មុខ​សញ្ញា​ដាក់​ថ្នាំ​សណ្តំ​យក​ម៉ូតូ​យ៉ាង​សកម្ម​ត្រូវ​បាន​ឃាត់​ខ្លួន​ចំនួន​៧​នាក់

បាត់ដំបង៖ មុខ​សញ្ញា​ដាក់​ថ្នាំ​សណ្តំ​យក​ម៉ូតូ​យ៉ាង​សកម្ម​ចំនួន​៧​នាក់​ត្រូវ​បាន​កម្លាំង​ក្រុម​បង្កា​បង្ក្រាប​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង សហការ​ជា​មួយ​កម្លាំង​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​បាន​ចុះ​ប្រតិ​បត្តិ​ការ​បង្ក្រា​ប​និង​ឃាត់​ខ្លួន​ជា​បន្ដ​បន្ទាប់ ។

លោក ឈឿង គឹមសុង មេ​ក្រុម​បង្ការ​បង្ក្រាប​បាន​អោយ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ប្រជា​ពលរដ្ឋ​ជា​បន្ដ​បន្ទាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​ដាក់​ថ្នាំ​សណ្តំ​យក​ម៉ូតូ​ភ្លាម​ៗ​នោះ​លោក​ឧត្តម​សេនីយ៍ទោ អ៊ុច សុខុន ស្នង​ការ​ក៏​ដូច​ជា​លោក​ឧត្តម​សេនីយ៍ត្រី ជេត វណ្ណ​នី ស្នង​ការ​រង​ទទួល​ផែន បាន​ដាក់​បទ​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​ដើម្បី​អោយ​លោក​ដឹក​នាំ​កម្លាំង​ចុះ​ធ្វើ​ការ​ស្រាវ​ជ្រាវ​តាម​រក​ជន​សង្ស័យ​ជា​មុខ​សញ្ញា​ខាង​លើ ។

ក្រោយពីធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល២២-០០នាទី កម្លាំង​ជំនាញ​របស់​លោក​បាន​ចុះ​ទៅ​ដល់​ចំណុច​ហាង​យី​ហោ ទី​ក្រុង​អាន់​ឆ័រ​២ ស្ថិត​ក្នុង​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ក៏​ប្រទះ​ឃើញ​ជន​សង្ស័យ​ដែល​ជា​មុខ​សញ្ញា​ចំនួន​២​នាក់​កម្លាំង​ដឹក​នាំ​ដោយ​លោក​ក៏​បាន​ចុះ​ប្រតិ​បត្តិ​ការ​បង្ក្រាប​ឃាត់​ខ្លួន​ភ្លាម​ៗ​តែ​ម្តង ។

លោក​បន្ត​ថា ជន​សង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន ទី​១​ឈ្មោះ សុឹម ចាន់ថន ហៅឥណ្ឌា ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មាន​ទី​លំ​នៅ​ស្ថិត​ក្នុង​ភូមិ​សត្វ​ពង ឃុំ​ឈូក ស្រុកឈូក ខេត្តកំពត ។
ទី២ឈ្មោះ ងួន វណ្ណដា ហៅដា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត។
ក្រោយពីឃាត់ខ្លួនធ្វើការសាកសួរជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថាខ្លួនពិតជាបានដើរធ្វើសកម្មភាពដាក់ថ្នាំសណ្តំយកម៉ូតូពិតប្រាកដមែនហើយម៉ូតូដែលយកបានខ្លួនអោយឈ្មោះ គឹម សេងដុស ហៅពោយ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំជិះយក​ទៅ​លក់​អោយ​អ្នក​ទទួល​ទិញ​នៅ​ឯ​ខេត្ត​កំពត ក្រោយ​មក​កម្លាំង​បង្កា​បង្ក្រាប​បាន​សហ​ការ​ជា​មួយ​ការិយាល័យ​ជំនាញនគរបាលហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តបាត់ដំបងបានបន្តទៅសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពតនិងព្រះរាជអាជ្ញាផងនោះនៅថ្ងៃទី២ ខែតុលា ឆ្នាំ​២០​១៧​វេលា​ម៉ោង៦-៣០នាទី កម្លាំងជំនាញ​បាន​ចុះ​ទៅដល់ទីតាំងទទួលផល​ចោរ​កម្ម​ស្ថិត​ក្នុង​ភូមិ ចំប៉ី ឃុំចំបុី ស្រុកអង្គរជ័យ ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យ៣នាក់រួមមាន៖ទី១ឈ្មោះ ឃិន ណី ភេទប្រុស ទី២ឈ្មោះ ម៉ម ហុឹន ភេទប្រុស
ទី៣ឈ្មោះ ហុឺ គឹមហៃ ភេទប្រុស រហូត​ដល់​ម៉ោង​១១-​០០​នាទី​ថ្ងៃខែដ​ដែល​ក្រុម​កម្លាំង​ជំ​នាញបានបន្តទៅឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្ថែមទៀតរួមមាន៖ ទី១ឈ្មោះ គឹម សេង​ដុស ហៅពោយ ភេទប្រុសអាយុ២៧ឆ្នាំ​​ ទី២​ឈ្មោះ និន មាំង​ភេទប្រុសទាំង​២​នាក់​រស់​នៅ​ភូមិ​ក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត។

វត្ថុតាងដកហូតបានរួមមាន៖
-រថយន្តម៉ាកកាម៉ារីពណ៌ខ្មៅចំនួន១គ្រឿង
-ម៉ូតូចំនួន៤គ្រឿង
-ស្លាកលេខម៉ូតូចំនួន៦
-រួមទាំងសម្ភារះនិងថ្នាំសណ្តំមួយចំនួនផង​ដែរ ។

លោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នង​ការ​រង​ទទួល​ផែន បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​ជន​សង្ស័យ​ខាង​លើ​នេះ​បាន​ជិះ​រថយន្ត​ដើរ​ធ្វើ​សកម្មភាព​ហៅ​ម៉ូតូ​ជិះ​ទៅ​នេះ​ទៅ​នោះ​និង​បបួល​សុី​ផឹក​បន្លំ​ដាក់​ថ្នាំ​សណ្តំ​យក​ម៉ូតូ​ទូរ​ទាំង​ខេត្ត​បាត់​ដំបង -សៀមរាប -ប៉ៃលិន -ត្បូងឃ្មុំ -កំពង់ចាម -កំពត និងខេត្តផ្សេងៗ បាន​ជិត​២០​លើក ក្នុង​នោះ​ខេត្ត​បាត់​ដំបង​ចំនួន​៣​លើក ។

លោកបន្តថា បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ត្រូវបានឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើការសាកសួរបន្ថែមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៤ខែតុលាឆ្នាំ២០១៧ចាត់ការទៅតាមនីតិវិធី។