មិត្ត​​ស្រី​​ជន​​បាញ់​​សម្លាប់​​រង្គាល​​នៅ​​ឡាស​​វេ​ហ្គា​ស​ចេញ​ពី​​ហ្វី​លី​​ពី​ន ទៅ​​កាន់​​អា​មេ​រិ​ក

ទីភ្នាក់ងាររ៉​យ​ទ័​រ​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែតុលា ២០១៧​ នេះ​ថា មិត្ត​ស្រី​របស់​និវត្តន៍​ជន ​លោក Stephen Paddock ដែល​បាន​សម្លាប់​មនុស្ស​អស់​៥៩​នាក់ នៅ​ឡា​វេ​ហ្គា​ស កំពុង​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ហ្វី​លី​ពី​ន ទៅ​កាន់​សហរដ្ឋអាមេរិក​ហើយ កាលពី​ល្ងាច​ថ្ងៃ​អង្គា​រ៍​ម្សិលមិញ​នេះ ។

នាង Marilou Danley អាយុ៦២ឆ្នាំ ជា​ពលរដ្ឋ​អូស្ត្រាលី បើ​តាម​របាយការណ៍​ថា នាង​មាន​ដើម​កំណើត​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ។ នាង​រស់នៅ​ខុន​ដូ​មួយ ដែល​លោក Paddock ទុក​អោយ​នៅ​សហគមន៍​សម្រាប់​អ្នក​ចូល​និវត្តន៍ នៅ Mesquite រដ្ឋ Nevada ចម្ងាយ​ប្រហែល ២៣៣ ​គីឡូម៉ែត្រ ភាគ​ឦសាន នៃ​ទីក្រុង​ឡាស​វេ​ហ្គា​ស ។

ក្រុម​អាជ្ញាធរ​សហរដ្ឋអាមេរិក បាន​និយាយ​ថា នាង Marilou Danley គឹ​ជា “​មនុស្ស​សំខាន់​បំផុត​” ក្នុង​ការ​ស៊ើបអង្កេត ។ អាជ្ញាធរ​អនុវត្ត​ច្បាប់​សង្ឃឹមថា នឹង​ទទួល​បាន​ចម្លើយ​មួយ​ចំនួន​ពី​ស្ត្រី ដែល​ជា​ដៃគូ​របស់​លោក Paddock នៅ​ក្នុង​ការ​ស៊ើបអង្កេត​នេះ ។

លោក Joe Lombardo ស្នងការ​ប៉ូលិស​ក្រុង​ឡាស​វី​ហ្គា​ស បាន​និយាយ​ថា នាង Danley ត្រូវ​បាន​គេ​ជឿជាក់​ថា នាង​ស្ថិត​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ហើយ​ការិយាល័យ​ស៊ើបអង្កេត​អន្តរជាតិ កំពុង​ដំណើរការ​ព្យាយាម​នាំ​នាង​ត្រលប់​មក​សហរដ្ឋអាមេរិក​វិញ ។

លោក Lombardo បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​មួយ អោយ​ដឹង​ថា «​យើង​កំពុង​ចរចា​ជាមួយ​នាង​»​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា សមត្ថកិច្ច​មិន​មាន​ជនសង្ស័យ​ផ្សេង​ទៀត​ទេ នៅ​ក្នុង​ការ​បាញ់ប្រហារ​នោះ ។

លោក Lombardo បាន​និយាយ​ថា លោក Paddock បាន​បើ​ការ​បាញ់ប្រហារប្រើពេល​អស់​ប្រមាណ​ជា ៩​នាទី មុន​ពេល​បញ្ចប់ជីវិត​ខ្លួនឯង ហើយ​ Paddock បានបង្កប់​កាមេរ៉ា នៅ​ខាងក្នុង ​និង​ខាងក្រៅ​បន្ទប់​សណ្ឋាគារ​របស់​គាត់ ដើម្បី​មើល​ថា មាន​ប៉ូ​លី​ស​ចូល​មក​ដល់ ឫ​អត់ ។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អា​មេ​រិ​ក​ម្នាក់ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​អង្គា​រថា ក្រុម​អ្នកស៊ើប​អង្កេត​កំពុង​ពិនិត្យ​មើល​ការ​ផ្ទេរ​របស់លោក Paddock ១​ខ្សែ ដែល​មាន​ចំនួន​ទឹកប្រាក់​១០០,០០០​ដុល្លារ ត្រូវ​បាន​បញ្ជូន​ទៅ​គណនី​មួយ នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន អាច​និយាយ​បាន​ថា Paddock ហាក់ដូចជា​បាន​បម្រុង​ទុកជា​មុន​សម្រាប់​នាង Danley ។

មន្ត្រី​ដដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ អោយ​ដឹង​ថា ការ​សន្មត់​របស់​ក្រុម​អ្នកស៊ើប​អង្កេត​គឺថា ប្រាក់​នោះ គេ​ចាត់ទុកជា​ទម្រង់​នៃ​ការ​ធានា​រ៉ាប់រង​ជីវិត​សម្រាប់ Danley ។

មន្ត្រី​រូប​នេះ​បាន​និយាយ​ថា អាជ្ញាធរ​អា​មេ​រិ​ក​មាន​បំណងសួរ Danley ថា​តើ Paddock បាន​លើកទឹកចិត្ត​ឱ្យ​នាង​ចាក​ចេញពី​សហរដ្ឋអាមេរិក មុន​ពេល​ដែល​គាត់​បាញ់​សម្លាប់​រង្គាល ឫយ៉ាងណា? ។

មន្ត្រី​ដដែល បាន​បន្ត​ថា ក្រុម​អ្នកស៊ើប​អង្កេត​ក៏​បាន​រក​ឃើញ​ភស្តុ​តាង​មួយ​ចំនួន​ទៀត ដែល​បញ្ជាក់​ថា Paddock ប្រហែលជា​បាន​រៀបចំ​ផែនការ​របស់​គាត់នៅ​ឯ​កន្លែង​ផ្សេង​ទៀត មុន​ពេល​គាត់​បាន​ធ្វើការ​វាយប្រហារ នៅ​សាលតន្ត្រី​ជាតិ Harvest 91 Harvest ពី​បន្ទប់​ជាន់​ទី​៣២ នៃ​សណ្ឋាគារ Mandalay Bay ។

មន្ត្រី​ស៊ើបអង្កេត​មិន​បាន​រក​ឃើញ​ភ័ស្តុតាង​ដែល​ថា Paddock ធ្លាប់​បាន​ទាក់ទង​ជាមួយ​ក្រុម​ជ្រុលនិយម​ក្នុងស្រុក ឬ​បរទេស​ណាមួយ​ឡើយ ហើយ​ការ​ពិនិត្យ​ឡើង​វិញ នៃ​ប្រវត្តិ​របស់​គាត់ ក៏​មិន​បាន​បង្ហាញ​ពី​ភាពអាក្រក់​របស់គាត់ម្តងណា​ឡើយ ៕