បើ​គ្រូ​អគ្គី​នេត្រ​ជាប់​គុក នាយ​ពាក់មី​ក៏​ស៊យ​ដែរ

យុវជន វ៉ាន់ សុខសីហា ដែល​បាន​តាំង​ខ្លួន​ជា​គ្រូ​អគ្គីនេត្រ មហា​មន្ត​អាគមន៍ ចេះ​ចប់​ត្រៃ​វេទ ពូ​កែ​ធ្វើ​ស្នេហ៍ ដាក់​អាគមន៍​កាប់​មិន​មុត ដុត​មិន​ឆេះ ប្រឡាក់​ផេះ​មិន​ស្អុយ​នោះ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ កាល​ពី​​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​រឿង​ជួញ​ដូរ​គ្រឿង​ញៀន។​

តែ​អ្វី​ដែល​គួរឲ្យ​ហួស​ចិត្ត​ស្ដី​លែង​ចេញ​នោះ​គឺ បើ​គ្រូ​អគ្គីនេត្រ ដ៏​ល្បី​អស្ចារ្យ​នេះ​ត្រូវ​តុលាការ​ឃុំ​ខ្លួន​នោះ នឹង​ស៊យ​នាយ​ពាក់​មី​ឯ​ណោះ​ដែរ ព្រោះ​ថា​នាយ​បាន​ហៅ​គ្រូ​រូប​នេះ​មក​ថត​កុន សម្ដែង​ជា​គ្រូ​ចាប់​ខ្មោច​ក្នុង រឿង «បន្តោង​ឆ្នាំង​ដី» ដែល​ដឹក​នាំ​ថត​ដោយ​នាយ​ពាក់​មី​ផ្ទាល់ ហើយ​រឿង​នេះ​នៅ​មិន​ទាន់​ថត​ចប់​នៅ​ឡើយ។​

យោង​ទំព័រ​ហ្វេស​ប៊ុក​នាយ​ពាក់​មី​បាន​សរសេរ​ខ្លឹមសារ​កាល​ពី​យប់​ថ្ងៃទី​២៩ ខែកញ្ញា​នេះ​ថា ឃើញ​ធ្វើ​គ្រូ​ល្បី​ពេញ​ហ្វេសប៊ុក ខំ​ហៅ​មកថត​កុន​រឿង​ចាប់​ខ្មោច ឥឡូវ​ចប់ ស្គាល់​មុខ​មិន​ស្គាល់​ចិត្ត​មែន កាល​ណា​ទើប​ផុត​ស៊យ​ទៅ​ខ្ញុំ?​

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​ជន​សង្ស័យ វ៉ាន់ សុខសីហា ហៅ ហោរា​អគ្គីនេត្រ តុលាការ​​ចាត់ការ​តាម​នីតិវិធី​នៃច្បាប់។​