រន្ធត់​ណាស់! រថយន្ត​ដឹក​ដែក​កិន​ពាក់​កណ្ដាល​ខ្លួន​ខ្ទិច​ឆ្អឹង​ស្លាប់​យ៉ាង​អាណោច​អាធម៌

ភ្នំពេញ៖ ហេតុ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាក់​ឆ្អឹង​ខ្ទិច​ពាក់​កណ្ដាល​ខ្លួន ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោច​អាធម៌ ខណៈ​ដែរ​បុរស​រងគ្រោះ​ជិះ​ម៉ូតូ​ទាក់ ចង្កូត​ជា​មួយ​រថយន្ត​បង្ក ហើយ​ដួល​ចូល​ក្រោម​កង់​រថយន្ត​ខាង​ក្រោយ បណ្ដាល​ឲ្យ​រថយន្ត​កិន​ទាំង​ជន​រងគ្រោះ​និង​ម៉ូតូ​ខ្ទិច ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​៧​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៨ កញ្ញា ២០​១៧ នៅ​តាម​បណ្តោយ​ផ្លូវ​៣៧១ ក្បែរ​រោង​ចក្រ​ស៊ីន​ឡាន​ហួរ ស្ថិត​ក្នុង​ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន​២ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ។

សព​បុរស​រង​គ្រោះ​ខាង​លើ​មាន​ឈ្មោះ ថេង ឡាយ ភេទប្រុស អាយុ៤៨ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្បូង​ឃ្មុំ ឃុំត្បូងឃ្មុំ ស្រុក​ត្បូង​ឃ្មុំ ខេត្ត​កំពង់​ចាម ដោយ​ជិះ​ម៉ាក Filano ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ1BZ-7552 ។ ចំណែក​រថយន្ត​បង្ករ​ម៉ាក FUSO ក្បាល​ពណ៌​ខ្លាច់​ក្តាម​ពាក់​ស្លាក​លេខ កំពង់​ស្ពឺ​3A-​13​20 ចំណែក​តៃ​កុង​មាន​ឈ្មោះ ជា គឹម រ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ឃុំ​អូ​រាំង ស្រុក​បារាយ៍ ខេត្ត​កំពង់​ធំ ទី​លំ​នៅ​បច្ចុប្បន្ន​(អ្នក​លឿង) និង​ព្រូ មាន​ឈ្មោះឈុំ មករា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ស្រុក កំណើ​ត​នៅ​ភូមិ​ត្នោត​ថ្មី ឃុំ​អូ​រាំង ស្រុក​បារាយ៍ ខេត្ត​កំពង់​ធំ ។

យោង​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ គេ​ឃើញ​រថយន្ត​បង្ក​និង​ម៉ូតូ​រង​គ្រោះ​បើក​បរ​តាម​បណ្ដោយ​ផ្លូវ​៣៧១ ស្រប​ទិស​គ្នា​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ ម៉ូតូ​ជន​រង​គ្រោះ​ខាង​លើ​បាន​ព្យាយាម​វ៉ា​រថយន្ត​បង្ក ដោយ​បាន​ពាក់​កណ្តាល រថយន្ត​ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​បើក មក​ពី​មុខ​ធ្វើ​អោយ​ម៉ូតូ ទាក់​ដៃ​ចង្កូត​ដួល​ចូល​ក្រោម​កង់​រថយន្ត​បង្ក​ខាង​ក្រោយ​ទើប​រថយន្ត​កិន​ក្បាល​ម៉ូតូ​ខ្ទិច និង​កិន​ជន​រងគ្រោះ​ចំ​ពាក់​កណ្ដាល​ខ្លួន បណ្ដាល​បាក់​ឆ្អឹង​ខ្ទិច​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​តែ​ម្តង ។ បន្ទាប់​ពី​កើត​ហេតុ​ភ្លាម​ៗ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​បាន​ប្រហែ​ល​៥០០​ម៉ែត្រ ក៏​ត្រូវ​ប្រជា​ពល​រដ្ឋ​នៅ​ក្បែរ​កន្លែ​ង​កើត​ហេតុ​ជួយ​ដេញ​តាម​ចាប់​បាន ទាំង​ព្រូ និង​តៃ​កុង​ប្រគល់​ឲ្យ​សមត្ថកិច្ច​យក​ទៅ​កាន់​ប៉ុស្តិ៍​បឹង​ទំពុន​ដើម្បី​សាក​សួរ​និង​ធ្វើ​កំណត់​ហេ​តុ ។

ក្រោយ​ពេល​កើត​ហេតុ រថយន្ត​បង្ក​និង​ម៉ូតូ​រង​គ្រោះ​ខាង​លើ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាច​រណ៍​ធ្វើ​ការ​វាស់​វែង រួម​ទាំង​បុរស​២​នាក់​ដែល​ជា​តៃ​កុង​រថយន្ត​និង​ព្រូ ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​រាជ​ធានី​ភ្នំពេញ រង​ចាំ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ។ ចំណែក​សព​បុរស​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​យក​តម្កល់​ទុក​នៅ​វត្ត​ទឹក​ថ្លា ដើម្បី​ស្រាវ​ជ្រាវ​រក សាច់​ញាតិ មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕