តាម​ពិត​អ៊ីចឹង​សោះ! វា​ជា​វីដេអូ​អប់រំ​ពី​បរិស្ថាន​សោះ ខំតែ​ជេរ​ម៉ាដូណា

កាល​ពី​យប់​ម្សុលមិញ គឺ​ថ្ងទី​០២ ខែតុលា ឆ្នាំ​២០១៧ មាន​ការ​ចែកចាយ​វីដេអូ​២​ឃ្លីប ដែល​និយាយ​ពី ម៉ា​ដូណា​និង​មិត្ត​ភក្ដិ​៤​នាក់​ទៀត ទៅ​កម្សាន្ត​នៅ​រមនីយដ្ឋាន​គីរីរម្យ ហើយ​ខណៈ​ដែល​កំពុង​អង្គុយ​បរិភោគចំណី​​អាហារ និង​និយាយ​គ្នា​លេង​នោះ​ពួក​គេ​បាន​ចោល​សំរាម​នៅ​លើ​ផ្ទាំង​ថ្ម និង​ក្នុង​ទឹក ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ជំពោះ ម៉ាដូណា និង​មិត្ត​ភក្ដិ ដែល​ធ្វើ​គំរូ​មិន​ល្អ​ខាងលើ​​នេះ។​

តែ​ពេល​នេះ​មាន​ការ​បក​ស្រាយ​ហើយ គឺ​នោះ​គ្រាន់តែ​ជា​វីដេអូ​មួយ​កំណាត់​ដែល​ជា​ចំណុច​អាក្រក់ និង​ថត​នៅ​កន្លែង​ដែល​មាន​សំរាម​ចោល​ស្រាប់ នៅ​ក្នុង​វីដេអូ​អប់​រំ​មួយ​ដែល​ពួក​គេ​រៀប​ចំឡើង ក្នុង​គោលបំអប់​រំ​ដល់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​តូច ឲ្យ​ចេះ​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ ដើម្បី​ថែ​រក្សា អនាម័យ​បរិស្ថាន​ទាំង​អស់​គ្នា។ ​ពួក​គេ​បាន​រៀប​ចំ​ជា​ស្រេច​ឲ្យ​មាន​ការ រិះគន់​ជាមុន ហើយ​ចាំ​បកស្រាយ​ជា​ក្រោយ។​

យោង​តាម​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Tan Kimsour បាន​បង្ហោះ​វី​ដេអូ​ពេញ​លេញ​នៃ​សាច់​រឿង​នេះ ដែល​មាន​ចំណង​ជើង​ថា «ម៉ដូណា និង​បរិស្ថាន» ​កាល​ពី​រសៀល​ថ្ងៃ​ទី​០៣ ឆ្នាំ​២០១៧ (ប្រហែល​១​ម៉ោង​មុន​នេះ) ព្រម​ទាំង​ភ្ជាប់​ខ្លឹម​សារ​យ៉ាង​ដូច​នេះ​ថា «សង្ឃឹម​ថា​ពុក​ម៉ែ​បងប្អូន​ក្រោយ​ពី​បាន​ទស្សនា​វីដេអូ​មួយ​នេះ​ហើយ ពុកម៉ែ​បងប្អូន​នឹង​យល់​អំពី​អត្ថន័យ​នៃ​អ្វី​ដែល​ពួក​យើង​កំពុង​តែ​បង្ហាញ។ សូម​ស្ងើច​សរសើរ ​ហើយ​សូមអរគុណ​ចំពោះ​ការលះ​បង់​របស់ Madona Cutee Nika Ma Leang Uodom-One Heng-Try Nop ភ័ណ សុខរ៉ា។ ការ​លះបង់​របស់​អ្នក​ទាំងអស់​គ្នា​ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់ ដឹង​ទេ​ថា​ការ​លះបង់​របស់​អ្នក​ទាំងអស់​គ្នា​អាច​ធ្វើ​ឲ្យ​ប្រជាជន​យើង​ងាក​មក​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​បរិស្ថាន​យ៉ាងខ្លាំង។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់ដែល​បាន​ស្គាល់​អ្នក​ទាំងអស់​គ្នា។​»

សូម​ទស្សនា​វី​ដេអូ​ពេញ

ខាង​ក្រោម​នេះ​ជា​វីដេអូ​៤​ឃ្លីប​ដែលជា​កំណាត់​នៃ​ចំនុច​អាក្រក់​ដើម្បី​ឲ្យ​មាន​ការ​រិះគន់​ជាមុន

គួរ​យល់​ថា រមនីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​របស់​ខ្មែរ ដែល​ជា​កេរ​​ដំណែល​របស់​បុព្វបុរស​យើង ជា​ទី​ឋាន​លំហែ​កាយ លំហែ​អារម្មណ៍ ដ៏​គួរ​ឲ្យ​ជាប់​ចិត្ត។ យើង​អាច​គយគន់​មើល​ទេសភាព​ព្រៃព្រឹក្សា បព្វតា អូរ ជ្រោះ ប្រាសាទ​នានា ​គួរ​ជាទី​រីរាយ ធ្វើ​ឲ្យបាត់​ភាព​តានតឹង ឬ​កង្វល់​ផ្សេង​ៗ​ផង។ តែ​ផ្ទុយ​ទៅ​វិញ បើ​ទី​ដែល​ស្រស់​ស្អាត​នោះ​បែរ​ជា​មាន​សំរាម​ កខ្វក់ ក្លិន​ស្អុយ ឆ្អេះ​ឆ្អាប គរ​ជា​គំនរ ឬ អណ្ដែត​ត្រៀបត្រា លើ​ផ្ទៃ​ទឹក​នោះ វា​នឹង​ប្រែក្លាយ​ទី​នោះ​ទៅ​ជា​កន្លែង​ដែល​គួរឲ្យ​ខ្ពើម​រអើម លែង​ជា​ទី​រីក​រាយ​នៃ​ជន​ផង​ទាំង​ឡាយ​ទៀត​ហើយ។​ នោះ​ក៏​ដោយសារ​តែ​ជន​មួយ​ចំនួន​តូច​ដែល​ពុំ​មាន​របៀប​រៀបរយ ខ្វះ​សុជីវធម៌ និង​ខ្វះ​អនាម័យ មិន​បាន​យល់​ដឹង​ពី​បរិស្ថាន និង​សម្បត្តិ​សាធារណៈ ទៅ​លេង​ហើយ ចេះ​ស្រឡាញ់ ចេះ​សរសើរ​ថា​ស្អាត​ដែរ តែ​មិន​ចេះ​ថែ​រក្សា​ភាព​ស្អាត​នោះ បែរ​ជា​បង្ក​ឲ្យ​មាន​ភាព​ហ្មងសៅ​ទៅ​វិញ៕