នាយ​ពាក់មី​​ចង់​ទៅ​​ស្រោច​ទឹក​ចេញ ក្រោយ​ជួប​​ស៊យ​ដោយសារ​គ្រូ​អគ្គី​នេត្រ

រាជធានី​ភ្នំពេញ៖ ខណៈ​រឿង «បន្តោង​ឆ្នាំង​ដី» កំពុង​ត្រូវ​បាន​ដំណើរការណ៍​ថត ដែល​ដឹក​នាំ​រឿង​ដោយ នាយ ពាក់មី ផ្ទាល់ ដោយ​មាន​តួ​អង្គ​ចាប់​ខ្មោច​ជា​គ្រូ​ល្បី​តាម​បណ្ដាញ​ហ្វេសប៊ុក​មក​ចូល​រួម​សម្ដែង​ផង​នោះ ស្រាប់​តែ​នាយ​ជួប​រឿង​ស៊យ​ធំ​មួយ ដែល​តួ​គ្រូ​ចាប់​ខ្មោច​នេះ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន​ទៅ​វិញ។

កាល​ពី​យប់​ថ្ងៃទី ២៩ ខែកញ្ញា បន្ទាប់​ពី​ដំណឹង​តួ​អង្គ​របស់​ខ្លួន​ត្រូវ​បាន​ចាប់​ខ្លួន​នោះ នាយ ពាក់មី បាន​បង្ហោះ​សារ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា នាយ​បាន​ឃើញ​គ្រូ​ល្បី​ពេញ​ហ្វេសប៊ុក ខំ​ហៅ​មក​ថត​កុន​រឿង​ចាប់​ខ្មោច ឥឡូវ​ចប់។ នាយ​បញ្ជាក់​ថា ស្គាល់​មុខ​ស្គាល់​មាត់ មិន​ស្គាល់​ចិត្ត​មែន កាល​ណា​ទើប​នាយ​ផុត​ស៊យ​ទៅ។ នាយ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «ឃើញ​ធ្វើ​គ្រូ​ល្បី​ពេញ​ហ្វេសប៊ុក ខំ​ហៅ​មក​ថត​កុន​រឿង​ចាប់​ខ្មោច ឥឡូវ​ចប់ ស្គាល់​មុខ​មិន​ស្គាល់​ចិត្ត​មែន កាលណា​ទើប​ផុត​ស៊យ​ទៅ​ខ្ញុំ?

លុះ​ដល់​វេលា​ថ្ងៃត្រង់​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០១៧ នាយ​ពាក់មី បាន​បង្ហោះ​សារ​ថា តោះ​ទៅ​ស្រោច​ទឹក​ចេញ ដែល​ឆ្លើយ​តប​ទៅ​នឹង​សារ​របស់​លោក ហេង ឡុង ថា «គួរតែ​ស្រោច​ទឹក​ម្តង​ទៀត​ទៅ​អា​ប្អូន»។ នាយ​ពាក់​មី​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «តោះ​ស្រោច​ទឹក​ចេញ សង្ឃឹម​ថា​បងប្អូន​នឹង​គាំទ្រ​រឿង បន្តោង​ឆ្នាំង​ដី ដែល​ជា​ស្នាដៃ​របស់​ខ្ញុំបាទ​ផ្ទាល់»

សូម​ជម្រាប​ថា តួអង្គ​គ្រូ​ចាប់​ខ្មោច​របស់​នាយ ពាក់មី ក្នុង​រឿង​បន្តោង​ឆ្នាំង​ដី ឈ្មោះ វ៉ាន់ សុខសីហា អាយុ​ប្រហែល​លើស ២០​ឆ្នាំ​បន្តិចបន្តួច ដែល​គេ​ស្គាល់​ថា ជា​ហោរា​អគ្គី​នេត្រ ចេះ​ត្រៃវេទ មហា​មន្ត​អាគម​ខ្មែរ​ដើម ល្បី​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ថា ចេះ​អាគម​អូមអាម ក្ដាម​ដុត កាប់​មិន​មុត ដុត​មិន​ឆេះ ប្រឡាក់​ផេះ​មិន​ស្អុយ ចេះ​ទាំង​ធ្វើ​ស្នេហ៍​ផង​នោះ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃទី ២៩ ខែកញ្ញា ម្សិលមិញ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន។ បច្ចុប្បន្ន​តុលាការ​កំពុង​ដំណើរការណ៍​នីតិវិធី​លើ​ជន​សង្ស័យ​រូប​នេះ។