សព​ទុរគត​ជន ដែល​គ្មាន​មធ្យោបាយ​ដឹក​សព​យក​ទៅ​បូជា ត្រូវ​បាន​សប្បុរស​ជន​ឧបត្ថម្ភ

រាជធានី​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថាបនិក​គេហទំព័រ​និង​ហ្វេសប៊ុក ដំណឹងយប់មិញ បាន​នាំ​យក​ថវិកា​ចូល​បុណ្យ​សព​ទុរគត​ជន​ម្នាក់​ដែល​គ្មាន​ថវិកា​សម្រាប់​ជួល​រថយន្ត ដឹក​សព​ទៅ​បូជា​នៅ​ឈាបនដ្ឋាន។

ដោយ​សង្កេត​ឃើញ​ទុរគត​ជន​ម្នាក់​ដែល​ជា​ស្ត្រី​ចាស់​ជរា បាន​ទទួល​មរណភាព​កាល​ពី​យប់​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​ក្រុម​គ្រួសារ​គ្មាន​ថវិកា​សម្រាប់​ជួល​មធ្យោបាយ​ដឹក​សព​ទៅ​បូជា ទើប​លោក សុង ប្រុស និង លោក ម៉ម វ៉ាន បាន​យក​ថវិកា​ទៅ​ចូលបុណ្យ​សព សម្រាប់​ចាត់ចែង​ជួល​រថយន្ត​ដឹក​សព​យក​ទៅ​បូជា នៅ​ឈាបនដ្ឋាន​វត្ត​សំបួរ​មាស។ ជាមួយ​គ្នា​នោះ​ដែរ គ្រួសារ​សព​បាន​ជូន​ពរ​សប្បុរស​ជន​ឲ្យ ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង និង​ជួប​ប្រទះ​នូវ​ពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀងឃ្លាត​ឡើយ។

ក្នុង​នោះ​ដែរ សប្បុរស​ជន​ទាំង​ពីរ​រូប​ខាង​លើ​ក៏​បាន​ដុត​ធូប​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​សូម​ឲ្យ​បាន​ទៅ​កើត​នៅ​សុគតិភព កុំ​បី​អាក់​ខាន​ឡើយ និង​សូម​ជូន​បុណ្យ​ដល់​បងប្អូន​ប្រិយមិត្ត​ទាំង​អស់​សូម​ឲ្យ​ជួប​តែ​សេចក្ដី​សុខ​ចម្រើន រក​ទទួល​ទាន​មាន​បាន គ្រប់​ក្រុម​គ្រួសារ។