គួរ​ឲ្យ​អាសូរ​មែន ! ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​ខំ​ជិះ​ម៉ូតូ​ទៅ​ទិញ​អ៊ីវ៉ាន់​ឲ្យ​កូន​លក់​ត្រូវ​រថយន្ដ​បុក​ស្លាប់

ភ្នំពេញ: ស្ដ្រីវ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​រថយន្ដ​មិន​ចាំ​ម៉ាក​បុក​ពី​ក្រោយ​អូស​ប្រហែល​១០​ម៉ែត្រ​បណ្ដាល​ឲ្យ​ស្លាប់​មួយ​រំពេច​នៅ​កន្លែង​កើត​ហេតុ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៧​ខែ​កញ្ញា​ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ផ្លូវ​បេតុង​ផ្លូវ​ព្រៃស ភូមិប្រាកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ស្ដ្រី​វ័យ​ចំណាស់​មាន​ឈ្មោះ លាក់ សំអូន ភេទ​ស្រី​អាយុ​៤២​ឆ្នាំ​ស្នាក់​នៅ​ភូមិប្រា​កា​សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្ការ រាជធានីភ្នំពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កូន​ស្រី​របស់​ស្ដ្រី​វ័យ​ចំណាស់​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​៦​ម្ដាយ​របស់​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​ឆាលី​តែ​ម្នាក់​ឯង ទៅ​ផ្សារ​ចំការ​ដូង លុះ​ដល់​ពេល​ត្រលប់​មក​វិញ​ក៏​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ស្លាប់​មួយ​រំពេច ។
បើ​តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ឆាលី តែ​ម្នាក​ឯង​តាម​បណ្ដោយ​ផ្លូវ​បេតុង​ព្រៃ​ស ទិស​ដៅ​ពី​លិច​ទៅ​កើត លុះ​មក​ដល់​ផ្លូវ​បត់​ទៅ​វត្ដ​ឬស្សី​សាញ់​ក៏​ត្រូវ​រថយន្ដ​ដែល​បើក​ម​ក​ពី​ក្រោយ​បុក​និង​អូស​ប្រហែល​១០​ម៉ែត្រ​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង ដោយ​ឡែក​រថយន្ដ​បង្ក​នោះ​ត្រូវ​បាន​បន្ថែម​ល្បឿន​បើក​រត់​គេច​ខ្លួន​បាត់​ស្រមោ​ល ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​មក​ដល់​ទី​តាំង​កើត​ហេតុ​និង​ទំនាក់​ទំនង​ទៅ​ក្រុម​គ្រួសារ ដើម្បី​មក​ទទួល​យក​សព​ម្ដាយ​ត្រលប់​ទៅ​ផ្ទះធ្វើ​បុណ្យ​តាម​ប្រពៃណី ។ រីឯ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​ឲ្យ​ដល់​ផ្ទះ​ ចំណែក​រថយន្ដ​​សមត្ថកិច្ច​កំពុង​សាវជ្រាវ​ចាប់​ ៕