ជិះ​ម៉ូតូ​ដួល​ស្រប​ពេលរថយន្ដ​ដឹក​ឥដ្ឋ​បើក​លឿន​ជាន់ហ្វាំង​មិនជាប់​កិន​ស្លាប់​មួយរំពេច​

ភ្នំពេញ៖ បុរស​ជា​អ្នក​ចិញ្ចឹម​ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​បន្ទាប់​ពី​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ហើយ​បត់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដួល​ស្រប​ពេល​ដែល​រថយន្ត​ដឹក​ឥដ្ឋ​មក​ដល់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​កិន​បែក​ក្បាល​ស្លាប់​មួយ​រំពេច​ហើយ រថយន្ត​ព្យាយាម​បើក​រត់​គេច​ទៅ​បាត់​ដោយ​សុវត្តិ​ភាព បន្សល់​ទុក​តែ​សាក​សព​នៅ​កន្លែង​កើត​ហេតុ ។ កើត​ហេតុ​កាល​ពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ​២០​១៧ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ភូមិ​ឡ​កំបោ សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឫស្សី​កែវ ។

ជន​រងគ្រោះ​ឈ្មោះ សែម សៀម ហៅម៉ៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខ​របរ​ចិញ្ចឹម​ត្រី ស្នាក់​នៅ​ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក សង់​កូរ៉េ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1BX-0674 ។ ចំណែក​រថយន្ត​គ្រាន់​តែ​ដឹង​ថា ម៉ាក​ហុី​យ៉ាន់​ដាយ ដឹក​ឥដ្ឋ មិន​ចាំ​ស្លាក​លេខ ក្រោយ​កើត​ហេតុ​បើក​រត់​គេច​ទៅ​បាត់ ។

តាម​ប្រភព​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង ចេញ​ពី​ផ្លូវ​លំ​ក្នុង​ភូមិ​ឡ​កំបោ ឡើង​ផ្លូវ​ជាតិ​លេខ​៥​បំរ៉ុង​បត់​ឆ្ពោះ​ទៅ​ជើង តែ​ធ្វេស​ប្រហែស បត់​ជ្រុល​ដួល​ខ្លួន​ឯង ស្រាប់​ពេល​ដែល​រថយន្ត​ដឹក​ឥដ្ឋ​បើក​ពី​ជើង​ទៅ​ត្បូង​ហ្វ្រាំង​មិន​ទាន់ ជ្រុល​បុក​កិន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង ហើយ​រថយន្ត​បើក​រត់​ទៅ​បាត់​ស្រមោល ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ ស្លាក​ស្នាម រួច​ប្រគល់​សាក​សព​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​ម៉ូតូ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក និង​បន្ត​ស្រាវ​ជ្រាវ រក​រថយន្ត​បង្ក ៕