ជួយ Share រក​សាច់​ញាតិ​ផង គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​៣​នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ

ខេត្ត​កំពង់​ស្ពឺ៖ មនុស្ស​៣​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ព្រូស​និង​ម៉ូតូ បាន​បុក​គ្នា​ពេញ​ទំហឹង ដែល​ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា នា​ល្ងាច​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៧​នេះ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ភូមិ​១ ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់​ស្ពឺ។

យោង​សេចក្ដី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​ព្រូស​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-6082 បើក​បរ​ដោយ​បុរស​ម្នាក់​និង​ប្រពន្ធ​រួម​ដំណើរ​ជាមួយ ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​រាជ​ធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហនុ លុះ​ដល់​ចំណុច​កើតហេតុ​បាន​បុក​ម៉ូតូ​១​គ្រឿង ពាក់​ស្លាក​លេខ កំពង់​ស្ពឺ 1H-5165 ដែល​ជិះ​បញ្ច្រាស​ទិស​គ្នា បណ្ដាលឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​៣​នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង។

ជន​រងគ្រោះ​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ ព្រោះ​សមត្ថកិច្ច​កំពុង​ធ្វើ​កំណត់​ហេតុ។ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​ធ្វើការ​វាស់វែង និង​យក​វត្ថុតាង​ទាំង​២​ទៅ​រក្សា​ទុក​ដោះស្រាយ​តាម​ច្បាប់៕