ប្រកាស​សាល​ក្រម​សំណុំ​រឿង ថៅ​កែ​ក្រុម​ហ៊ុន ស្រីរ័ត្ន​ទេស​ចរណ៍ បោក​លុយ​អតិថិជន ជិត​៣០​ម៉ឺនដុល្លារ នៅ​ចុង​ខែ​នេះ​

ភ្នំពេញ៖ ក្រោយ​ពី​បាន​សាក​សួរ​ដេញ​ដោល​បញ្ចប់​សវនា​ការ​កាល​ពី​រសៀល​ថ្ងៃ​ទី​៤ ខែ​តុលា ម្សិល​មិញ​នេះ លោក លាង សំណាត់ ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង បាន​លើក​ពេល​ប្រកាស​សាល​ក្រម សំណុំ​រឿង របស់​ជន​ជាប់​ចោទ ឈ្មោះ រស់ សុភីរ័ត្ន ថៅ​កែ​ក្រុម​ហ៊ុន ស្រីរ័ត្ន អន្តរជាតិ ទេសចរណ៍ និង​ទួរស៍ បោក​លុយ​អតិថិ​ជន​ជិត ៣០​ម៉ឺន​ដុល្លារ​ទៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ។
លោក ស្រី ម៉ាកនី ជា​តំណាង​អយ្យការ​នៃ​សវនាការ បាន​ចោទ​ប្រកាន់​លើ​ឈ្មោះ រស់ សុភីរ័ត្ន ភេទ​ស្រី អាយុ ៣៦​ឆ្នាំ ជា​ថៅកែ​ក្រុម​ហ៊ុន ស្រីរ័ត្ន​ ទេសចរណ៍ ពី​បទ រំលោភលើ​ទំនុក​ចិត្ត លើ​អតិថិ​ជន ៧៤​នាក់ (អ្នក​ដែល​ដាក់​ពាក្យ​ប្តឹង) ប្រព្រឹត្ត​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៧ នៅ​ក្រុម​ហ៊ុន ស្រីរ័ត្ន អន្តរជាតិ ទេសចរណ៍ និង​ទួរស៍ នៅ​តាម​បណ្តោយ​ផ្លូវ ព្រះ​មុនីវង្ស និង​ផ្លូវ​កម្ពុជា​ក្រោម រាជធានី​ភ្នំពេញ យោង​តាម​មាត្រា ៣៩១ និង មាត្រា ៣៩២ នៃ​ក្រម​ព្រហ្ម​ទណ្ឌ នៅ​ក្នុង​សវនាការ កាល​ពីរ​សៀល​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៧​កន្លង​ទៅ​ជន​ជាប់​ចោទឈ្មោះ រស់ សុភារ័ត្ន បាន​ឆ្លើយ​ថា ក្រុម​ហ៊ុន​ខ្លួន មាន​បម្រើ​សេវា​កម្ម លក់​សំបុត្រ យក​ហោះ ក្នុង​ប្រទេស ក្រៅ​ប្រទេស និង​រៀប​ចំ​ដំណើរ​កម្សាន្ត ក្នុង​និង​ក្រៅ​ប្រទេស ។​ ជន​ជាប់​ចោទ​បន្ដ​ថា អតិថជន​ដែល​ក្រុម​ហ៊ុន​មិន​បាន​បម្រើ​សេវាកម្ម​ត្រឹម​តែ​ជាង​២០​នាក់ តែ​ប៉ុណ្ណោះ ។

ក្រោយ​ពី​បែក​រឿង មិន​មាន​ឈ្មោះ​អតិថិជន ឡើង​យន្ត​ហោះ ទៅ​បរទេស ទើប​ក្រុម​ហ៊ុន បាន​សម្រប​សម្រួល ជា​មួយ​អតិថិជន បាន​ខ្លះ​ហើយ​អ្នក​ខ្លះ​មិន​ព្រម និង​ដាក់​ពាក្យ​ប្តឹង​ឱ្យ​សមត្ថ​កិច្ច​ចាប់​ខ្លួន​តែ​ម្តង ។

ជន​ជាប់​ចោទ បាន​ឆ្លើយ​ថា បុគ្គលិក​របស់​ខ្លួន ឈ្មោះ ង៉ែត ធារី មាន​តួ​នាទី​ជា​ប្រធាន​គណ​នេយ្យ និង​លក់​សំបុត្រ បាន​លួច​លុយ​ក្រុម​ហ៊ុន រត់​អស់​នូវ​ថ្លៃ​សំបុត្រ​យន្ត​ហោះ ជាង​៣០​នាក់ ជា​សាច់​ប្រាក់​ប្រមាណ​ជាង ១០​ម៉ឺន​ដុល្លារ ទើប​ក្រុមហ៊ុន​ខ្វះ​លុយ​សង​ទៅ​អតិថិជន ។
ក្រុម​ដើម​បណ្ដឹង​បាន​អះ​អាង​ថា ពួក​គាត់​បាន​ទៅ​ទិញ​សេវា​កម្ម ដំណើរ​កម្សាន្ត​នៅ​ក្រុម​ហ៊ុន ស្រី​រ័ត្ន អន្តរ​ជាតិ​ទេសចរណ៍ និង​ទួរស៍ ដើម្បី​ទៅ​ដើរ​លេង​នៅ​បរទេស ប៉ុន្តែ​ដល់​ថ្ងៃ​ឡើង​យន្ត​ហោះ ក៏​ស្រាប់​តែ គ្មាន​ឈ្មោះ ជិះ​យន្ត​ហោះ ទើប​បែក​រឿង​ដឹង​ថា ក្រុម​ហ៊ុន​បោក​ប្រាស់ និង​បាន​ដាក់​ពាក្យ​ប្តឹង ឱ្យ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​ជាប់​ចោទ​តែ​ម្តង​ទៅ ។ ក្រុម​ជន​រងគ្រោះ បាន​ប្តឹង​ទាម​ទារ​ត្រឹម​តែ​លុយ​ដែល​ខ្លួន​បាន​ខាត​បង់ ក្នុង​ម្នាក់​ៗ ចន្លោះ​ពី ១០០​០​ដុល្លារ ទៅ​ជាង​១​ម៉ឺន​ដុល្លារ​សរុប​ជាង ២០​ម៉ឺន​ដុល្លារ ។

គួរ​រំលឹក​ថា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​ជាប់​ចោទ​ឈ្មោះ រស់ សុភារ័ត្ន កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​កុម្ភ: ឆ្នាំ​២០​១៧ ក្រោយ​ពី​មាន​អតិថិជន​ប្រមាណ​ជា​២០​នាក់ បាន​លើក​គ្នា​ទៅ​តវ៉ានៅ​មុខ​ក្រុម​ហ៊ុន​ទេសចរណ៍​ស្រី​រ័ត្ន​ មាន​ទី​តាំង​នៅ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មិត្ត​ភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ៕