លោក ពេជ្រ ស្រស់ សុំ​ណាត់​លោក William ដេញដោល​ពី​ច្បាប់​កម្ពុជា (ជួយ Share ផង)

រាជធានី​ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​សុំ​ណាត់​លោក William Guang ដែល​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ដ៏​មាន​ប្រជាប្រិយ ដើម្បី​ជជែក​ដេញដោល​អំពី​ច្បាប់​របស់​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​ខ្លឹមសារ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ពេជ្រ ស្រស់។ ការ​សុំ​ណាត់​ដេញដោល​ពី​ច្បាប់​កម្ពុជា​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​លោក William បាន​ចេញ​សារ​រិះគន់​តាម​ហ្វេសប៊ុក​ថា ប្រធាន​គណបក្ស​យុវជន​កម្ពុជា គឺ​លោក ពេជ្រ ស្រស់ និង​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​សម្ដេច​ក្រុមព្រះ រណៈឫទ្ធិ មិន​ចេះ​ច្បាប់ ដែល​​ចង់​ប្ដឹង​ទៅ​តុលាការ​កំពូល​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

កាល​ពី​យប់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៧ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​បង្ហោះ​ខ្លឹម​សារ​យ៉ាង​ដូច្នេះ​ថា «ខ្ញុំ ពេជ្រ ស្រស់ សុំ​ណាត់​លោក William Guang ដេញដោល​អំពី​ច្បាប់​របស់​ប្រទេស​កម្ពុជា បើ​សិន​ជា​លោក William Guang បាន​ឃើញ​ការ​ណាត់​របស់​ខ្ញុំ​ហើយ សូម​លោក​ឆ្លើយ​តប​ផង ចំពោះ​ទី​កន្លែង​ត្រូវ​ដេញដោល​នោះ​លោក​អាច​ជ្រើសរើស​យក​បាន​នៅ​សណ្ឋាគារ ឬ​លើ​កញ្ចក់​ទូរទស្សន៍​ក៏​បាន​ដែរ។

តើ​បងប្អូន​ចង់​ឃើញ​ខ្ញុំ និង​លោក William Guangដេញដោល​គ្នា​អំពី​ច្បាប់​កម្ពុជា​ដែរ​ទេ? បើសិន​បងប្អូន​ចង់​ឃើញ​នោះ សូម​ជួយ share ម្នាក់​មួយ​ឲ្យ​ដល់​លោក William Guang នោះ​ផង។ នេះ​លេខ​ទូរស័ព្ទ​ទាក់ទង​របស់​ខ្ញុំ 070 75 77 77 ។ ធ្វើ​ជា​កូនប្រុស​ត្រូវ​តែ​មាន​ភាព​ក្លាហាន..!»

ទោះ​យ៉ាង​ណា មក​ដល់​ត្រឹម​ម៉ោង ៤ និង ៣០​នាទី​ថ្ងៃទី ០២ ខែតុលា ឆ្នាំ​២០១៧ គេ​ពុំ​ទាន់​ឃើញ​ប្រតិកម្ម​ឆ្លើយ​តប​ពី​លោក William Guang ទៅ​នឹង​សំណើ​សុំ​ណាត់​ជួប​ដេញដោល​អំពី​ច្បាប់​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​នៅ​ឡើយ​ទេ។

សូម​រំលឹក​ថា កាល​ពី​យប់​ថ្ងៃទី ០១ ខែតុលា ឆ្នាំ​២០១៧ លោក William បាន​បង្ហោះ​សារ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា «គណបក្ស​មួយ​មិន​អាច​ប្ដឹង​រំលាយ​គណបក្ស​មួយ​បាន​ទេ វា​ជា​រឿង​ខុស​ច្បាប់

រឿង​រំលាយ​គណបក្ស​មួយ​ដោយ​ត្រូវ​ច្បាប់​គឺ ជា​ដែន​អាជ្ញា​សមត្ថកិច្ច​របស់ ក្រសួង​មហា​ផ្ទៃ ឋិត​ក្នុង​ផែន​អធិការ​កិច្ច​ទទួល​បន្ទុក​កិច្ចការ​នយោបាយ អង្គការ សង្គម​ស៊ីវិល ទេ នេះ​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​លើ​សមត្ថកិច្ច​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ហើយ​ណា​លោក អាច​នឹង​មាន​ទោស​ណា។​

ថា អន្ទិត​នោះ​ទៅ គាត់​អត់​ចេះ​ច្បាប់ ចុះ​ខាង​ប៉ា​អ៊ុំ​សក់​ស រណឫទ្ធិ ចប់​បណ្ឌិត​នីតិ​សមុទ្រ​ពី​បារាំង មួយ​ទាំង​មូល​ម៉េច​អាឡែ​ចឹង?

ហឹម… ខ្ញុំ​មិន​ចង់​លូក​មាត់​នយោបាយ តែ​មើល​ទៅ​ដូច​ក្មេង​លេង​ដី​ពេក តិច​ខ្ញុំ​និយាយ​ចឹង​ថា​ខ្ញុំ​ខាង​បក្ស​ប្រឆាំង​ស្អី​ទៀត​ទៅ ??

សុំ​លោក​ប្រធាន​បក្ស Le Cafe
និង​លោក​ប្រធាន​បក្ស ងុប​សម្រស់
មេត្តា​ជ្រាប ជា​ព័ត៌មាន។