក្នុង​នោះ​មាន​ក្មេង​ស្រី​ម្នាក់​ផង​ដែរ ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់ ចំណុ​ច​គ្រោះ​ថ្នាក់ ម៉ូតូ​នោះ​ក៏​បើក​ភ្លើង​សញ្ញា​បត់​ឆ្លង​ផ្លូវ​ទៅ​ផ្នែក​ឆ្វេង​ដៃ​បំណង​ចូល​ផ្លូវ​លំ គាប់​ជួន​មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង​ដឹក​អ្នក​ដំណើរ​មក​ពី​ក្រោយ​ក្នុង​ទិស​ដៅ​ស្រប​គ្នា គេច​មិន​ទាន់ ក៏​បុក​ម៉ូតូ​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ក្មេង​ស្រី​ជា​អ្នក​រួម​ដំណើរ​បោក​ក្បាល​នឹ​ង​កញ្ចក់​រថយន្ត​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ចំណែក​អ្នក​បើក​បរ​ម៉ូតូ​រង​របួស​ធ្ងន់​ត្រូវ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ​ភ្លាមៗ​ ។

សាក្សី​ដដែល​បាន​បញ្ជាក់​ទៀតថា ក្រោយ​ពី​ប៉ះ​ទង្គិច​គ្នា​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នឹង​របួស​នោះ អ្នក​បើក​បរ​រថយន្ត​ក៏​លោត​ចុះ​រត់​សំដៅ​ស្រែ​គេច​ខ្លួន​បាត់​ស្រមោល​ឈឹង ដោយ​ទុក​រថយន្ត​ចត​ចោល​កណ្តាល​ទ្រូង​ផ្លូវ​តែ​ម្តង ។​ទាក់​ទិន​នឹង​ករណី​គ្រោះ​ថ្នាក់​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​នេះ ប៉ូលិស​ចរាចរណ៍​ស្រុក​ដែល​មក​វាស់​វែង​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រងគ្រោះ​ដែល​ស្លាប់​នេះ ត្រូវ​បាន​ជី​ដូន​ដឹក​តាម​ម៉ូតូ​ឌុប​ទៅ​ចាក់​ថ្នាំ​នៅ​ឯ​មន្ទីរ​ពេទ្យ លុះ​ពេល​ជិះ​ម៉ូតូ​ឌុប​ត្រឡប់​មក​វិញ ក៏​ត្រូវ​រថយន្ត​បុក​ស្លាប់​តែ​ម្តង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្មេង​ស្រី​រងគ្រោះ​មាន​ឈ្មោះ សីុវ លី អាយុ​៣​ឆ្នាំ​(ស្លាប់​នៅ​កន្លែង​កើត​ហេតុ)ចំណែក​ជី​ដូន ឈ្មោះ ញើង គីម ភេទស្រី អាយុ៥០ឆ្នាំរបួសមធ្យម ទាំង​ពីរ​នាក់​មាន​ទី​លំ​នៅ​ក្នុង​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់​ត្រាច​ខាង​លិច ស្រុក​កំពង់​ត្រាច ខេត្ត​កំពត ។ ដោយ​ឡែក​ម្ចាស់​ម៉ូតូ​ឈ្មោះ ទឹម ធឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ របួស​ធ្ងន់ ជា​អ្នក​រត់​ម៉ូតូ​ឌុប មាន​ទី​លំ​នៅ​ក្នុង​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាង​ត្បូង ស្រុក​កំពង់​ត្រាច ខេត្ត​កំពត ជិះ​ម៉ូតូ​ម៉ាក​C125​ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ កំពត 1K-4437​។​ដោយ​ឡែក​រថយន្ត​បង្ក​ម៉ាក​សាំយ៉ុង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-6370 អ្នក​បើកបរ​គេច​ខ្លួន​បាត់​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​តាម​ស្រាវ​ជ្រាវ​រក​អត្ត​សញ្ញាណ​ហើយ ។

ក្រោយ​ពី​វាស់​វែង ប៉ូលិស​ក៏​បាន​នាំ​យក​មធ្យោ​បាយ​ពាក់ព័ន្ធ​ទៅ​រក្សា​ទុក​នៅ​ក្នុង​អធិការដ្ឋាន​នគរ​បាល​ស្រុក​កំពង់​ត្រាច ដើម្បី​ស្រាវ​ជ្រាវ​រក​ម្ចាស់​រថយន្ត​មក​ដោះ​ស្រាយ​គ្នា​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ។ ចំណែក​សព​ក្មេង​ស្រី​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ទៅ​កាន់​លំ​នៅ​ឋាន ដើម្បី​ចាត់​ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕