ទើប​តែ​ចេះ​ឆក់លើក​ដំបូង​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ខ្លួនឈ្មោះអស់​ហើយ

ភ្នំពេញៈ ជន​សង្ស័យ​០២​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេ​បាសាក់ ឃាត់​ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប ពី​ជន​រងគ្រោះ​មិន​បាន​សម្រេច ស្រាប់​តែ​ដួល​ម៉ូតូ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ឃាត់​ខ្លួន​តែ​ម្តង ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២ ខែ​តុលា​ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ផ្លូវ​៦៣ សង្កាត់​ទន្លេ​បាសាក់​ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។

ជន​សង្ស័យ​ទី​០១ ឈ្មោះ ឆន ផានិត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ និង​ទី២​ឈ្មោះ ធី ម៉ាការ៉ា  ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ​ខណ្ឌ​ច្បារ​អំពៅ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ ជន​សង្ស័យ​២​នាក់​ខាង​លើ​នេះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុង​​ដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេ​ញ​1CV-6994 លុះ​មក​ដល់​កន្លែង​កើត​ហេតុ​ស្រាប់​​តែ​​ជន​សង្ស័យ​ខាង​លើ បាន​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​កង់​បី ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​តែ​ឆក់​មិន​បាន​សម្រេច​ភ្លាម​ៗ​នោះ​ជន​សង្ស័យ​ស្រាប់​តែ​ដួល​ម៉ូតូ​ទើប​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ចំការ​មន​កំពុង​ល្បាត​នៅ​ចំណុច​ខាង​លើ​នោះ​បាន​ឃាត់​ខ្លួន​បាន​ភ្លាម​ៗ ។

បច្ចុប្បន្ន​ជន​សង្ស័យ​រួម​និង ម៉ូតូ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេ​បាសាក់ នាំ​មក​ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ដ្ឋានន​គរបាល​ខណ្ឌ​ចំការ​មន ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី ៕