ស្លាប់២​របួស​​ម្នាក់ ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​ពី​ក្រោយ​រថយន្ត

កណ្តាល៖ មនុស្ស​២​នាក់​បាន​ស្លាប់​នៅ​កន្លែង ចំណែក​ម្នាក់​ទៀត​រង​របួស​ស្រាល បន្ទាប់​ពី​ជិះ​ម៉ូតូ​ឌុប​គ្នា​ល្បឿន​លឿន​ជ្រុល​ទៅ​​បុក​​ពី​​ក្រោយ​​រថ​យន្ត​​មិន​​ចាំ​​ម៉ាក កាល​ពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​​២០១៧ ស្ថិត​នៅ​លើ​កំណាត់​​ផ្លូវ​​ជាតិ​​លេខ​​១ ចន្លោះ​​គី​ឡូ​ម៉ែត្រ​​លេខ​២៦​-២៦ ភូមិ​ស្តៅ​កន្លែង​២ ឃុំ​ដី​ឥដ្ឋ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ។

ម៉ូតូ​ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៦ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FU -4200 ជិះ​គ្នា​៣​នាក់ បើក​បរ​​ដោយ​​ឈ្មោះ យ៉ុង យ៉េត ភេទប្រុស អាយុ​៤០​ឆ្នាំ មាន​ទី​លំ​នៅ ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយ​ដែក ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល (ស្លាប់) រួម​ដំណើរ​ជា​មួយ ឈ្មោះរស់ លន់ ភេទ​ប្រុស អាយុ ៣៣ឆ្នាំ (ស្លាប់) និង​ឈ្មោះ​ឈៀក ម៉ារ៉ាឌី ភេទប្រុសអាយុ២០ឆ្នាំ (របួស​ស្រាល) មាន​ទី​លំ​នៅ​ភូមិ​កណ្តាល​លើ​ជា​មួយ​គ្នា ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ឌុប​គ្នា​ល្បឿន​លឿន​ពី​កើត​ទៅ​លិច​ លុះ​ដល់​ចំណុច​កើត​ហេតុ​ជ្រុល​ទៅ​បុក​ពី​ក្រោយ​រថយន្ត មិន​ស្គាល់​ម៉ាក បើក​មាន​ទៅ​ដៅ​ស្រប​គ្នា​បណ្តាល​ឲ្យ​ដួល​ម៉ូតូ របួស​ស្រាល​១​នាក់ ឈ្មោះឈៀក ម៉ារ៉ាឌី បញ្ជូន​ទៅ​ព្យាល​បាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​កៀន​ស្រាយ ស្លាប់​​២​នាក់ ឈ្មោះយ៉ុង យ៉េត និងឈ្មោះរស់ លន់ នៅ​កន្លែង​កើត​ហេតុ រថយន្ត​បាន​បើក​រត់​គេច​ទៅ​បាត់ ។

ក្រោយ​កើត​ហេតុ សព​ទាំង​២​នាក់​បាន​ប្រគល់​ទៅ​អោយ​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ចំណែក ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន នគរ​បាល​ស្រុក​កៀន​ស្វាយ៕