ជន​ជាតិ​ថៃ​ប្រុស​ស្រី​២​នាក់​ក្រឡាប់​រថយន្ដ​ជា​ច្រើន​ត្រឡប់ ស្លាប់​ម្នាក់ និង​របួស​ស្រាល​ម្នាក់

ខេត្ដ​ប៉ៃលិន៖ គ្រោះ​ថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដោយ​ខ្លួន​ឯង​បណ្តាល​ឲ្យ​បុរស​ជន​ជាតិ​ថៃ​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​ចំណែក​ស្ត្រី​រួម​ដំណើរ​ជា​មួយ​ជា​ជន​ជាតិ​ថៃ​រង​របួស​ស្រាល​នៅ​តាម​បណ្តាយ​ផ្លូវ​ជាតិ​លេខ​៥៩ នៅ​ចំណុច​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាល​ពី​វេលា​ម៉ោង​១៧និង​៣០​នាទី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៧ ។

ជន​រង​គ្រោះ​មាន​ឈ្មោះ Soppacheas Pais​o​ok ភេទ​ប្រុស ជា​ជន​ជាតិ​ថៃ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ដោយ​បើកប​រ​រថយន្ត​ម៉ាក VIGO ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​ថៃ 8653 ខូច​ខាត​ធ្ងន់ និង​អ្នក​រួម​ដំណើរ​ឈ្មោះ Thammuthit Somlak ភេទស្រី ជា​ជន​ជាតិ​ថៃ បាន​រង​របួស​ស្រាល ។​​ ​

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​មក​ពី​កត្តា​មនុស្ស​បើក​បរ​ក្នុង​ល្បឿន​លឿន​ហើយ​នៅ​ពេល​ដល់​ចំនុណុច ផ្លូវ​កោង​បួង​ចង្កូត​មិន​ទាន់​ទើប​ក្រឡាប់​ធ្លាក់​ផ្លូវ​ជា​ច្រើន​ត្រលប់​បែប​នេះ​តែ​ម្តង ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ ត្រូវ​បាន​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ៕