លួច​រថយន្ត​បង​ប្រុស​បង្កើត ជិះ​រត់​គេច​អស់​ជា​ច្រើន​ខណ្ឌ ទម្រាំ​សមត្ថកិច្ច​ចាប់​បាន រថយន្ត​ត្រូវ​ភ្លើង​ឆេះ​ហ្មត់(មានវីដេអូ)

ភ្នំពេញ៖ រថយន្ត​ឡិច​ស៊ិស RX330 មួយ​គ្រឿង ត្រូវ​អណ្តាត​ភ្លើង​ឆាប​ឆេះ​ស្ទើរ​ទាំង​ស្រុង បន្ទាប់​ពី​រថយន្ត​មួយ​គ្រឿង​នេះ ត្រូវ​ជន​សង្ស័​យ​ម្នាក់​ព្យាយាម​បើក​រត់​គេច​ពី​ការ​តាម​ចាប់​របស់​កម្លាំង សមត្ថកិច្ច​ចម្រុះ មាន​កម្លាំង​នគរ​បាល និង​អាវុធ​ហត្ថ ប៉ុន្តែ​មិន​ប្រយ័ត្ន​ជ្រុល​បើក​ទៅ​បុក​នឹង​កាដុង​សាំង បង្ក​ជា​អណ្តាត​ភ្លើង​ឆាប​ឆេះ​តែ​ម្តង បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង ៩ និង០០នាទព្រឹក ថ្ងៃ​ទី​០​៥ ខែ​តុលា ឆ្នាំ​២០​១៧ នៅ​ក្បែរ​បឹង​តាម៉ាត ស្ថិត​ក្នុង​ភូមិ​ម័ល សង្កាត់​ដង្កោរ ខណ្ឌ​ដង្កោរ ។

ជន​សង្ស័យ​មាន​ឈ្មោះ គីម រតនា ភេទប្រុស អាយុ​៣៨​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ មាន​ទី​លំ​នៅ​សង្កាត់​ដង្កោរ ខណ្ឌ​ដង្កោរ ។ ដោយ​ឡែក​ជន​រង​គ្រោះ ជា​ម្ចាស់​រថយន្ត និង​ត្រូវ​ជា​បង​ប្រុស​បង្កើត​របស់​ជន​សង្ស័យ​ផង​នោះ មាន​ឈ្មោះ គឺម ហឹង ភេទប្រុស អាយុ៥៦ឆ្នាំ មាន​ទី​លំ​នៅ​ក្នុង​បុរី​ពិភព​ថ្មី ខណ្ឌ​ដង្កោរ ។

តាម​ប្រភព​ពព័ត៌​មាន អោយ​ដឹងថា​ កាល​ពី​វេលា​ទាប​ភ្លឺ​ថ្ងៃ​ទី​០៥ ខែ​ឆ្នាំ​ខាង​លើ ជន​រង​គ្រោះ​ជា​បង បាន​បាត់​រថយន្ត​ម៉ាក​ឡិច​ស៊ិស ពណ៌​ទឹក​មាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK -1331 ដែលបានចតទុក ចោល​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ​ក្រោយ​ការ​បាត់​ជន​រង​គ្រោះ បាន​ទំនាក់​ទំនង​ទៅ​កាន់​មិត្តភក្តិ​ដែល​ជា​មន្ត្រី អាវុធ​ហត្ថ​ជាន់​ខ្ពស់​លើ​ផ្ទៃ​ប្រទេស​ម្នាក់ អោយ​ជួយ​ប្រកាស​ដល់​កម្លាំង​អាវុធ​ហត្ថ​ទាំង​អស់​ជួយ​ពិនិត្រ​មើល រថយន្ត​របស់​ខ្លួន​ដែល​បាន​បាត់​ផង ក្រែង​មាន​ជួប​នៅ​ទី​ណា សូម​ឃាត់​តែ​មនុស្ស​និង​រថយន្ត ។

ប្រភព​បន្ត​ថា លុះ​មក​ទល់​នឹង​វេលា​ម៉ោង ៩​ព្រឹក​ថ្ងៃ​ខែ​ដ​ដែល រថយន្ត​ខាង​លើ ត្រូវ​បាន​កម្លាំង​កង​រាជ អាវុធ​ហត្ថ​ខេត្ត​កណ្តាល ជិះ​ល្បាត​ប្រទះ​ឃើញ ក៏​នាំ​គ្នា​ជិះ​តាម​ស្ទាក់​ចាប់ តែ​ត្រូវ​ជន​សង្ស័យ​ជិះ​បំ​បុក ម៉ូតូ​របស់​កង​កម្លាំង​ដែល​ដេញ បណ្តាល​អោយ​ដួល​រង​របួស​២​នាក់ ។ ក្រោយ​បើក​បុក​រួច​ជន​សង្ស័យ មិន​បាន​ឈប់​ឡើយ ដោយ​បាន​ព្យាយាម​បន្ថែម​ល្បឿន​បើក​រត់​គេច ហើយ​ភ្លាមៗ​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ​មាន​ជ័យ រួម​ទាំង​នគរបាល ក៏​បាន​ពង្រាយ​កម្លាំង​ចេញ​ដេញ​តាម​ចាប់​តាំង​ពី​ក្រុង​តាខ្មៅ ចូល​មក​កាន់​រាជធានី​ភ្នំពេញ ជិះ​ខ្វាត់​ខ្វែង​អស់​ជា​ច្រើន​ផ្លូវ រហូត​ដល់​ចំណុច​ផ្លូវ​បឹង​តាម៉ាត ជន​សង្ស័យ​បាន​បើក រថយន្ត​បុក​កង់​៣ រួច​រេ​ចង្កូត​ទៅ​បុក​នឹង កាដុង​សាំង​មួយ​ធុង បណ្តាល​អោយ​រថយន្ត​ដែលកំពុងតែក្តៅ ផង​នោះ ត្រូវ​ឆាប​ឆេះ​ជា​អណ្តាត​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ មិន​អាច​បន្ត​ដំណើរ​ទៅ​មុខទៀត​បាន ។ ក្រោយ​ការ​ឆាប​ឆេះ​គេ​សង្គេត​ឃើញ រថយន្ត​ពន្លត់​អគ្គីភ័យ​បាន​ចុះអន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អណ្តាត​ភ្លើង​អោយ​រលត់​ទៅ​វិញ​ផង​ដែរ ប៉ុន្តែ​យ៉ាង​ណាមិញ រថយន្ត​ត្រូវ​ភ្លើង​ឆាប​ឆេះ​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ ។

បន្ទាប់ពីកើតហេតុឆាបឆេះរថយន្ត ជន​សង្ស័​យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​កាន់ អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ ដើម្បីសាកសួរនាំ ។ ជុំវិញ​ករណី​ខាង​លើ បុរស​ជា​ជន​រង​គ្រោះ និង​ត្រូវ​ជា បង​បង្កើត​ជន​សង្ស័យ បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​លើ​ប្អូន​បង្កើត ពី​បទ ចោរ​កម្ម និង​ប្រគល់​ជូន​សមត្ថ​កិច្ច ដើម្បី​អនុវត្ត​ទោស​ទណ្ឌ​លើ​ជន​សង្ស័យ​ទៅ​តាម​ផ្លូវ​ច្បាប់ ។

សូម​បញ្ជាក់​ថា ក្នុង​ករណី​នេះ ដំបូង​ឡើយ​បុរស​ជា​ជន​រងគ្រោះ មិន​ដឹង​ថា​អ្នក​ដែល​លួច​រថយន្ត​ខ្លួន​ជាន​ណារ​ឡើយ លុះ​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន ទើប​ដឹង​ថា​ជា​ប្អូន​ប្រុស​បង្កើត ។ ក្នុង​នោះ​ដែរ ពុំមាន​ប្រភពព័ត៌​មាន​ណា​មួយ បង្ហើប​អោយ​ដឹង​ពី​ទំនាក់​ទំនង​ផ្ទៃ​ក្នុង​រវាង​បង​ប្អូន​គេ​ទាំង​២​ឡើយ ថា​តើ​ពួក​គេ​ធ្លាប់​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា និង​មាន​ភាព​ចម្រូង​ចម្រាស់​យ៉ាង​ណា​ខ្លះ បាន​ជា​ប្អូន​ប្រុស​ហ៊ាន​សម្រេច​ចិត្ត​លួច រថយន្ត​របស់​បង ហើយ​បុរស​ជា​បង​ដាច់​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​លើ​ប្អូន​ប្រុស​ខ្លួន ដើម្បីអោយសមត្ថកិច្ច អនុវត្តទោស ដោយគ្មានយោគយល់ផងដែរនោះ .?

វីដេអូ៖