ឈ្មោះ​ដើម​នៃ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ គឺ ឧទ្យាន​ជាតិ ព្រះមុនីវង្សបូកគោ

ឧទ្យាន​ជាតិ​មុនី​វង្ស​បូកគោ ឬ​ហៅ​ថា ឧទ្យាន​ជាតិ ព្រះ​មុនី​វង្ស​បូកគោ ឋិត​នៅ​ភាគ​ខាង​លិច​នៃ​ទី​រួម​ខេត្ត​កំពត ចម្ងាយ​ប្រមាណ​៤២​គីឡូម៉ែត្រ។ តាម​ដង​ផ្លូវ​ឆ្ពោះ​ទៅ​កំពូល​ភ្នំ មាន​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល ឲ្យ​លោក​អ្នក​គយគន់​ពី​ក្នុង​រថយន្ត សឹងតែ​មិន​ចង់​ឲ្យ​រំលង​ផុត។ នេះ​ហើយ​ជា​កេរ​ដំណែល​បុព្វបុរស​ខ្មែរ ដែល​បន្សល់​ទុក​ឲ្យ​យើង​ទាំងអស់​គ្នា​ជា​បច្ឆាជន បន្ត​ថែរក្សា និង​អភិវឌ្ឍ​បន្ត។

នៅ​លើ​កំពូលភ្នំ​នៅ​មា​នទី​វត្ត​អារាម ដែល​មានឈ្មោះ​ថា វត្ត​សំពៅ​ប្រាំ យក​តាម​លំនាំ​រូប​ផ្ទាំង​ថ្ម​នៅ​ទីនោះ មាន​រាង​ដូច​សំពៅ​ចំនួន​ប្រាំ។ ក្រៅពី​នោះ មាន​កាស៊ីណូ មួយ​កសាង​ឡើង​ក្នុង​ជំនាន់​អាណានិគម​បារាំង សម្រាប់​ពួក​គេ មក​កំសាន្ត​លេង​នៅ​គ្រប់​រដូវ។

ទឹក​ជ្រោះ បូកគោ​នៅ​ទីនោះ​គេ​ក៏​អាច​គយគន់​នូវ​ទស្សនីយភាព​ធម្មជាតិ ដែល​ស្ទើរតែ​មិន​អាច​ដកចិត្ត​បាន​នោះ​គឺ ជ្រលង​ជ្រោះ​សែន​ជ្រៅ ប្រកបដោយ​ព្រៃឈើ​ខៀវស្រងាត់ ​មាន​ពពក​បាំង​តិច​ៗ​ផង។

គេ​ក៏​អាច​គយគន់​ទិដ្ឋភាព​ ទីរួមខេត្ត​កំពត ពីលើ​កំពូលភ្នំ​កំពស់​១,០៧៥ ម៉ែត្រ​នេះ​ផង​ដែរ។ ក្រៅពី​ការ​ទស្សនា​សំណង់​អគារ​ប្រវត្តិសាស្ត្រ​រួច​ហើយ អ្នកទេសចរ​ ក៏​អាច​ទៅ​កម្សាន្ត​នឹង​ធម្មជាតិ​វិញ​ម្ដង​ គឺ​ទឹក​ជ្រោះ​ដ៏​សែន​ត្រជាក់​៣​ថ្នាក់ និង​តំបន់​ពពក​វិល ដែល​មាន​អាកាសធាតុ​ត្រជាក់​ខួប​ប្រាំង ខួប​វស្សា មាន​ពពក​ផាត់​ទៅ​ ផាត់​មក​គួរ​ជាទី​ចាប់អារម្មណ៍៕