ជន​ជាតិ​កូរ៉េ​ម្នាក់​បើក​រថយន្ដ​មក​រក​ស្រី​ស្នេហា ខឹង​រក​មិន​ឃើញ​បើក​បុក​ផ្ទះ​គេ​ខ្ទេច​ទ្វារ

ភ្នំពេញ: បុរស​ជន​ជាតិ​កូរ៉េ​ម្នាក់​បើក​រថយន្ដ​មក​រក​ស្រី​ស្នេហា បាន​ចូល​ផ្ទះ​គេ​ខុស​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​នាំ​ដេញ​ក្រៅ​វិញ​ស្រាប់​តែ​បើក​បុក​ផ្ទះ​គេ​​​បណ្ដាល​​ឲ្យខ្ទេចទ្វា ។​ហេតុ​ការណ៍​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង ៩និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨​ខែ​កញ្ញា​ឆ្នាំ​២០១៧ នៅ​ខាង​លិច​ផ្សារ​សឡា ភូមិ​ទ្រា​១​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ជា​ជន​ជាតិ​កូរ៉េ​នោះ​មិន​បាន​ស្គាល់​អត្ដ​សញ្ញាណ​ឡើយ អាយុ​ប្រហែល​៣៥​ឆ្នាំ ។

បើ​តាម​សម្ដី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ជន​ជាតិ​កូរ៉េ​នោះ​បាន​បើក​រថយន្ដ​មួយ​គ្រឿង​ម៉ាក Sonata ពណ៌ស្ករ ដែល​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2AJ-9643 ដែល​បើក​តែ​ម្នាក់​ឯង​ចូល​តាម​ផ្លូវ​សូនី លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ជន​ជាតិ​កូរ៉េ​បាន​ចុះ​ពី​លើ​រថយន្ដ​រួច​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ជិត​ទី​តាំង​កើត​ហេតុ​ក៏​ត្រូវ​ម្ចាស់​ផ្ទះ​ដេញ​ចេញ​ពី​ផ្ទះ​វិញ ស្រាប់​តែ​ភ្លាម​ៗ​នោះ​ជន​ជាតិ​កូរ៉េ​បាន​ឡើង​បើក​រថយន្ដ​វិញ ក៏​ទៅ​បុក​ទម្លាស់​​ផ្ទះ​កើត​ហេតុ​ទាំង​កំរោល​តែ​ម្ដង បណ្ដាល​ឲ្យ​ដាច់​សោរ​ដែល​ម្ចាស់​ចាក់​នៅ​ខាង​ក្នុង​និង​រង​ការ​ខូច​ខាត​ទ្វា​ទាំង​ស្រុង ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​ទៅ​ដល់​ទី​តាំង​កើត​ហេតុ​និង​ឃាត់​អ្នក​បើក​រថយន្ដ​រួច​ទាក់​ទង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ដើម្បី​ដោះ​ស្រាយ​គ្នា​ពេល​ក្រោយ ៕