បញ្ជូន​ខ្លួន​សន្តិសុខ​ក្រុម​ហ៊ុន​បុរី​ពិភព​ថ្មី ២​នាក់​ទៅ​តុលា​ការ ពាក់​ព័ន្ធ​ករណី​ឃាត​កម្ម​លើ ស្ត្រី​ពាណិជ្ជករ​ម្នាក់​ប្លន់​យក​ទ្រព្យ​សម្បត្តិ

ភ្នំពេញ៖ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៧​នេះបាន​បញ្ជូ​នខ្លួន​ជន​សង្ស័យ ២​នាក់ ដែល​ជា​សន្តិ​សុខ ក្រុម​ហ៊ុន​បុរី​ពិភព​ថ្មី ទៅ​កាន់​អយ្យការ​អម​សា​លា​ដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ករណី ប៉ុន​ប៉ង​ឃាតកម្ម​លើ ស្ត្រី​ពាណិជ្ជករ​ម្នាក់ ប្លន់​យក​ទ្រព្យ​សម្បត្តិ ។

យោង​តាម​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ទី​១​ឈ្មោះ ប្រាក់ រ៉ាន្នី ភេទប្រុស អាយុ ៣៦​ឆ្នាំ មុខ​របរ សន្តិសុខ បុរីពិភពថ្មី និង​ទី​២​ឈ្មោះ កឿន សុធា ភេទប្រុស អាយុ ២០ឆ្នាំ មុខ​របរ សន្តិ​សុខ បុរី​ពិភព​ថ្មី ។

គួរ​រំលឹក​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ ២០១៧​កន្លង​ទៅ មាន​ករណី​ជន​រងគ្រោះ​ម្នាក់​ឈ្មោះ គឹម សុផុនវឌ្ឍនា ភេទស្រីអាយុ៣៦ឆ្នាំមុខរបរ ជា​ពាណិជ្ជករ ត្រូវ​បាន​ជន​សង្ស័យ អា.ក​របួស​ធ្ងន់ នៅ​ចំណុច​ក្នុង​ផ្ទះ​លេខ​៣១ ក្រុម​១២ ផ្លូវ​លេខ​៦​បេតេ ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

ក្រោយ​ការ​ស្រាវ​ជ្រាវ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ នៅ​ថ្ងៃ​ដដែល​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ៦​នាក់ ដែល​ជា​ក្រុម​ហ៊ុន បុរី​ពិភព​ថ្មី ប៉ុន្តែ​ក្រោយ​មក​ជន​សង្ស័យ ៤​នាក់​ដែល​មិន​មាន​ការ​ជំពាក់​ព័ន្ធ ក៏​ត្រូវ​សមត្ថកិច្ច​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​វិញ ។

យោង​តាម​សមត្ថកិច្ច នៅ​កន្លែង​កើត​ហេតុ​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្ម​ទណ្ឌ បានចុះ​ធ្វើ​កោសល្យ​វិច័យ រក​ឃើញ​សម្ភារ បន្សល់​ទុក​នៅ​កន្លែង​លើក​ហេតុរួម​មាន៖
-ពិលពាក់ក្បាលសន្តិសុខពិភពថ្មីចំនួន ១
-ខ្សែក្រវ៉ាត់របស់សន្តិសុខបុរីពិភពថ្មីចំនួន ១
-មួកសន្តិសុខបុរីពិភពថ្មី ប្រលាក់ឈាម ចំនួន ១
-ស្បែកជើង ផ្ទាត់មួយចំហៀង

សមត្ថកិច្ច​បន្ថែម​ថា ជន​សង្ស័យ​ទាំង​២​នាក់​ខាង​លើ ក៏ត្រូវ​បាន​រកឃើញ​មាន​ផ្ទុក​សារ​ធាតុ​ញៀន​ផង​ដែរ ហើយ​ត្រូវ​បាន សមត្ថ​កិច្ច​សាក​សួរ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​តែ​ម្តង ៕