តាម​រក​មុខ៤ខែ​​យូរ​ហើយ​ គ្រាន់តែ​ឃើញ​លេងមួយ​​ចាស់​ដៃ

រាជធានី​ភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​វាយ​ម្នាក់​មួយ​ដៃ មួយ​ជើង បណ្តាល​ឲ្យ​បែក​ក្បាល ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់​ពី​ជន​សង្ស័យ​ម្នាក់​នោះ បាន​ឆបោក​​ម៉ូតូ​​១​​គ្រឿង​​ ពី​បុរស​​ម្នាក់​​ទៀត ​ដែល​​ជា​មនុស្ស​​ស្គាល់​​​គ្នា​ ដោយ​​ប្រាប់​​ថា​​ខ្ចី​តែ​​មួយ​​ភ្លែត​ប៉ុណ្ណោះ លុះ​​ពេល​​ម្ចាស់​​ឱ្យ​​ខ្ចី ស្រាប់​តែ​​ជន​​នេះ​បាន​​ជិះ​​ទៅ​​បាត់​​រហូត​​លែង​​ត្រឡប់​​ក្រោយ និង​គេច​ខ្លួន​​បាត់​​រយៈ​ពេល​​ជាង​​៤​​ខែ​​កន្លង​​មក​ហើយ ។ ចំណែក​​ម្ចាស់​​ម៉ូតូ​​បាន​​តាម​​រក​គ្រប់​កន្លែង ហើយ​​ដើរ​​រក​​អស់​ចិត្ត ឈប់​​រក​​ទៅ​ហើយ រហូត​​មក​​ដល់​​វេលា​​ម៉ោង​​១១​​ព្រឹក​​ថ្ងៃ​​ទី​៣០ កញ្ញា បាន​ប្រទះ​ជន​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ផ្សា​រវិន​មីង ស្ថិត​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ពេល​ប្រទះ​ឃើញ​ក៏​បាន​ស្រែ​កថា «​ចោរ​ៗ» និង​ធ្វើការ​ចាប់ខ្លួន​បាន​វាយ​បញ្ចេញ​កំហឹង ដោយ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ជួយ​វាយ​ផង បណ្ដាល​ឱ្យ​ជនសង្ស័យ​នេះ​រង​របួស​បែកក្បាល​ហូរ​ឈាម​កក្លាក់​ជោក​ខ្លួន រួច​ទើប​ប្រគល់​ឲ្យ​នគរបាល​នាំ​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​អ៊ូច រ៉ូ​យ៉ា់​ល់ ហៅ​យ៉ុ​ល អាយុ​២៣​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ។

ចំណែកជនរងគ្រោះ ឈ្មោះ ណូត ថៃ ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាង​ជួស​ជុល​រថយន្ត ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កា​ត់ចោមចៅ មានស្រុកកំណើត ភូមិ​អង្គ​តា​សោម ឃុំញ៉ែញ៉ង់ ស្រុកត្រាំកក់ ខេត្តតាកែវ ។ រីឯម៉ូតូដែលជនសង្ស័យឆបោកយកទៅលក់បាត់ ម៉ាក ហុងដា សេរី២០១២ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-4597 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា កាល​ពី​៤​ខែ​មុន ជន​សង្ស័យ​ធ្វើ​ការងារ ជា​ជាង​ប៉ះ​កង់​ឡាន នៅ​កន្លែង​យាន​ដ្ឋាន​ជា​មួយ​គ្នា នៅ​ផ្លូវ​វេង​ស្រេង នៅ​ថ្ងៃ​កើត​ហេតុ កាល​ពី​៤​ខែ​កន្លង​ទៅ ជន​សង្ស័យ​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ ប្រាប់​ថា​ទៅ​រក​ទិញ​ម្ជូរ​ហូប តែ​ផ្ទុយ​ទៅ​វិញ យក​ទៅ​បាត់​រហូត មិន​ឃើញ ហើយ​ជន​រងគ្រោះ​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ហើយ​ដែរ ។

ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូខ្លួនយកទៅលក់បានលុយ១០០ដុល្លា ហើយគេចខ្លួនទៅសម្ងំលាក់ខ្លួននៅឯខេត្តបាត់ដំបង អស់រយៈពេល៤ខែកន្លងមកហើយ ទើប​តែ​ថ្ងៃ​ទី២៨ ខែកញ្ញានេះ វិល​មក​ធ្វើ​ជា​កម្មករ​រោងចក្រ ស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ ហើ​យ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​នេះ ធ្វើ​ដំណើរ​មក ក្បែរ​សួន​​កាណាឌីយ៉ា ម្ចាស់​ម៉ូតូ​ឃើញ​មុខ ស្រែក​ចាប់​ខ្លួន​តែ​ម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅផ្នែកជំនាញ អធិការ​ដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំ​រឿង​ចាត់​ការ​ទៅ​តាម​នីតិវិធី ៕